សកម្មជនការពារបរិដ្ឋានតំបន់អារ៉ែង លោក Alex Gonzalez Davidson បានសម្រេចចិត្តជាចុងក្រោយមិនចាកចេញពីប្រទេសកម្ពុជាតាមសំណើរបស់ក្រសួងមហាផ្ទៃនោះទេនៅថ្ងៃសុក្រនេះ ដើម្បីអ្វីដែលលោកហៅថាជាការការពារឆន្ទៈរបស់ខ្លួន ខណៈពេលដែលក្រសួងមហាផ្ទៃមិនទាន់ចាត់វិធានការបែបណាលើរូបលោកនៅឡើយ។
ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជាបានបដិសេធផ្តល់ទិដ្ឋាការថ្មីដល់សកម្មជនជនជាតិអេស្ប៉ាញរូបនេះក្រោយពីរូបលោកបានដឹកនាំការតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងការធ្វើទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង លើជួរភ្នំក្រវ៉ាញនៃខេត្តកោះកុង។
បន្ថែមពីនោះក្រសួងមហាផ្ទៃបានបង្គាប់ឲ្យលោកចាកចេញពីប្រទេសកម្ពុជាមួយរយៈក្រោយពីមានប្រតិកម្មជាច្រើនជុំវិញការសម្រេចចិត្តរបស់ខ្លួន។
លោកAlex Gonzalez Davidson ប្រធានអង្គការមាតាធម្មជាតិដែលទិដ្ឋាការរបស់លោកអស់សុពលភាពសម្រាប់ស្នាក់នៅប្រទេសកម្ពុជានៅថ្ងៃនេះលើកឡើងថាការសម្រេចចិត្តមិនចាកចេញពីប្រទេសកម្ពុជាដោយសារតែលោកគោរពនូវការប្តេជ្ញាចិត្តផ្ទាល់ខ្លួននិងគោរពតាមគោលបំណងនៃអ្នកគាំទ្ររូបលោក។
«ខ្ញុំគ្មានជម្រើសអ្វីក្រៅពីគោរពពាក្យសំដី គោរពឆន្ទៈ មនសិការនិងពាក្យសំដីរបស់ខ្លួនឯងផ្ទាល់ដូច្នេះខ្ញុំបានសម្រេចចិត្តបើសិនជារដ្ឋាភិបាលល្ងង់ដល់កម្រិតចាប់(ខ្លួនខ្ញុំ)មែនឲ្យចាប់ចុះ។ខ្ញុំអស់កម្លាំងមែន ខ្ញុំភ័យខ្លាចមែនប៉ុន្តែខ្ញុំមិនអាចក្បត់មនសិការខ្លួនឯងបាននិងក្បត់អ្វីដែលប្រជាជនខ្មែររាប់លាននាក់កំពុងស្នើសុំ។គេស្នើសុំឲ្យខ្ញុំបន្ត»។
លោកយល់ថាប្រសិនបើលោកចាកចេញពីប្រទេសកម្ពុជានៅថ្ងៃនេះនឹងបំផ្លាញកិត្តិយសនិងបំផ្លាញសេចក្តីក្លាហាននៃចលនាមាតាធម្មជាតិរបស់លោក។
«ប្រសិនបើចាកចេញថ្ងៃនេះក៏អត់មានអ្នកណាធានាថាឲ្យ(ខ្ញុំ)ចូលវិញទេ។ ចេញថ្ងៃនេះក៏បារម្ភថាគេមិនឲ្យចូល គេចាប់ក៏បារម្ភថាគេមិនឲ្យចូលដដែល។ នេះជា ការពិត»។
