ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អភិវឌ្ឍ​តំបន់​អារ៉ែង​ស្ថិត​នៅ​ទ្រឹង​ក្រោយ​ពី​ជំនួប​លោក​ហ៊ុន ​សែន​និង​លោក​សម ​រង្ស៊ី


ផ្លាក​ផ្សាយ​របស់​ភាពយន្ត​ឯកសារ​ខ្លី​ឆ្នាំ​២០១៤ «ការ​គំរាម​កំហែង​ព្រៃ​សក្ការៈ​ កម្ពុជា​» ឬ «ពុះពារ​ការពារ​ជ្រលង​អារ៉ែង» ដោយ​​ផលិករ​ខ្មែរ​អាមេរិកាំង ម៉ម កល្យាណនី។ (ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណនី)
ផ្លាក​ផ្សាយ​របស់​ភាពយន្ត​ឯកសារ​ខ្លី​ឆ្នាំ​២០១៤ «ការ​គំរាម​កំហែង​ព្រៃ​សក្ការៈ​ កម្ពុជា​» ឬ «ពុះពារ​ការពារ​ជ្រលង​អារ៉ែង» ដោយ​​ផលិករ​ខ្មែរ​អាមេរិកាំង ម៉ម កល្យាណនី។ (ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណនី)

គម្រោងសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ខេត្ត​កោះកុង​របស់​ក្រុម​ហ៊ុន​ Sinohydro ប្រទេស​ចិន​បាន​នៅ​ទ្រឹង​ជាបណ្តោះ​អាសន្នពុំ​មាន​សកម្មភាព​អ្វី​ទាំង​អស់​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​និង​លោក​ សម រង្ស៊ី ​បាន​ជួប​គ្នា​និង​បាន​សន្យា​ផ្ទាល់​មាត់​ថា​រដ្ឋាភិបាល​មិន​ទាន់​បាន​សម្រេចអ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​គម្រោងនេះ។​

កាលពី​សប្តាហ៍​មុន​ក្នុង​ជំនួប​ដោយ​ឥត​មាន​ការ​ព្រាង​ទុក​រវាង​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ គឺ​ លោក​ សម រង្ស៊ី​ និង​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​មន្ទីរ​រដ្ឋសភា​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សន្យា​ប្រាប់​លោក​ សម រង្ស៊ី​ថា​រដ្ឋាភិបាល​មិន​ទាន់​សម្រេចអ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​របស់​ក្រុម​ហ៊ុន​ Sinohydro។​

លោក​ សម រង្ស៊ី​ បាន​ស្រង់​សម្តី​លោក​ ហ៊ុន សែន​មក​ប្រាប់​អ្នក​កាសែត​ថា​ ប្រហែល​ជា​ក្នុង​អាណត្តិ​នេះ​មិន​មាន​គម្រោងនេះ​ទេសុំ​កុំ​ឱ្យប្រជាពល​រដ្ឋ​មាន​ការ​បារម្ភ។​

លោក​សម រង្ស៊ី​ និយាយ​ថា៖ «បង​ប្អូន​កុំ​ផ្អើល​ កុំបារម្ភ​ហួសហេតុ​ ​គឺ​អត់ទាន់​មាន​សេចក្តី​សម្រេចទេ។​ហើយ​សម្តេច​បាន​លើក​ឡើង​ថា​ប្រហែល​អាណត្តិ​នេះ​អត់​ធ្វើ​ទេ​ លើក​ទៅ​សម័យ​ក្រោយ​ឱ្យជំនាន់​ក្រោយ​ខ្មែរ​ជំនាន់​ក្រោយ​អ្នក​សម្រេចទៅ»។​

កាល​ពី​ខែកុម្ភៈ​ឆ្នាំ​២០១៤​ក្រសួង​រ៉ែ​និង​ថាម​ពល​បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យក្រុម​ហ៊ុន​ Sinohydro ធ្វើ​ការ​សិក្សា​និង​ស្រាវ​ជ្រាវ​ដើម្បី​ផលិត​អគ្គិសនី​នៅ​តំបន់​ស្ទឹង​ជាយ​អារ៉ែង​ដែល​មាន​ទីតាំង​នៅ​ស្រុក​ថ្មបាំង​ខេត្ត​កោះកុង។​

លោក​ Alex Gonzalez-Davidson ជនជាតិ​អេស្ប៉ាញ ប្រធាន​អង្គការ​មាតា​ធម្មជាតិ
លោក​ Alex Gonzalez-Davidson ជនជាតិ​អេស្ប៉ាញ ប្រធាន​អង្គការ​មាតា​ធម្មជាតិ

