ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ទ័ព​កម្ពុជា​និង​ថៃ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​ទៀត


ទាហាន​ខ្មែរ​​លី​​​អាវុធ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៦​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ សាក្សី​បាន​ឲ្យ​ដឹង​ថា​ទាហាន​ខ្មែរ​និង​ថៃ​​បាន​​ផ្ទុះ​អាវុធ​ដាក់​គ្នា​កាល​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ​​នៅ​តំបន់​ព្រំដែន​មាន​វ
ទាហាន​ខ្មែរ​​លី​​​អាវុធ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៦​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ សាក្សី​បាន​ឲ្យ​ដឹង​ថា​ទាហាន​ខ្មែរ​និង​ថៃ​​បាន​​ផ្ទុះ​អាវុធ​ដាក់​គ្នា​កាល​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ​​នៅ​តំបន់​ព្រំដែន​មាន​វ

ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​រវាង​កងទ័ព​ថៃ​និង​កម្ពុជា​បាន​ផ្ទុះ​ជា​ថ្មី​នា​ថ្ងៃ​អាទិត្យ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ដែល​បាន​សាងសង់​តាំង​ពី​សតវត្សរ៍​ទី​១១​ ដែល​ជា​ការ​បញ្ចប់​នូវ​ការ​យល់ព្រម​ឈប់​បាញ់គ្នា​ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​កាល​ពី​ថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​កន្លង​មក​នេះ​និង​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​៥​នាក់​ដែរ។

ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​អះអាង​ថា​មាន​ការ​វាយប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ភ្នំទ្រព្យ​ដែល​ជា​តំបន់​មួយ​នៅ​ចម្ងាយប្រហែលបី​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​ដែលនៅ​ជាប់​ព្រំដែន។ ប្រាសាទ​ព្រះវិហារ​ជា​ទីតាំង​ដែល​បាន​ចុះ​បញ្ជី​ជា​បេតិកភ័ណ្ឌ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ហើយ​តុលាការ​អន្តរជាតិ​សម្រេច​ថា​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​បើ​ទោះបី​ជា​មាន​ការ​ជំទាស់​ពី​ជនជាតិ​ថៃ​ជា​ច្រើន​ក៏​ដោយ។

នៅ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​អំពី​ចំនួន​អ្នក​ដែល​រង​គ្រោះ​ថ្នាក់​នៅ​ឡើយ​ទេ។ ការ​វាយប្រហារ​នេះកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​នាយករដ្ឋមន្រ្តី​ថៃ​អាភីស៊ីត​វិចាជីវ៉ា បាន​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី។ កាល​ពី​ថ្ងៃសៅរ៍​មាន​សមាជិក​នៃ​ក្រុមសម្ព័ន្ធប្រជាពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​ថៃ​ចំនួន​ប្រហែល​២.០០០នាក់​បាន​ជួបជុំ​នៅ​ទី​ក្រុង​បាងកក​ដើម្បី​ទាមទារ​ឱ្យ​លោក​នាយករដ្ឋមន្រ្តី​ប្រកាន់​យក​ជំហរ​តឹង​រ៉ឹង​ជាង​មុន។

នៅប្រទេស​កម្ពុជា​នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ផ្ញើ​លិខិត​បន្ទាន់​មួយ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ​ដោយ​ស្នើ​ឱ្យ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​នេះ។ លិខិត​នេះ​ជា​ការ​បន្ថែម​ទៅ​នឹង​លិខិត​កាល​ពី​ថ្ងៃសៅរ៍​របស់​លោក ​ហោ ណាំហុង រដ្ឋមន្រ្តី​ការ​បរទេស​តវ៉ា​ទៅ​អង្គការ​សហប្រជាជាតិ​អំពី​អ្វី​ដែល​លោក​ហៅ​ ថា​ជា​«ការ​ឈ្លានពាន​ម្តង​ហើយ​ម្តង​ទៀត»​ដោយ​កងទ័ព​ថៃ។

សាលក្រម​តុលាការ​ពិភពលោក​ឆ្នាំ​១៩៦២​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឱ្យ​ទៅ​ប្រទេស​កម្ពុជា​បើ​ទោះបី​ជា​ច្រកចូល​ធំ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។ សាលក្រម​នោះ​មិន​បាន​សម្រេច​ទៅ​លើ​កម្មសិទ្ធិ​នៃ​ដី​ដែល​នៅ​ជុំវិញ​ប្រាសាទ​នោះ​ទេ។

XS
SM
MD
LG