ប្រាសាទព្រំដែនជាប្រភពនៃប្រវត្តិសាស្ត្រនិងការទទួលស្គាល់រួមគ្នារវាងខ្មែរនិងថៃ
នៅថ្ងៃទី១១ខែវិច្ឆិកាខាងមុខ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនឹងប្រកាសសេចក្តីសម្រេចអំពីដែនដីជម្លោះរវាងកម្ពុជានិងថៃនៅជុំវិញប្រាសាទព្រះវិហារ។ បើទោះបីប្រាសាទព្រះវិហារបានក្លាយជាចំណុចស្នូលនៃជម្លោះដែនដីប្រទេសទាំងពីរក្តី ក៏ប្រាសាទបុរាណជាប់ព្រំដែនមួយទៀត គឺប្រាសាទស្តុកកក់ធំ ជាតំណាងមួយនៃសម័យវប្បធម៌រុងរឿងរបស់អាណាចក្រខ្មែរដែលប្រទេសទាំងពីរ គួរសិក្សាពីគ្នាទៅវិញទៅមក។ លោក John Burgess អតីតអ្នកយកព័ត៌មានឲ្យសារព័ត៌មាន Washington Post បានសរសេរសៀវភៅមួយអំពីប្រាសាទស្តុកកក់ធំនេះ ក្រោមចំណងជើង«រឿងរ៉ាវចារក្នុងថ្ម៖ សិលាចារឹកស្តុកកក់ធំនិងអាថ៌កំបាំងនៃប្រវត្តិសាស្ត្រខ្មែរ»។ លោក Burgess ថ្លែងប្រាប់លោក សឹង សុផាត នៃវីអូអេនៅក្នុងបទសម្ភាសន៍នេះថា ថ្វីបើប្រាសាទបុរាណនៅតាមព្រំដែនកម្ពុជា-ថៃបានបណ្តាលឲ្យមានជម្លោះដែនដីក្នុងពេលកន្លងមកក្តី ក៏ប្រាសាទបុរាណខ្មែរទាំងនេះអាចជាប្រភពនៃការកសាងទស្សនៈអំពីប្រវត្តិសាស្ត្ររួមគ្នានិងការទទួលស្គាល់គ្នាទៅវិញទៅមករវាងថៃនិងកម្ពុជា៕