ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​គំរាម​ប្រើ​កាំជ្រួច​ហ្វូង​បាញ់​អ្នក​ជំទាស់​នៅ​តំបន់​អារ៉ែង


សកម្មជន​ការពារ​បរិដ្ឋាន​នៅ​តំបន់​អារ៉ែង លោក Alex Gonzalez Davidson (កណ្តាល) មុន​ពេល​ឡើង​ជិះ​យន្តហោះ​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ផ្តល់​ឲ្យ)
សកម្មជន​ការពារ​បរិដ្ឋាន​នៅ​តំបន់​អារ៉ែង លោក Alex Gonzalez Davidson (កណ្តាល) មុន​ពេល​ឡើង​ជិះ​យន្តហោះ​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ផ្តល់​ឲ្យ)

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​គំរាម​ឆ្លើយ​តប​ដោយ​ប្រើ​កាំ​ភ្លើង​ធុន​ធ្ងន់ ​ប្រសិន​បើ​មាន​ចេត​នា​ណា​មួយ​យក​តំបន់​អារ៉ែង​ធ្វើ​ជា​តំបន់​អបគមន៍។ ក៏​ប៉ុន្តែ​ លោក​ហាក់​ដូច​ជា​បាន​បង្ហាញ​ជំហរ​ដក​ថយ​បន្តិច​ទៅ​វិញ​ ក្រោយ​ពេលសកម្មជន​បរិដ្ឋាន​តំបន់​អារ៉ែង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា។

​ថ្លែង​ក្នុងពិធី​ទិវាជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៥ ក្នុង​ទីក្រុង​ភ្នំពេញ ​លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​ព្រមាន​បំពាក់​កាំជ្រួច​ហ្វូង​ឆ្ពោះ​ទៅ​តំបន់​អារ៉ែង​នៃ​ខេត្ត​កោះ​កុង​ប្រសិន​បើ​មាន​ការ​ប៉ុន​ប៉ង​បង្កើត​តំបន់​នេះ​ទៅ​ជា​តំបន់​អបគមន៍​នោះ។​

«ខ្ញុំ​សូម​បញ្ជាក់​ណា ​កុំ​និយាយ(​រឿង)​អារ៉ែង​តទៅ​ទៀត។​បើ​ចង់​បង្កើត​អបគមន៍​សូម​អញ្ជើញ។​(ខ្ញុំ)​ដាក់​BM21 ​មក​តែ​ម្តង។​ទាន់​ឥឡូវ​មាន​ធុន​ថ្មីៗ​ផង»។

សកម្មជន​ការពារ​បរិដ្ឋាន​នៅ​តំបន់​អារ៉ែង លោក Alex Gonzalez Davidson នៅ​ពេលជិះ​យន្តហោះ​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ផ្តល់ឲ្យ)
សកម្មជន​ការពារ​បរិដ្ឋាន​នៅ​តំបន់​អារ៉ែង លោក Alex Gonzalez Davidson នៅ​ពេលជិះ​យន្តហោះ​ទៅ​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ផ្តល់ឲ្យ)

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សកម្មជន​បរិដ្ឋាន​តំបន់​អារ៉ែង ​លោក​Alex Gonzalez Davidson និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ ​សកម្ម​ជន​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ហៅ​ការ​បណ្តេញ​រូបលោក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយសារ​លោក​បាន​ដឹក​នាំ​ការ​តវ៉ា​យ៉ា​ងខ្លាំង​ក្លា​ប្រឆាំង​នឹង​ការ​វិនិយោគ​ទំនប់​វារី​អគ្គិសនី​លើ​ស្ទឹង​អារ៉ែង ​នៃ​ជួរ​ភ្នំក្រវ៉ាញ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro។

យ៉ាង​ណា​ក៏ដោយ​លោក​ហ៊ុន សែន ​ហាក់​ដូចជា​ដក​ថយពី​គម្រោង​ការ​វិនិយោគ​ដែល​ទទួល​រង​ការ​រិះគន់​ពី​ផល​ប៉ះពាល់​ផ្នែក​បរិដ្ឋាន​នេះ។

