ក្រុមអ្នកវិភាគនៅតែរំពឹងថាសមាគមអាស៊ាននៅតែអាចរកដំណោះស្រាយជម្លោះប្រដាប់អាវុធកម្ពុជានិងថៃ ទោះបីជាខកខានជាបណ្តោះអាសន្នក្នុងការធ្វើឲ្យមានបទឈប់បាញ់គ្នាក៏ដោយ។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃ៥ថ្ងៃជាប់ៗគ្នា ការពារបូរណភាពដែនដី ត្រូវគេមើលឃើញថាគឺជាការខកខានរបស់អាស៊ានជាបណ្តោះអាសន្នក្នុងការធ្វើឲ្យមានសន្តិភាពក្នុងតំបន់ក៏ពិតមែន ក៏ប៉ុន្តែក្រុមអ្នកវិភាគថៃនិងកម្ពុជាអះអាងថាតួនាទីអាស៊ានអាចនៅតែមានឥទ្ធិពលនៅឡើយ។
កម្ពុជានិងថៃបានព្រមព្រៀងគ្នានៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសមាគមអាស៊ានដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នាកាលពីខែកុម្ភៈ ហើយប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងបន្តដោះស្រាយតាមយន្តការអាស៊ាន លើបញ្ហាជម្លោះព្រំដែនដែលជាបញ្ហាមួយត្រូវគេគិតថាមានភាពងាយស្រួលក្នុងការកេងចំណេញផ្នែកនយោបាយក្នុងប្រទេសទាំងពីរផងដែរ។ ក៏ប៉ុន្តែកងទ័ពកម្ពុជានិងថៃតាមព្រំដែនបានវាយប្រយុទ្ធគ្នា៥ថ្ងៃជាថ្មីទៀត ចាប់ពីថ្ងៃ២២មេសាមក ដោយមិនអើពើនឹងការទទូចរបស់សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ អាស៊ាន និងសហគមន៍អន្តរជាតិដែលអំពាវនាវឲ្យបញ្ឈប់ការបាញ់គ្នាជាបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ធិទីណាន ភុងសុធិរ៉ាក់ (Thitinan Pongsudhirak) សាស្ត្រាចារ្យគោចរនៃការសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ ចនស៍ ហប់ឃីនស៍ (Johns Hopkins) របស់សហរដ្ឋអាមេរិក បានអះអាងពីសារៈសំខាន់នៃអន្តរាគមន៍របស់សមាគមអាស៊ានដែលប្រទេសឥណ្ឌូនេស៊ីជាប្រធាន។ លោកថ្លែងថា៖
«វីធីតែមួយក្នុងការធ្វើឲ្យមានសន្តិភាព និងនាំឲ្យមានស្ថានការណ៍នឹងនរតាមតំបន់ព្រំប្រទល់ដែននោះគឺត្រូវពឹងផ្អែកលើទម្រង់នយោបាយ ការសម្របសម្រួលក្នុងរបៀបណាមួយដោយឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ាន។ ថៃត្រូវគិតឲ្យបានហ្មត់ចត់អំពីគោលនយោបាយការបរទេសរបស់ខ្លួន។ នៅពេលជាមួយគ្នានេះដែរ ការរករឿងទៅវិញទៅមក ហើយនឹងកំណើនកាន់តែខ្ពស់ឡើងនៃការតទល់គ្នា ត្រូវបានបង្កឡើងដោយកម្ពុជាផងដែរ។ យើងមិនដឹងច្បាស់ថាតើអ្នកណាចាប់ផ្តើមមុនទេ តែភាគីទាំងពីរត្រូវតែដកថយ ហើយអំពាវនាវសុំឲ្យមានបទឈប់បាញ់គ្នាជាបណ្តោះអាសន្នមួយដើម្បីបង្កើតទម្រង់សម្របសម្រួលមួយ យន្តការសម្របសម្រួលមួយ ដើម្បីផ្តល់ឲ្យមានដំណោះស្រាយនយោបាយរយៈពេលវែងចំពោះជម្លោះនេះ»។
