អ្នកស្រុកខេត្តមណ្ឌលគីរីសង្ឃឹមថា ផ្លូវថ្មីនឹងនាំមកនូវឲ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង តែទន្ទឹមនឹងនោះ ពួកគាត់ក៏មានការព្រួយបារម្ភអំពីការការពារសហគមន៍របស់ពួកគាត់ពីការអភិវឌ្ឍដែលអាចនាំឲ្យមានផលប៉ះពាល់ទៅលើសហគមន៍ផងដែរ។
ផ្លូវថ្មីដែលនឹងមានប្រវែងប្រមាណជា៦៧គីឡូម៉ែត្រនឹងកាត់តាមដីព្រៃសហគមន៍របស់ជនជាតិដើមភាគតិចដែលបារម្ភថា ជីវិតបែបប្រពៃណីរបស់ពួកគាត់នឹងត្រូវរងការប៉ះពាល់ដោយសារផ្លូវនេះ ដែលកាត់តាមភាគឦសាននៃខេត្តមណ្ឌលគីរីឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ប៉ុន្មានសប្តាហ៍មុន ប្រជាពលរដ្ឋមួយក្រុមតូចបានប្រមូលផ្តុំគ្នានៅក្នុងភូមិមួយនៅក្នុងស្រុកពេជ្រាដាដើម្បីពិភាក្សារកមធ្យោបាយដើម្បីកែលម្អជីវភាពរស់នៅរបស់សហគមន៍របស់ពួកគាត់ និងការការពារសហគមន៍របស់ពួកគេ។ ប្រសិនបើផ្លូវនេះត្រូវបានគេសាងសង់ ផ្លូវនេះនឹងកាត់តាមព្រៃឈើរបស់ពួកគាត់ដែលជាជម្រកសត្វព្រៃ និងធនធានផ្សេងទៀតដែលជួយសម្រួសដល់ការរកកម្រៃសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅទីនេះ។
លោកចាំង សារិន ដែលជាអនុប្រធានភូមិមួយនៅឃុំក្រង់តេះ បាននិយាយអំពីគម្រោងផ្លូវនោះថា៖ «ប្រធានមិនបានឱ្យខ្ញុំបានដឹងអំពីគម្រោងនេះទេ»។
លោកបានបន្ថែមថា៖«វានឹងប៉ះពាល់ដល់សត្វឃ្មុំ និងសត្វព្រៃដទៃទៀត ដូចជាក្របីព្រៃ សត្វខ្ទីង សត្វទន្សោង និងសត្វព្រៃដទៃទៀតដែលរស់នៅក្នុងតំបន់ការពារនោះ។ វាជាព្រៃរបស់សហគមន៍»។
លោកក្រាស់ តឺញ ដែលជាសមាជិកក្រុមប្រឹក្សាឃុំនិងមេដឹកនាំម្នាក់របស់សហគមន៍ បានថ្លែងថា លោកមានការព្រួយបារម្ភថាប្រជាពលរដ្ឋនៅទីនោះនឹងបាត់បង់ប្រភពប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើការសាងសង់ផ្លូវបំផ្លាញព្រៃឈើច្រើនពេក។ ប្រភពចំណូលទាំងនោះរួមមានការប្រមូលផ្តៅ និងវល្លិ។
លោកឈិត សំអាត នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បាននិយាយថា ប្រសិនបើព្រៃឈើត្រូវបានកាប់ឆ្ការដើម្បីធ្វើផ្លូវ នោះវាអាចនាំឱ្យមានការកាប់ឈើខុសច្បាប់និងការជួញដូរសត្វព្រៃជាច្រើនទៀត ហើយវានឹងឲ្យមានការខូចខាតអេកូឡូស៊ី។
លោកឈិត សំអាតបានមានប្រសាសន៍ថា៖ «ផ្លូវនេះនឹងកាត់ព្រៃការពារនៅខេត្តមណ្ឌលគីរី កាត់តំបន់ស្នូល និងតំបន់ទ្រនាប់»។
លោកបានបន្ថែមថា៖«តំបន់នេះគឺជាតំបន់ដែលមានសត្វដំរី សត្វខ្ទីង និងទន្សោងដែលរស់នៅទីនោះ។ អញ្ជឹងយើងមានការព្រួយបារម្ភប្រសិនបើផ្លូវនេះត្រូវសាងសង់ឡើង»។
លោកបានបន្ថែមថា៖«ខ្ញុំថា ផ្លូវហ្នឹងមិនចាំបាច់សាងសង់ទេ។ ការសាងសង់អាចទទួលនូវការអវិជ្ជមានច្រើន ដោយសារទីមួយ វាអាចបង្កើនការកាប់ឈើខុសច្បាប់ បង្កើនការនាំសត្វព្រៃចេញ។ ការជួញដូរសត្វព្រៃនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផ្សេងៗទៀត»។
លោកបានបន្ថែមថា៖ «វាគឺជាតំបន់មួយដែលមានសក្តានុពលទទួលស្គាល់នៅលើពិភពលោក ជាពិសេសការនាំវត្តមានខ្លាធំមកវិញ ហើយនិងមានជីវចម្រុះសម្បូរបែបនៅក្នុងតំបន់នោះ»។