លោក​ Alex Gonzalez-Davidson ជនជាតិ​អេស្ប៉ាញ ប្រធាន​អង្គការ​មាតា​ធម្មជាតិ​មាន​ប្រសាសន៍​ថា​ឥឡូវ​សកម្មភាព​នៅ​តំបន់​អារ៉ែង​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​មុនមិន​មាន​ក្រុម​ហ៊ុន​ណា​ចុះ​មក​ស្រាវជា្រវ​ដូច​ពី​មុន​ទៀត​ទេ ​ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា​តើ​រដ្ឋាភិបាល​បាន​សម្រេចផ្អាក​គម្រោងសាងសង់​ទំនប់​វារី​អគ្គិសនី​ហើយ​ឬនៅ។

លោក​និយាយ​ថា៖ «ក្រុម​ហ៊ុន​និង​អាជ្ញាធរ​ដូច​ជា​អត់​បាន​ទៅ​អារ៉ែង​តាំង​ពី​ថ្ងៃ​ដែល​គេ​ចាប់​យើង​ហើយ​ហ្នឹង​តាម​ប្រភព​មួយ​ចំនួន​ដែល​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​ស្រុក​ ហើយ​នឹង​នៅ​ក្នុង​សាលា​ខេត្ត​កោះ​កុង​ក៏អត់​មាន​ព័ត៌មាន​អ្វី​សោះ។​សម្រាប់​យើង​អត់​ព័ត៌មាន​គឺ​មាន​ន័យ​ថា​ល្អ។​មាន​ន័យ​ថា​អាច​គេ​បាន​ផ្អាក»។​

លោក​ អ៊ិត​ ប្រាង​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ ​និង​ ថាម​ពល​មាន​ប្រសាសន៍​ថា​ក្រសួង​មិន​ទាន់​ទទួល​លិខិត​ផ្លូវ​ការ​ណាមួយ​ពី​រដ្ឋាភិបាល​ថា​ឱ្យផ្អាក​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​នៅ​ឡើយ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ «អត់​ទាន់​សុំ​ អត់​ទាន់​ផ្អាក​អី​ក៏​អត់​ទាន់​មាន​ការ​សម្រេចថា​ម៉េច​ដែរ។ ​ក្រសួង​នៅ​រង់​ចាំ​ស្ងៀម​អញ្ចឹង​ទៅ​សិន។​ ចេះ​តែ​ឮ​ថា​រដ្ឋាភិបាល​ផ្អាក។ ​គ្រាន់​តែ​ឮ​ទេ​ តែ​អត់​ទាន់​មាន​ការ​សម្រេចអ្វីទាំង​អស់​ ហើយ​ខាង​ក្រុម​ហ៊ុន​ហ្នឹង​ហើយ​ខាង​អ្នក​សិក្សា​ក៏អត់​ទាន់​បន្ត​ការ​សិក្សា​អ្វី​ទៀត​ដែរ»។​

ក្រុម​ហ៊ុន​ Sinohydro ​មិន​បាន​ឆ្លើយ​តាម​សារ​អេឡិក​ត្រូនិក​ទេ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

តំបន់​អារ៉ែង​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង​ ខេត្ត​កោះ​កុង​នោះ​ត្រូវ​បាន​ក្រសួងរ៉ែ​ និង​ថាមពល​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន​ចំនួន​៣​ ចាប់តាំង​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១០​ និង​ពី​២០១០​ ដល់​២០១៣​ ហើយ​ចុង​ក្រោយ​គឺ​ក្រុម​ហ៊ុន​ស៊ីណូហាយដ្រូ​បាន​ទទួល​អាជ្ញា​បណ្ណ​ដើម្បី​ ធ្វើការ​សិក្សា​នៅឆ្នាំ​២០១៤​នេះ​ ដោយ​ចាប់ពី​ខែ​កុម្ភៈ​រហូត​ដល់​ខែ​កញ្ញា​ដើម្បី​ធ្វើ​វារី​អគ្គិសនី​ ដែល​អាច​រំពឹង​ថា ​នឹងផលិត​ថាមពល​ចំនួន​៥០​មេហ្កាវ៉ាត់​នៅ​រដូវ​ប្រាំង ​និង​១០៨​មេហ្កាវ៉ាត់​នៅ​រដូវ​វស្សា។​

គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ជង​ ដែល​រស់​នៅដោយ​ពឹង​ផ្អែក​ទៅ​លើ​ផល​និង​ អនុផល​ព្រៃ​ឈើ​នៅ​ទីនោះ៕

XS
SM
MD
LG