លោក ភុងសុធិរ៉ាក់ បានព្រមានថា មុខមាត់របស់អាស៊ានអាចត្រូវបានប៉ះពាល់ប្រសិនបើតួនាទីរបស់ឥណ្ឌូនេស៊ីជាប្រធានអាស៊ានមិនត្រូវបានផ្តល់ក្នុងការសម្របសម្រួលបញ្ហាជម្លោះរវាងកម្ពុជានិងថៃ។ លោកបានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា៖
«ប្រសិនបើដូច្នោះ រឿងនេះអាចក្លាយជារឿងអាក្រក់សម្រាប់ថៃ និងអាស៊ាន។ បញ្ហានេះជារឿងប្រឈមមុខដ៏ធំរួចហើយ មិនមែនសម្រាប់តែប្រទេសទាំងពីរទេ ក៏ប៉ុន្តែសម្រាប់ឥណ្ឌូនេស៊ីជាប្រធានអាស៊ាន និងសម្រាប់អាស៊ានជាអង្គការក្នុងតំបន់ផងដែរ។ រឿងនេះធ្វើឲ្យអាស៊ានគ្មានប្រសិទ្ធិភាព»។
លោក ភុងសុធិរ៉ាក់ បានជំរុញឲ្យកម្ពុជា និងថៃថ្លឹងថ្លែងដំណោះស្រាយ អាស៊ាន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់បន្ថែមថា៖
«ភាគីទាំងពីរត្រូវតែគិតគូរឲ្យបានច្បាស់អំពីកំណើននៃជម្លោះនេះយ៉ាងម៉េច។ គេ មិនចង់ឲ្យរឿងនេះកើនឡើងដោយមិនអាចគ្រប់គ្រងបាន ហើយទីបំផុត ធ្វើឲ្យ ខូចមុខមាត់អង្គការក្នុងតំបន់ ហើយទាត់ចោលសមាជិកទាំងអស់នៃសមាគម អាស៊ាននោះទេ។ ប្រសិនបើរឿងនេះចូលទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វានឹងមានភាពស្មុគស្មាញកាន់តែខ្លាំងឡើង ហើយថៃអាចស្ថិតនៅក្នុងជំហរដែលមានគុណវិបត្តិច្រើន»។
ឥណ្ឌូនេស៊ីបានព្យាយាមសុំឲ្យថៃនិងកម្ពុជាត្រៀមខ្លួនទទួលអ្នកសង្កេតការណ៍របស់ខ្លួន១៥នាក់ម្ខាង តែប្រទេសថៃពុំបានទទួលយកបែបបទការងារនោះទេ ដោយដាក់លក្ខខណ្ឌឲ្យកម្ពុជាដកទ័ពថយ ចេញពីតំបន់ប្រទាញប្រទង់មួយក្បែរប្រាសាទព្រះវិហារ។
ភាគី ទាំងពីរមិនចុះសម្រុងគ្នារឿងផែនទី ដែលគេប្រើប្រាស់ដើម្បីដណ្តើមកាន់កាប់ទឹកដីប្រទាញប្រទង់នោះ។ កម្ពុជាដែលប្រើប្រាស់ផែនទីបារាំងសៀម ដែលត្រូវបានអះអាងថា ត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ បានយល់ព្រមទទួលយកលក្ខខណ្ឌរបស់អាស៊ាន ដែលដាក់អ្នកសង្កេតការណ៍ដើម្បីធានាបទឈប់បាញ់គ្នានេះ។ ថៃដែលត្រូវបានដឹងថា ប្រើប្រាស់ផែនទីរបស់ខ្លួនជាឯកតោភាគីបានបដិសេធទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់ សហប្រតិបត្តិការនិងសន្តិភាពនៅកម្ពុជាអះអាងថា សម្ពាធពីអន្តរជាតិតាមរយៈកិច្ចប្រជុំអាស៊ាននានាប៉ុន្មានសប្តាហ៍ខាងមុខអាចនឹងរំពឹងឲ្យថៃទទួលយកអ្នកសង្កេតការណ៍អន្តរជាតិដើម្បីបញ្ឈប់កិច្ចឈប់បាញ់គ្នា។ លោក វណ្ណារិទ្ធ ថ្លែងថា៖