លោកAlex Gonzalez Davidson បានដឹកនាំការតវ៉ាប្រឆាំងនឹងការធ្វើទំនប់វារីអគិ្គសនីនៅតំបន់អារ៉ែងរបស់ក្រុមហ៊ុនចិនSinohydro ដែលជាក្រុមហ៊ុនចិនមួយមានភាពជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនភាពីម៉ិចដ៏មានឥទ្ធិពលមួយនៅកម្ពុជា។ អ្នកការពារបរិដ្ឋានលោកខាងលិចរូបនេះបានរៀបរាប់ថាតំបន់អារ៉ែងគឺជាជង្រុកសម្បតិ្តធម្មជាតិមហាសាលរបស់កម្ពុជាដែលនៅសេសសល់ចុងក្រោយប្រចាំតំបន់អាស៊ី។ តំបន់នេះមានទាំងសត្វចម្រុះច្រើនប្រភេទនិងធនធានរ៉ែនិងព្រៃឈើស្តុកស្តម្ភ។សម្រាប់រូបលោកការបង្កើតទំនប់វារីអគ្គិសនីដែលមានកម្លាំងជាង១០០ ម៉េហ្គាវ៉ាត់នេះនឹងបំផ្លាញធនធានទាំងនេះរាប់ម៉ឺនហិកតា។
មានប្រតិកម្មយ៉ាងខ្លាំងក្លាទាមទារឲ្យក្រសួងមហាផ្ទៃផ្តល់ទិដ្ឋាការដល់លោកអាឡិកឡើងវិញជាពិសេសពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល ក្រុមយុវជននិងអ្នកនយោបាយប្រឆាំង។ ក៏ប៉ុន្តែក៏មានប្រតិកម្មពីក្រុមមន្ត្រីក្រសួងរ៉ែនិងថាមពលដែលគាំទ្រឲ្យការសម្រេចរបស់ក្រសួងមហាផ្ទៃមិនបន្តទិដ្ឋាការដល់លោកAlex Gonzalez Davidson។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍នៅថ្ងៃសុក្រនេះថាក្រសួងមហាផ្ទៃមិនទាន់មានវិធានការផ្លូវច្បាប់យ៉ាងណាចំពោះលោកអាឡិចនៅឡើយទេ។ ក៏ប៉ុន្តែលោកលើកឡើងថាសកម្មជនបរិដ្ឋានរូបនេះបានចាប់ផ្តើមរស់នៅដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវចាប់ពីពេលនេះតទៅ។
«ពេលនេះយើងមិនទាន់មានគោលការណ៍ មិនទាន់មានគម្រោងទេ។ ប៉ុន្តែយើងអាចនិយាយថាពីមួយថ្ងៃទៅមួយថ្ងៃគាត់ជាជនបរទេសដែលរស់នៅលើទឹកដីកម្ពុជាដោយលើសច្បាប់»។
នៅព្រឹកថ្ងៃសុក្រនេះដែរតំណាងអង្គការសង្គមស៊ីវិល បណ្តាញព្រះសង្ឃឯករាជ្យ ក្រុមយុវជននិងជនរងគ្រោះដោយសារជម្លោះដីធ្លីបានប្រមូលផ្តុំគ្នាយកញ្ញត្តិទៅដាក់ជូនរដ្ឋសភាដើម្បីស្នើសុំឲ្យរដ្ឋសភាអន្តរាគមដល់រដ្ឋាភិបាលឲ្យបន្តទិដ្ឋាការដល់លោកAlejendro Gonzalez Davidson ជាថ្មីទៀត។
ជនជាតិអេស្ប៉ាញរូបនេះបានមករស់នៅកម្ពុជាអស់រយៈពេល១២ឆ្នាំហើយ។ហើយលោកចេះនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញទៀតផង។
កាលពីថ្ងៃពុធលោកកឹម សុខា អនុប្រធានទី១រដ្ឋសភានិងជាអនុប្រធានគណបក្សសង្គ្រោះជាតិបានថ្វាយលិខិតដល់ព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម សីហមុនី ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ឲ្យសកម្មជនការពារបរិដ្ឋានតំបន់អារ៉ែង រូបនេះអាចស្នើសុំទិដ្ឋាការបន្តស្នាក់នៅកម្ពុជាបាន។
ក៏ប៉ុន្តែរហូតមកទល់ថ្ងៃសុក្រនេះនៅមិនទាន់មានការឆ្លើយតបពីព្រះមហាក្សត្រយ៉ាងណានៅឡើយទេ៕