​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ធានា​ថា​គម្រោង​វិនិយោគ​ទំនប់​វារី​អគ្គិសនី​កម្លាំង​ជាង​១០០​ម៉េហ្គាវ៉ាត់​នេះអាច​នឹង​ត្រូវ​រំលាយ​ចោល។

«ខ្ញុំ​មាន​គោល​គំនិត​ថា​ ទោះ​បី​ជា​សិក្សា​ច្បាស់​ឬ​មិន​ច្បាស់​យ៉ាង​ម៉េច​ពីនេះ​ដល់​ឆ្នាំ​២០១៨ ​អត់​មាន​ឲ្យ​ធ្វើ​(ទំនប់វារីអគ្គិសនី)​ទេ។​ គំនិត​របស់​ខ្ញុំ​ចង់​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ»។

​នេះ​ជា​លើក​ទី​មួយ​ដែល​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​បង្ហាញ​ជំហរ​ដក​ថយ​ចំពោះ​តំបន់​អារ៉ែង​បន្ទាប់​ពី​សកម្មជន​បរិដ្ឋាន​ខ្មែរ​បានបន្ត​ប្រឆាំង​នឹង​គម្រោង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នោះ។

​លោកសាន ម៉ាឡា ​សហស្ថាបនិក​នៃអង្គការ​មាតា​ធម្មជាតិ​យល់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ប្រើ​វិធី​គំរាម​ដល់​អង្គការ​របស់​លោក​និង​ដល់​សហគមន៍​អ្នក​ការពារ​បរិដ្ឋាន​ផង។ ​ហើយ​លោក​ក៏​បាន​និយាយ​បញ្ច្រាស​ពី​អ្វី​ដែល​ជា​ការពិត​ដែល​រដ្ឋា​ភិបាល​តម្រូវ​ឲ្យ​ធ្វើ​ការ​សិក្សា​ពីល​ទ្ធភាព​ផលិត​អគ្គិស​នី​នៃ​តំបន់​អារ៉ែង​នេះ។

«បើ​សិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ចង់​អភិរក្ស ​ចង់​ទុក​តំបន់​អារ៉ែងក្លាយ​ជា​បេតិ​កភណ្ឌ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយលោកហ៊ុន សែន​ នឹង​មិន​និយាយ​ទាក់​ទង​នឹង​ការ​ដាក់​កាំ​ភ្លើង​ឬ​ដាក់​គ្រាប់​រ៉ុក្កែត ​ការ​បណ្តេញ​អាឡិច ​ចេញ​ពី​កម្ពុជា​ចង់​សំដៅ​ថា​រដ្ឋា​ភិបាល​មិន​ចង់​ទុក​អារ៉ែង​ជា​តំបន់​អេកូ​ទេសចរណ៍ ​ឬចង់​អភិវឌ្ឍ​តំបន់​អារ៉ែង​ ឲ្យ​ទៅ​ជា​ទំនប់​វារី​អគ្គិសនី។​បើ​សិន​ជា​គាត់​មាន​ឆន្ទៈ​ចង់​ទុក​តំបន់​អារ៉ែងសម្រាប់​កូន​ចៅជំនាន់​ក្រោយ​មែន​ មិនចាំបាច់​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទេ​ព្រោះ​បើ​តំបន់​នេះ​មិន​ត្រូវ​អភិវឌ្ឍ​តើ​យើង​ត្រូវ​ការ​ការសិក្សា​ស្រាវជ្រាវ​ធ្វើ​អ្វី»។

យោង​តាម​ក្រុម​អ្នក​ការពារ​បរិដ្ឋានតំបន់​អារ៉ែង​គឺជា​ជង្រុក​ធន​ធាន​ធម្មជាតិ​និង​ជីវ​ចម្រុះ​ធំបំផុត​ចុង​ក្រោយ​គេ​នៅ​តំបន់​អាស៊ី៕

XS
SM
MD
LG