ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អន្តរជាតិ​បញ្ជា​ឱ្យ​ថៃនិង​កម្ពុជា​ដក​កងទ័ព​ចេញ​ពី​ព្រំដែន


ផែនទី​ដែលចេញ​ផ្សាយ​ដោយ​​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១១​នេះ បង្ហាញ​​​តំបន់​ហាម​មិន​​ឲ្យ​មាន​​​កងទ័ព​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
ផែនទី​ដែលចេញ​ផ្សាយ​ដោយ​​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១១​នេះ បង្ហាញ​​​តំបន់​ហាម​មិន​​ឲ្យ​មាន​​​កងទ័ព​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បានបញ្ជាឱ្យ​ដក​កងទ័ព​ថៃ​និង​កម្ពុជា​ចេញ​ជាបន្ទាន់​ពី​តំបន់​ជម្លោះ​ព្រំដែន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។

ប្រទេស​កម្ពុជា​បាន​ស្នើសុំ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៨​ខែ​មេសាដើម្បី​ឱ្យ​បក​ស្រាយ​សេចក្តី​សម្រេច​ឆ្នាំ​១៩៦២លើ​ករណី​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។

សំណើ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​សម្រាប់​វិធានការ​បន្ទាន់​នានា​រួមមា​ន​ការ​ដក​កងទ័ព​ថៃ​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជាបន្ទាន់​ និង​គ្មាន​លក្ខខណ្ឌ​ ការ​ហាមឃាត់​ការធ្វើសកម្មភាព​យោធា​ថៃ​ទាំងអស់​នៅក្នុង​តំបន់​នោះ​ ហើយ​ប្រទេស​ថៃ​មិន​ធ្វើ​សកម្មភាព​ណាមួយ​ដែល​អាច​ជ្រៀតជ្រែក​សិទ្ធិ​របស់​ប្រទេស​កម្ពុជា​លើ​ប្រាសាទ​ព្រះវិហារ​ទេ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បានបើក​សវនាការ​តាម​ចម្លើយ​កសិណសាក្សី​ផ្ទាល់មាត់​លើ​សំណើ​របស់​ប្រទេស​កម្ពុជា​លើ​វិធានការ​បន្ទាន់​នេះ​កាលពី​ថ្ងៃ​ទី​៣០​និង​ទី​៣១​ ខែ​ឧសភា។

លោក​ ហ៊ីសាស្ហី អូវ៉ាដា (Hisashi​ OWADA)​ ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ បានអាន​សេចក្តី​បញ្ជា​ថា​ភាគី​ទាំងពីរ​ត្រូវតែ​ដក​បុគ្គលិក​យោធា​របស់​ខ្លួន​ជាបន្ទាន់​ចេញពី​តំបន់​គ្មាន​កងទ័ព​ជា​បណ្តោះ​អាសន្ន​ និង​មិនឱ្យ​មាន​សកម្មភាព​យោធា​ណាមួយ​ជាដាច់ខាត​នៅ​ត្រង់​តំបន់​ជម្លោះ​ព្រំដែន​នោះ​ទេ។

សេចក្តី​បញ្ជា​នេះ​បានបញ្ជាក់​ថា​តុលាការ​បដិសេធ​ដោយ​ឯកច្ឆន្ទ​សំណើ​របស់​ ប្រទេស​ថៃ​ឱ្យ​ដក​ករណី​បណ្តឹង​របស់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨​ខែ​មេសា​ចេញពី​បញ្ជី​រួម​របស់​តុលាការ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បានសម្រេច​ថា​ប្រទេស​ថៃ​មិន​ត្រូវ​រារាំង​ការ​ចូល​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ដោយ​សេរី​របស់​ប្រទេស​កម្ពុជា ​ឬ​ ការផ្តល់​ការ​ផ្គត់ផ្គង់​ថ្មី​ៗ​របស់​ប្រទេស​កម្ពុជា​ដល់​បុគ្គលិក​មិនមែន​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ប្រាសាទ​នោះ​ទេ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បានបន្ត​ថា​ភាគី​ទាំងពីរ​ត្រូវ​បន្ត​កិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុង​ក្របខណ្ឌ​អាស៊ាន​ហើយ​ជាពិសេស​ អនុញ្ញាតឱ្យ​ អ្នកសង្កេតការណ៍​ដែល​បានតែងតាំង​ដោយ​សមាគម​អាស៊ាន​ចូលទៅកាន់​តំបន់​គ្មាន​កងទ័ព​ជាបណ្តោះ​អាសន្ន។

តុលាការ​យុត្តិធម៌​អន្តរជាតិ​ បានបន្ថែម​ថា​ភាគី​ទាំងពីរ​មិនត្រូវ​ធ្វើ​សកម្មភាព​ណា​ដែល​អាច​ធ្វើឱ្យ​ជម្លោះ​ដែល​បាន​ស្នើទៅ​តុលាការ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ឬ​ពង្រីក​ជម្លោះ​ដែល​នាំ​ឱ្យ​ពិបាក​ដោះស្រាយ​ មុន​ពេល​ដែល​តុលាការ​ដោះស្រាយ​នោះ​ទេ។

កាសែត​ បាងកក​ប៉ុស្តិ៍ (Bangkok​ Post) ​បានរាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោក​កាសិត ភីរម្យ (Kasit​ Piromya) ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ បាននិយាយ​នៅក្នុង​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់​ថា​លោក​ពេញចិត្តនឹង​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ។

លោក​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​បានថ្លែង​តាមរយៈ​ទូរទស្សន៍​ស៊ីធីអឹន​ពី​ទីក្រុង​ឡាអេ​យ៉ាង​ដូច្នេះ​ថា៖

«ការសម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ​គឺ​ជា​អំណោយផល​ដល់​កម្ពុជា​ទាំងស្រុង។​ ខ្ញុំ​សូម​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការសម្រេច​ចិត្ត​នេះ»។

លោក​អ៊ូ​ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានសម្តែងស្វាគមន៍​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចំពោះ​វិធានការ​បន្ទាន់​នេះ។

«ខ្ញុំ​គាំទ្រ​ទាំងស្រុង​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ ហើយ​ខ្ញុំ​យល់​ថា​សេចក្តី​សម្រេច​នេះ​គឺ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។ សេចក្តី​សម្រេច​ថ្ងៃ​នេះ​គឺជា​ឱកាស​មួយ​ល្អ​ ដើម្បី​ឈាន​ទៅ​រក​សន្តិភាព​មួយ​យូរអង្វែង។»

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ បានចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នៅក្នុង​ឆ្នាំ​២០០០​ដែល​ក៏បានគ្រប់ដណ្តប់​លើបញ្ហា​ព្រំដែន​នេះ​ដែរ។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​បានប្រមូលផ្តុំ​កម្លាំង​កងទ័ព​រៀងៗ​ខ្លួន​នៅក្នុង​តំបន់​ជម្លោះ​ព្រំដែន​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ និង​បាន​វាយប្រយុទ្ធ​គ្នា​ជាច្រើន​លើក​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​ទាំង​សងខាង​ចាប់តាំងពី​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០០៨៕

XS
SM
MD
LG