ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាឡិច​នៅ​តែ​សកម្មការពារ​បរិស្ថាន​កម្ពុជា​និង​សុំ​ឱ្យ​យុវជន​ចូលរួម​កាន់​តែ​ច្រើន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​អាឡិក៖​កិច្ចការ​មាតា​ធម្មជាតិ​នៅ​កម្ពុជា​នៅ​តែ​មាន​ប្រសិទ្ធភាព

សកម្មជនការពារបរិស្ថានអាឡិច ហ្កោនសាឡេសបានសម្តែង​ក្តីសង្ឃឹម​ថា អ្នក​ដែលបានទៅ​ទស្សនាតំបន់អារ៉ែងខ្លះនឹងក្លាយ​ជា​សកម្មជន​ជួយ​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា។

លោក​អាឡិច ហ្កោនសាឡេស ​សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ពិសេស​កាលពីថ្ងៃ​ពុធដើម្បី​ប្រារព្ធ​ខួបលើកទី​៤៥ឆ្នាំ​នៃ​ទិវា​ការពារ​ភព​ផែនដីថា៖

«ខ្ញុំ​សង្ឃឹម​ថា​ក្រុមយុវជន​ដែលកំពុងតែ​ទៅ​អារ៉ែង​មួយ​ចំនួន​ប្រហែល​១០ភាគរយ​ឬក៏​២០ភាគរយ​អនាគត​ក្លាយ​ជា​សកម្មជន​ព្រៃឈើ​ដ៏ខ្លាំងបំផុត​ដូច្នេះ​យើង​ស្វាគមន៍​‍។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ក្នុង​ពេលឆាប់ៗនេះ​យើង​អាច​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ព្រៃឈើដើម្បី​រៀបចំ​ប្រព័ន្ធ​ឱ្យ​ច្បាស់​លាស់មិន​មែន​ដើម្បី​ជួញដូរ​ឈើប្រណិត​កន្លង​មក​គឺ​រៀបចំ​ប្រព័ន្ធ​ដើម្បី​ស្វាគមន៍ភ្ញៀវ​ជាពិសេសខ្មែរ​ដើម្បី​ឱ្យ​តំបន់​អារ៉ែងក្លាយ​ជា​តំបន់​ដែល​ចូល​បេះ​ដូង​ជនជាតិ​ខ្មែរ​ទាំងអស់​គ្នា‍»។​

តំបន់​អារ៉ែង​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ បាន​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​នៅ​ថ្នាក់​ជាតិ​និង​អន្តរជាតិ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​មាន​បំណង​សាងសង់ទំបន់​វារីអគ្គិសនី​ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ សហគមន៍​នោះ​បដិសេធនិង​តវ៉ា​ជាច្រើន។

លោកអាឡិច ហ្កោនសាឡេស ដែលត្រូវរដ្ឋាភិបាលបណ្តេញចេញពីប្រទេសកម្ពុជាដោយ​សារ​តែ​បាន​ចូលរួម​ការតវ៉ា​នោះ​ កំពុងធ្វើ​ដំណើរ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វះស្វែងរក​ការគាំទ្រ​បន្ថែម​ទៀតសម្រាប់​ពង្រីកយុទ្ធនាការ​ ក៏ដូចជា​ថ្លែងអំណរគុណចំពោះការគាំទ្រ​កន្លង​មក​និង​ស្តាប់យោបល់​ពីពលរដ្ឋ​ខ្មែរដែល​រស់​នៅ​ក្រៅ​ប្រទេស​។

លោក​ក៏ខិតខំ​រកវិធីដើម្បីឱ្យ​បាន​វិល​ត្រឡប់​ចូល​ទៅ​ប្រទេស​កម្ពុជាវិញដែរ៖

«ខ្ញុំ​សង្ឃឹម​ថា​ក្នុង​ពេល​ឆាប់ៗ​ខ្ញុំ​អាច​មាន​ផ្លូវ​ដើម្បី ត្រឡប់​ទៅ​ប្រទេស​ខ្មែរវិញ​ទោះបី​ពេល​គេ​បណ្តេញ​គេវាយ​ត្រា​ទៅលើ​ប៉ាស្ព័រ​ ហើយ​ក្នុ​ងត្រា​ហ្នឹង​គេ​សរសេរ​ថា​ហាម​ចូលប្រទេស​កម្ពុជា​ក៏ដោយ​ក៏​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​ត្រឡប់​ទៅផ្ទះវិញ។ យើង​និយាយថា​ផ្ទះ​ចុះ​ព្រោះ​នៅ​ខ្មែរ​ជាង​១០ឆ្នាំ​ខ្ញុំ​ក្លាយ​ទៅជា​ជន​ជាតិខ្មែរមួយ​រូប‍»។​