«អ្វីដែលខ្ញុំគិតថាជាដំណោះស្រាយនយោបាយមួយបន្ទាន់ចំពោះបញ្ហាព្រំដែនហ្នឹង គឺត្រូវតែមានអ្នកសង្កេតការណ៍អន្តរជាតិ។ ក្នុងន័យនេះគឺអ្នកសង្កេតការណ៍ប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានរបស់អាស៊ាន ដើម្បីចូលត្រួតពិនិត្យមើលនិងឃ្លាំមើលបទឈប់បាញ់រវាងប្រទេសទាំងពីរនៅតាមព្រំដែនហ្នឹងតែម្តង»។
លោកថ្លែងថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិដែលកម្ពុជាគួរស្នើឡើងចំពោះអាស៊ានគឺកិច្ចប្រជុំក្រៅផ្លូវការបន្ទាន់មួយ ដែលនេះក៏ជាដំណោះស្រាយមួយដែរ ដោយសារតែយោធាថៃមានអំណាចខ្លាំងក្នុងនយោបាយផ្ទៃក្នុងថៃ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី ដែលចូលនិវត្តន៍និងជាអ្នកវិភាគឯករាជ្យបានថ្លែងថា រដ្ឋាភិបាលកម្ពុជាដែលមានមូលដ្ឋានរឹងមាំផ្លូវច្បាប់ក្នុងការធ្វើឲ្យមានអន្តរាគមន៍ចំពោះការឈប់បាញ់គ្នាជាបន្ទាន់នោះ ត្រូវតែសកម្មជាងមុន ហើយមិនគួរឲ្យមានការអូសបន្លាយទេ។
«អាស៊ានជួបប្រទះនឹងបរាជ័យបណ្តោះអាសន្ន ម្ល៉ោះហើយគឺឡប្ប៊ី (Lobby) ទាមទារឲ្យអាស៊ាន ប្រទេសឥណ្ឌូនេស៊ីធ្វើសកម្មភាពបន្ថែមទៀត។ បើមិនដូច្នេះទេ យើងអាចទុកថា ដំណោះស្រាយក្នុងតំបន់តាមរយៈស្ថាប័នតំបន់ហ្នឹងគឺបរាជ័យ ហើយត្រូវលើករឿងហ្នឹងទៅក្រុមប្រឹក្សាសន្តិសុខវិញ»។
កម្ពុជាបាននាំយកបញ្ហាជម្លោះព្រំដែនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែកុម្ភៈ ក្រោយពីមានការចោទប្រកាន់គ្នាទៅវិញទៅមករឿងរំលោភបំពានព្រំដែន។ ក្រុមប្រឹក្សាសន្តិសុខបានស្នើឲ្យមានការដោះស្រាយ តាមយន្តការអាស៊ាន។ ប្រទេសទាំងពីរមានបញ្ហាព្រំដែនជាមួយគ្នាតាំងពីឆ្នាំ២០០៨ ក្រោយពេលកម្ពុជាបានដាក់ប្រាសាទព្រះវិហាររបស់ខ្លួនចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលថៃធ្លាប់ជំទាស់ តែត្រូវបរាជ័យ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានទាំង១០ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ថៃ ភូមា ឡាវ វៀតណាម ហ្វ៊ីលីពីន សិង្ហបូរី ប្រ៊ុយណេ និង ម៉ាឡេស៊ី៕