មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានអះអាងនៅថ្ងៃអង្គារនេះថា សកម្មជនការពារបរិស្ថានចំនួន១១នាក់ ត្រូវបានក្រុមមន្ត្រីប៉ូលិសខេត្តកោះកុងសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីពួកគេបានចុះកិច្ចសន្យាជាមួយសមត្ថកិច្ចថា ឈប់ធ្វើសកម្មភាពរារាំងនៅតំបន់អារ៉ែង។
កាលពីថ្ងៃច័ន្ទ យ៉ាងហោចណាស់មានសកម្មជនការពារបរិស្ថានចំនួន១១នាក់ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ឃាត់ខ្លួន ដោយសារតែពួកគេបានធ្វើសកម្មភាពរារាំងមន្ត្រីរដ្ឋាភិបាលមួយក្រុម មិនឱ្យចូលក្នុងតំបន់អារ៉ែង។
គេធ្វើការរារាំងនេះដោយសារតែពួកគេខ្លាចអាជ្ញាធរចូលមកបើកផ្លូវដើម្បីឱ្យក្រុមហ៊ុនចិនចូលមកស្រាវជ្រាវអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់នោះ។
លោកនាង បូរ៉ាទីណូ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ខេត្តកោះកុង មានប្រសាសន៍ថា សកម្មជនការពារបរិស្ថានទាំង១១នាក់ត្រូវបានដោះលែងវិញហើយ ហើយពួកគេបានធ្វើដំណើរទៅតំបន់អារ៉ែងវិញហើយ ដើម្បីបន្តសកម្មភាពការពារបរិស្ថាននៅទីនោះ។
លោកបានចាត់ទុកថា ការចាប់ខ្លួនសកម្មជនបរិស្ថានទាំង១១នាក់នេះគឺជាការបំភិតបំភ័យ មិនឲ្យពួកគេចេញមុខការពារបរិស្ថានតទៅទៀត។
លោកនិយាយថា៖ «ចំពោះការយកគាត់យកមកធ្វើកិច្ចសន្យាបែបនេះហាក់បីដូចជាបំភិតបំភ័យគាត់ បំបាក់ស្មារតីគាត់ មិនឲ្យធ្វើការតវ៉ាតទៅទៀត។ អញ្ចឹងការតវ៉ារបស់គាត់គឺដើម្បីការពារផលប្រយោជន៍ដល់សម្បត្តិធម្មជាតិនៅក្នុងខេត្តកោះកុង»។
ក្នុងចំណោមសកម្មជនបរិស្ថានដែលត្រូវបានអាជ្ញាធរខេត្តចាប់ឃាត់ខ្លួនរួមមាន៖លោកវ៉ែន វ៉ន តំណាងសហគមន៍ស្ទឹងជាយអារ៉ែង និងលោក Alex Gonzalez Davidson អ្នកស្ថាបនិកនៃអង្គការការពារបរិស្ថានមួយឈ្មោះថា មាតាធម្មជាតិ។
លោក Alex ជាជនជាតិអេស្ប៉ាញហើយរស់នៅកម្ពុជាជាយូរមកហើយ ហើយក៏ជាអ្នករិះគន់ឥតសំចៃទៅលើគម្រោងអភិវឌ្ឍន៍នៅតំបន់អារ៉ែងដែរ។ លោកនិយាយថា គម្រោងនេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើម ដែលរស់នៅទីនោះ។
លោក Alex មានប្រសាសន៍ជាភាសាខ្មែរថា លោកមិនបាក់ស្មារតីក្នុងការការពារធនធានធម្មជាតិទេ តែផ្ទុយទៅវិញ វាធ្វើឲ្យក្រុមលោកកាន់តែមានកម្លាំងរឹងមាំឡើងដើម្បីការពារបរិស្ថាននៅតំបន់អារ៉ែង។
លោកនិយាយថា៖ «អញ្ចឹងយើងដឹងយូរហើយរឿងហ្នឹង។ ពេលដែលគេចាប់យើងម្សិលមិញ កាន់តែធ្វើឲ្យយើងមានសាច់ដុំធំជាងមុន មានបទពិសោធន៍ មានប្រជាប្រីយ៍ភាពច្រើនជាងមុន។ ដូច្នេះច្បាស់១០០%ថា នឹងបន្តទៅមុខ គ្រាន់តែថា ធ្វើសកម្មភាពអ្វីខ្លះបន្តបន្ទាប់នោះ យើងអត់ទាន់ហ៊ានថាទេ ពីព្រោះយើងអត់ទាន់សម្រេចចិត្ត»។
លោក សំ ឃិតវៀន ស្នងការប៉ូលិសខេត្តកោះកុង មានប្រសាសន៍ថា សមត្ថកិច្ចមិនបានចាប់ខ្លួនសកម្មជនបរិស្ថានទេគឺគ្រាន់តែបានអញ្ជើញពួកគេមកសាកសួរតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា ក្រោយពីបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ប៉ូលិសបានឲ្យពួកគេត្រឡប់ទៅផ្ទះវិញ មិនមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងទេ។
លោកនិយាយថា៖«មិនមែនដោះលែងទេ។ គាត់ត្រឡប់ទៅវិញអស់ហើយ ពីព្រោះខ្ញុំអត់បានចាប់។ អញ្ចឹងអត់មានការដោះលែងទេ។ កុំប្រើពាក្យដោះលែងឬក៏ឃាត់ខ្លួន។ ខ្ញុំគ្រាន់តែអញ្ជើញគាត់មកសាកសួរ ហើយក៏ឲ្យគាត់ត្រឡប់ទៅវិញ»។
តំបន់អារ៉ែងដែលស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុងនោះត្រូវបានក្រសួងរ៉ែ និងថាមពលផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន៣ ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១០ និងពី២០១០ ដល់២០១៣ ហើយចុងក្រោយគឺក្រុមហ៊ុនស៊ីណូហាយដ្រូទទួលបានអាជ្ញាប័ណ្ណដើម្បីធ្វើសិក្សាពីឆ្នាំ២០១៤នេះ ដោយចាប់ពីខែមិនារហូតដល់ខែកញ្ញាដើម្បីធ្វើវារីអគ្គិសនី ដែលអាចរំពឹងថា នឹងផលិតថាមពលចំនួន៥០មេហ្កាវ៉ាត់នៅខែប្រាំង និង១០៨មេហ្កាវ៉ាត់នៅរដូវវស្សា។
លោក Alex មានប្រសាសន៍ថា គម្រោងនេះបានប៉ះពាល់ដល់សិទ្ធិជនជាតិ ភាគតិចនៅតំបន់អារ៉ែង ដែលមានប្រមាណជាង៩០ភាគរយមិនព្រមចាកចេញដោយសារតែពួកគេពឹងផ្អែកទៅលើផល និងអនុផលព្រៃឈើនៅទីនោះ៕