ជាសកម្មជន​ជាតិ​អេស្ប៉ាញ​ហើយ​បាន​រស់​នៅ​ប្រទេស​កម្ពុជា​ជាង១០ឆ្នាំ​និង​ចំណាយពេល​បីឆ្នាំ​ចុងក្រោយ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​យ៉ាង​ខ្លាំង​លោកអាឡិចបានសម្តែងការ​អស់​សង្ឃឹម​នឹង​ការ​ងារ​របស់​រដ្ឋបាល​ព្រៃឈើនិង​ក្រសួង​បរិស្ថាន​ដែល​លោក​ចាត់​ទុក​ថា«បរាជ័យ​‍»​ក្នុង​ការ​ការពារ​ធន​ធាន​ធម្មជាតិ​។​

«ការងាររបស់​គេ​បាន​បរាជ័យ។ យុទ្ធសាស្រ្ត​រូបមន្ត​របស់គេគឺ​បរាជ័យ​ដូច្នេះ​ល្មម​យើង​ដូរ​យុទ្ធសាស្រ្ត​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ការងារ​យើង​មាន​ប្រសិទ្ធភាព​។ ប្រសិន​បើ​អនាគត​ឃើញ​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ការល្អ​ចេញពីបេះដូង​អត់​ពុករលួយ​ដូច​រាល់ថ្ងៃ​យើង​អាច​សហការ​ជាមួយ​គេ​បានដោយសារ​តែ​យើង​ជាអ្នក​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ​ដែរ‍»។​

ចាប់​តាំងពី​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​មក​លោក​អាឡិច​ត្រូវ​ធ្វើការ​ពីប្រទេស​ក្រៅ​ក្នុង​ការទំនាក់​ទំនង​ជាមួយ​នឹង​សកម្មជន​នានា។លោក​យល់​ថាការងារ​របស់​ក្រុម​មាតា​ធម្មជាតិ​ដែល​លោក​បាន​ចូលរួម​បង្កើត​កំពុង​មាន​សកម្មភាព​ខ្លាំង​ហើយបញ្ហា​តំបន់​អារ៉ែង​លែង​សូវ​ក្តៅ ដូ​ចមុនទៀតហើយ​ប៉ុន្តែ​លោក​លើក​ទឹក​ចិត្ត​ឱ្យ​មានការ​ចូលរួម​របស់​យុវជន​ដទៃទៀត​ក្នុង​ការជួយ​ទប់​ស្កាត់​សកម្មភាព​ល្មើស​ដទៃទៀត​ដូចជា​ការបូមខ្សាច់​លក់ជាដើម។

លោក​អាឡិច​បាន​បន្ថែម​ថា៖​

«ខ្ញុំ​សូម​អង្វរនិង​សូម​អំពាវនាវ​ឱ្យ​យើង​ទាំងអស់​គ្នា​ជាពិសេសយុវជន​បំបាត់​ភាព​ភ័យខ្លាច​ពីក្នុង​ខ្លួន​ព្រោះអ្វី ដែល​យើង​កំពុងធ្វើ​ជារឿង​ត្រឹម​ត្រូវ​១០០ភាគរយ​។ យើង​កំពុង​តែ​ការពារ​ធនធាន​ធម្មជាតិ​ប្រយោជន៍​យើង​ទាំងអស់​គ្នា​ ប្រយោជន៍​ក្មេងជំនាន់​ក្រោយ​ ប្រយោជន៍​មនុស្ស​ជាតិ​ដូច្នេះ​អត់​មាន​អ្វី​ដែល​គួរ​ឱ្យ​ភ័យខ្លាច​ទេ​មាន​តែ​ត្រូវ​តែ​ក្លាហាន​ជាងមុន​ទៅទៀត‍»។​

សកម្មជន​ការពារ​បរិស្ថាន​រូបនេះ​ក៏​បាន​ជួបជាមួយ​នឹង​អ្នក​តំណាងរាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​ដើម្បី​ពិភាក្សា​និង​សុំ​អន្តរាគមន៍​លើ​ការងារ​ថែរក្សា​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG