ប្រធានអង្គការមាតាធម្មជាតិជនជាតិអេស្ប៉ាញ លោកAlex Gonzalez Davidson អាចប្រឈមនឹងការបណ្តេញចេញពីប្រទេសកម្ពុជាដោយសារការដឹកនាំការប្រឆាំងតវ៉ានឹងការសាងសង់ទំនប់វារីអគិ្គសនីរបស់ក្រុមហ៊ុនចិនមួយនៅតំបន់អារ៉ែង ខេត្តកោះកុង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសា លោកAlex Gonzalez និយាយថាអាជ្ញាធរបានដកលិខិតឆ្លងដែនរបស់លោកនៅពេលដែលលោកបានបញ្ជូនលិខិតឆ្លងដែនដើម្បីស្នើសុំទិដ្ឋាការថ្មី។ លោកបញ្ជាក់ថាមន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃត្រូវស្រង់សំដីក្នុងប្រព័ន្ធផ្សព្វផ្សាយថាលោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បញ្ជាមិនឲ្យផ្តល់ទិដ្ឋាការដល់រូបលោកនោះទេ ខណៈដែលទិដ្ឋាការ(visa)របស់លោកត្រូវផុតកំណត់នៅថ្ងៃទី២០ខែកុម្ភៈ។
លោក Alex បានសង្ស័យថាការមិនព្រមផ្តល់ឱ្យនេះទាក់ទងនឹងការងារក្នុងពេលកន្លងមករបស់លោក។
«ខ្ញុំគិតថាវិធានការនេះដោយសារសកម្មភាពរបស់ខ្ញុំក្នុងការតវ៉ាការពារធនធានធម្មជាតិនៅតំបន់អារ៉ែងយ៉ាងជាក់ស្តែង»។ លោកAlex Gonzalez បានថ្លែងយ៉ាងដូច្នេះចំពោះសំណួរអំពីមូលហេតុនៃការមិនផ្តល់ទិដ្ឋាការដល់រូបលោក។
លោកបន្ថែមថា៖ «ខ្ញុំនឹងមិនចាកចេញពីប្រទេសកម្ពុជាទេពីព្រោះខ្ញុំបានចាត់ទុកខ្លួនខ្ញុំជាជនជាតិខ្មែររួចទៅហើយតាំងពីឆ្នាំ២០០៧អញ្ចឹងខ្ញុំអត់អាចចេញបានទេ...ប៉ុន្តែបើគេយកប៉ូលិសអន្តោប្រវេសន៍មកបង្ខំឱ្យខ្ញុំចាកចេញខ្ញុំអត់តដៃទេព្រោះវប្បធម៌របស់ខ្ញុំគឺអត់មានប្រើអំពើហិង្សា។ អញ្ចឹងបើគេបង្ខំ ឱ្យចាកចេញខ្ញុំអត់មានជម្រើសក្រៅពីចាកចេញ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺបេះដូងខ្ញុំ និងចក្ខុវិស័យខ្ញុំនៅកម្ពុជាមួយជីវិតហើយ»។
ជនជាតិអេស្ប៉ាញរូបនេះបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំហើយ។ លោកចេះភាសាខ្មែរយ៉ាងស្ទាត់ជំនាញហើយលោកបានស្នើសុំសញ្ជាតិកម្ពុជាប៉ុន្តែត្រូវគេទារកម្រៃចំនួន៥ម៉ឺនដុល្លារអាមេរិក។ នេះបើតាមអ្វីដែលលោកបានបញ្ជាក់។
នៅថ្ងៃអង្គារនេះអង្គការសង្គមស៊ីវិលបានបង្ហាញប្រតិកម្មជាផ្លូវការយ៉ាងខ្លាំងរិះគន់ចំពោះការបដិសេធមិនព្រមផ្តល់ទិដ្ឋាការថ្មីដល់លោកAlex Gonzalez Davidson នេះ៕