ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​យល់​ព្រម​បន្ត​រុករក​បង្គោល​និង​បោះ​កំណត់​ព្រំដែន


លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីនណាវ៉ាត់
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីនណាវ៉ាត់

ប្រទេស​កម្ពុជា​និង​ថៃ​បាន​បញ្ចប់​កិច្ចចរចា​ព្រំដែន​រយៈ​ពេល​ពីរថ្ងៃ​នៅ​ថ្ងៃអង្គារ​នេះ​ដោយ​បញ្ជាក់​ពី​ភាពជោគជ័យ​ក្នុង​ការចាប់ផ្តើម​បន្ត​រុករក​និង​បោះបង្គោល​ព្រំដែន ជាមួយគ្នា​ នៅថ្ងៃទី​៥​ខែមិនា​ ក្រោយពី​ខកខាន​មួយរយៈពេល​ដោយសារ​ជម្លោះ ព្រំដែន។​ នេះ​បើ​តាមការ​ អះអាង​របស់​លោក​ទេស​រដ្ឋមន្ត្រី​វ៉ា គឹមហុង​ ប្រធាន គណៈកម្មការ​ព្រំដែន​កម្ពុជា​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ ទៅ​ចរចា​ក្នុង​ប្រទេស ថៃ​ហើយ​បានថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ក្រោយពេល​បញ្ចប់​កិច្ច​ចរចា។

«អ្វី​ដែល​មាន​ជា​ឧបសគ្គ​ពីមុនៗ​មក​លែងមាន​ទៀត​ហើយ»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​ថៃ​ដែល​រារាំង ក្រុមអ្នក​បច្ចេកទេស​ក្នុង​ការបន្ត​ចរចា​រឿង​ព្រំដែន​នោះ​លែង​ជា​បញ្ហា​ហើយ។

លោក ​វ៉ា គឹមហុង​បាន​អះអាង​ថា​ក្រុមបច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ​ បាន​ព្រម ព្រៀង​គ្នា​ជាច្រើន​ចំណុច​ដូចជា​ត្រូវ​នឹង​ចុះវាស់វែង​រុករក​បង្គោល​ព្រំដែន​ជាមួយ​ គ្នា​ពី​បង្គោល​លេខ ១​ ដល់ ​២៣​ក្នុង​តំបន់​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ​ បន្ត​ បោះបង្គោល​ជាមួយគ្នា​ ហើយ​នឹង​ចុះ​សិក្សា​រួមគ្នា​ពី​ការបើកច្រកទ្វារ​អចិន្ត្រៃយ៍ នៅ​តំបន់​ស្ទឹងបទ​ខេត្ត​បន្ទាយមានជ័យ​និង​ការ​ថតរូបផែនទី​ពី​លើ​អាកាស ​ផង​ដែរ។

ប្រទេស​កម្ពុជា​និង​ថៃ​ខកខាន​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាច្រើន​ឆ្នាំ​ហើយ តាំងពី​កម្ពុជា​និង​ថៃ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​ដែល​ឈាន​ដល់​ការផ្ទុះ​អាវុធ ផ្តាច់ផ្តិល​ជីវិត​មនុស្ស​ ក្រោយពេល​ដែល​កម្ពុជា​បានដាក់​បា្រសាទ​ព្រះវិហារ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​ខែ​កក្កដា​ឆ្នាំ២០០៨។ ក្រុមបច្ចេកទេស​កម្ពុជា​និង​ថៃ​ពុំបាន​ជជែក​គ្នា​ពី​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ ​ព្រះវិហារ​ទេ​ដោយ​ចាត់​ទុក​ថា​នោះ​គឺ​ជា​យុត្តាធិការ​របស់​តុលាការ​អន្តរជាតិ។

ទោះជា​យ៉ាងណា​ក៏ដោយ​នៅក្នុង​កិច្ចចរចា​គ្នា​ជាមួយលោក ​Bundit Sotiplarit ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​ថៃ​ លោក​ វ៉ា គឹមហុង​បាន​បន្ថែម​ថា​ភាគី​ថៃ​បាន​ចាត់ទុក​ថា​ត្រូវ​ដាក់បញ្ហា​នយោបាយ​ឲ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​បញ្ហា​បច្ចេកទេស​ហើយ​ខិតខំ​ទប់ស្កាត់​ទំនាស់​ប្រដាប់​អាវុធ​តាម​ព្រំដែន​ដូច​ដែល​មានចែង​ក្នុង​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ ​និង​កំណត់ហេតុ​ចរចា​ផ្សេងៗ​ទៀត។

«ក្នុងនោះ​យើង​និយាយ​ច្បាស់​ណាស់​ថា​រាល់​បាតុភាព​ទាំងឡាយ​តាម​បណ្តោយ ព្រំដែន​យើង​ត្រូវ​ដោះស្រាយ​រវាង​ភាគី​ទាំងពីរ​តាម​ការចរចា​ដោយ​សន្តិវិធី។ ហើយ​ត្រូវ​ជៀសវាង​ការប្រើ​កម្លាំង​ដើម្បី​នឹង​ដោះស្រាយ​ដែល​កើត​មាន​ ដែល អាចកើត​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន។​ ដូច្នេះ​គាត់​មាន​ឆន្ទៈ​ដោះស្រាយ ទៅ​តាម​ហ្នឹង»។

កម្ពុជា​និង​ថៃ​បាន​រកឃើញ​បង្គោល​តែ៤៨​ទេ​ក្នុង​ចំណោម​បង្គោល​ទាំង​៧៣។ ការបន្ត​ជជែកគ្នា​លើ​ទីតាំង​បង្គោល​ដែល​រក​ឃើញ​ថ្មីៗ​ឬ​បាន​រកឃើញ​នៅ​ក្នុង តំបន់​ប្រទាញ​ប្រទង់​គ្នា​មួយ​ចំនួន​និង​ការប្រើប្រាស់​ផែនទី​កំណត់​ភូមិសាស្ត្រ​ស្ថិត នៅ​ជា​បញ្ហា​ក្តៅ​និង​បញ្ហា​ពិបាក​ដោះស្រាយ​នៃ​ក្រុម​បច្ចេកទេស​នៃ​ប្រទេស​ទាំង​ពីរ។

អ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា​ខ្លះ​បាន​និយាយ​ថា​បញ្ហា​ព្រំដែន​អាច​ដោះស្រាយ​បណ្តើរៗ​បាន​តែ​ក្នុង​ពេល​ដែល​គណបក្ស​Pheu Thai ​របស់​រាជ​រដ្ឋាភិបាល​អ្នកស្រី ​Yingluck Shinawatra​ បច្ចុប្បន្ន​ស្ថិតនៅក្នុង​អំណាចតែ​ប៉ុណ្ណោះ៕

XS
SM
MD
LG