ក្រៅពីនេះ លោកបានថ្លែងថា មិនចាំបាច់សាងសង់ផ្លូវនេះទេ ដោយសារមានផ្លូវរួចទៅហើយដើម្បីភ្ជាប់ខេត្តមណ្ឌលគីរីទៅខេត្តដាឡាត់នៅក្នុងប្រទេសវៀតណាម។
លោកបាននិយាយថា៖ «ផ្លូវសម្រាប់តភ្ជាប់ខេត្តរតនគីរីទៅវៀតណាមវាមានបួនរួចទៅហើយ»។
អ្នកភូមិដែលរស់នៅក្នុងស្រុកពេជ្រាដាបាននិយាយថា ផ្លូវនេះអាចបំផ្លាញជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ហើយពួកគេមានការខកចិត្តដែលពួកគេមិនត្រូវបានជូនដំណឹងអំពីគម្រោងសាងសង់ផ្លូវនេះ។
លោកទើន លើព អ្នកដឹកនាំសហគមន៍ព្រៃឈើនៅឃុំក្រង់តេះ បាននិយាយថា លោកដឹងច្បាស់ថា ផ្លូវនេះនឹងមានអត្ថប្រយោជន៍ច្រើនទៅអ្នកក្រៅតំបន់ ឬអ្នកជំនួញជាជាងប្រជាពលរដ្ឋដែលរស់នៅទីនោះ។ ផ្លូវកាន់តែច្រើនមានន័យថា នឹងមានសំឡេងរំខានកាន់តែច្រើន ហើយសំឡេងនោះនឹងធ្វើឲ្យសត្វព្រៃផ្អើល។
គាត់បាននិយាយថា៖«ផ្លូវកាន់តែធំ បញ្ហាមានកាន់តែច្រើន។ អត្ថប្រយោជន៍សម្រាប់អ្នកក្នុងស្រុកក្នុងការធ្វើដំណើរនេះគឺមានមិនច្រើនទេ ប៉ុន្តែភាគច្រើននឹងបានទៅលើអ្នកជួញដូរ និងក្រុមហ៊ុនស្វែងរករ៉ែជាដើម»។
ផ្លូវនេះមិនមានការគាំទ្រពីប្រជាជនមួយចំនួន បើទោះបីជាមិនមានព័ត៌មានច្បាស់អំពីផលអវិជ្ជមាននៃការសាងសង់ផ្លូវនៅពេលអនាគតក៏ដោយ។
លោកត្រឹក ផុន មេឃុំក្រង់តេះ បានឱ្យដឹងថា គាត់មិនត្រូវបានគេជូនដំណឹងអំពីគម្រោងសាងសង់ផ្លូវនោះទេ ប៉ុន្តែលោកបាននិយាយថា វាមានការចាំបាច់តម្រូវឲ្យមានផ្លូវនៅទីនេះដើម្បីអភិវឌ្ឍ។
លោកបាននិយាយថា៖ «វាមិនមែនជាគម្រោងថ្នាក់ឃុំទេ។ វាជាគម្រោងរវាងរដ្ឋាភិបាល និងក្រៅប្រទេស។ វាជាការងារនៅថ្នាក់ខេត្តនិងថ្នាក់ជាតិ»។
លោក ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគីរី បានឱ្យដឹងថា ផ្លូវនេះត្រូវការដើម្បីភ្ជាប់ទៅខេត្តដាឡាត់នៅក្នុងប្រទេសវៀតណាម និងខេត្តមណ្ឌលគីរីនៅក្នុងប្រទេសកម្ពុជាដើម្បីជំរុញពាណិជ្ជកម្មរវាងខេត្តទាំងពីរ។
លោកបាននិយាយថា៖ «ជាមួយដាឡាត់ យើងមិនទាន់មានផ្លូវភ្ជាប់នៅឡើយទេ»។
លោកបានបន្ថែមថា ផ្លូវនេះនឹងត្រូវសាងសង់ឡើង ដោយមានការសិក្សាដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើព្រៃនៅតំបន់នោះឲ្យមានទាបបំផុត។
លោកបាននិយាយថា៖«វានឹងមានការប៉ះពាល់។ ប៉ុន្តែយើងកំពុងសិក្សាដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមាន»។
សម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទីនេះ ផ្លូវនេះអាចជារឿងល្អមួយសម្រាប់ពួកគេ។ អ្នកស្រីហ៊ីម ស្រស់ ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងឃុំពោធិ៍ជ្រៃក្បែរនោះ បាននិយាយថា គាត់មានការសប្បាយរីករាយដែលផ្លូវថ្នល់នឹងត្រូវបានគេសាងសង់ ដែលរឿងល្អសម្រាប់កូនរបស់គាត់ទៅសាលារៀន។ ប៉ុន្តែគាត់មិនប្រាកដទេថា ទន្ទឹមនឹងពេលបានផ្លូវថ្នល់នេះ តើសហគមន៍របស់គាត់នឹងបាត់បង់អ្វីខ្លះ។
គាត់បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ពីព្រោះកូនរបស់ខ្ញុំត្រូវទៅសាលារៀន។ ប៉ុន្តែខ្ញុំក៏បារម្ភដែរថា វាអាចនឹងមិនមានភ្លៀង ប្រសិនបើមិនមានដើមឈើ។ ប្រសិនបើមិនមានដើមឈើ វានឹងលំបាកសម្រាប់ពួកយើង»។
លោកសន្និដ្ឋានថា ផ្លូវនេះប្រហែលមិនគួរសាងសង់ទេ៕