ព្រះមហាក្សត្រគង់នៅស្ងៀមស្ងាត់នៅឡើយមួយថ្ងៃបន្ទាប់ពីមានសំណើសុំព្រះរាជអន្តរាគមន៍របស់អនុប្រធានសភាកម្ពុជា។
លោកកឹម សុខា អនុប្រធានទី១រដ្ឋសភានិងជាអនុប្រធានគណបក្សសង្គ្រោះជាតិបានថ្វាយលិខិតដល់ព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម សីហមុនី កាលពីថ្ងៃពុធដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ឲ្យសកម្មជនការពារបរិស្ថានតំបន់អារ៉ែង លោក Alejendro Gonzalez Davidson អាចស្នើសុំទិដ្ឋាការបន្តស្នាក់នៅកម្ពុជាបាន។
ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបានបដិសេធមិនព្រមបន្តទិដ្ឋាការដល់ប្រធានអង្គការមាតាធម្មជាតិ សញ្ជាតិអេស្ប៉ាញរូបនេះដោយសំអាងថាលោកបានរារាំងកិច្ចអភិវឌ្ឍន៍និងធ្វើឲ្យប៉ះពាល់ដល់បញ្ហាសន្តិសុខ។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាននានា ខណៈដែលទិដ្ឋាការរបស់លោកនឹងអស់សុពលភាពនៅថ្ងៃសុក្រស្អែកនេះ។ ដោយឡែកលិខិតឆ្លងដែនរបស់លោកត្រូវដកហូតទុកផងដែរ។
ក្រសួងមហាផ្ទៃបានស្នើឲ្យលោកចាកចេញពីប្រទេសកម្ពុជាមួយរយៈសិនទើបអាចទទួលទិដ្ឋាការថ្មីបាន។
នៅក្នុងលិខិតទៅកាន់ព្រះមហាក្សត្រ លោក កឹម សុខា លើកឡើងថាលោកAlex Gonzalez Davidson មិនមែនជាឧក្រិដ្ឋជននិងជាជនដែលបំផ្លាញធនធានធម្មជាតិនៅកម្ពុជានោះទេ។ ប៉ុន្តែគឺជាសកម្មជនដែលចូលរួមចំណែកការពារនិងថែរក្សាធនធានធម្មជាតិនៅកម្ពុជា។
លោកកឹម សុខា បាននិយាយថាលោកមិនទាន់ទទួលព្រះរាជសារឆ្លើយតបពីព្រះមហាក្សត្រនៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។
«មិនទាន់បានទទួលចម្លើយនៅឡើយ»។
លោក អ៊ុំ តារាវុធ សមាជិកខុទ្ទកាល័យព្រះមហាក្សត្រមានប្រសាសន៍ថាលោកមិនទាន់ដឹងថាតើព្រះមហាក្សត្របានទទួលលិខិតរបស់លោកកឹម សុខាហើយឬយ៉ាងណានោះទេដោយសារតែលោកកំពុងស្ថិតនៅឯខេត្ត។
លោក Alex Gonzalez Davidson ប្រធានអង្គការមាតាធម្មជាតិបានដឹកនាំការតវ៉ាប្រឆាំងនឹងការធ្វើទំនប់វារីអគិ្គសនីនៅតំបន់អារ៉ែងរបស់ក្រុមហ៊ុនចិន Sinohydro ដែលជាក្រុមហ៊ុនចិនមួយមានភាពជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនភាពីម៉ិចដ៏មានឥទ្ធិពលមួយនៅកម្ពុជា។ អ្នកការពារបរិស្ថានលោកខាងលិចរូបនេះបានរៀបរាប់ថាតំបន់អារ៉ែងគឺជាជង្រុកសម្បតិ្តធម្មជាតិមហាសាលរបស់កម្ពុជាដែលនៅសេសសល់ចុងក្រោយប្រចាំតំបន់អាស៊ី។ តំបន់នេះមានទាំងសត្វចំរុះច្រើនប្រភេទនិងធនធានរ៉ែនិងព្រៃឈើស្តុកស្តម។ សម្រាប់រូបលោកការបង្កើតទំនប់វារីអគ្គិសនីដែលមានកម្លាំងជាង១០០ម៉េហ្គាវ៉ាត់នេះនឹងបំផ្លាញធនធានទាំងនេះរាប់ម៉ឺនហិកតា។
នៅថ្ងៃនេះក្រុមមន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពលសរុបជាង១០០នាក់បានផ្តិតមេដៃគាំទ្រឲ្យការសម្រេចមិនបន្តទិដ្ឋាការដល់លោក Alex Gonzalez Davidson របស់ក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកយល់ថាក្រសួងមហាផ្ទៃមានការភ័ន្តច្រឡំក្នុងការអនុវត្តវិធានការច្បាប់លើលោកអាឡិក។
មន្ត្រីសិទ្ធិមនុស្សដដែលចាត់ទុកថាលោកអាឡិកមិនមែនជាជនបរទេសដែលស្ថិតក្នុងលក្ខខណ្ឌជាជនអន្តោប្រវេសន៍នោះទេ ដូច្នេះក្រសួងមហាផ្ទៃមិនមានសិទ្ធិដេញគាត់ចេញពីប្រទេសនៅពេលដែលទិដ្ឋាការរបស់គាត់ផុតកំណត់នោះ។ ប៉ុន្តែក្រសួងមហាផ្ទៃមានសិទ្ធិត្រឹមតែផាកពិន័យប៉ុណ្ណោះ។
«បើសិនជាក្រសួងមហាផ្ទៃអនុវត្តន៍ខុសពីនេះ ខ្ញុំយល់ថានេះជាការរំលោភច្បាប់»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានច្រានចោលការយល់ឃើញបែបនេះ។
«អ្វីដែលយើងបានធ្វើគឺអនុវត្តតាមច្បាប់ដែរ។ បើ(យល់ថា)ខុសច្បាប់ប្តឹងទៅតុលាការទៅ»។
ការបដិសេធផ្តល់ទិដ្ឋាការដល់សកម្មជនជនជាតិអេស្ប៉ាញការពារតំបន់អារ៉ែងបានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាដូចជាប្រតិកម្មនិងអន្តរាគមន៍ពីមេដឹកនាំគណបក្សសង្គ្រោះជាតិនិងពីអង្គការសង្គមស៊ីវិលជាដើម។
ក្រោយពីមានស្នាមផ្តិតមេដៃពីមន្ត្រីក្រសួងរ៉ែនិងថាមពលក៏មានប្រជាពលរដ្ឋតាមបណ្តាញសង្គមជាច្រើនបង្ហាញប្រតិកម្មគាំទ្រឲ្យផ្តល់ទិដ្ឋាការដល់លោក Alex Gonzalez Davidson និងគាំទ្រឲ្យលោកបន្តស្នាក់នៅកម្ពុជាតទៅទៀត។
ទាក់ទងនៅថ្ងៃនេះ លោក Alex Gonzalez Davidson នៅតែរក្សាជំហរមិនចាកចេញពីប្រទេសកម្ពុជាដដែល៕
ស្តាប់បទសម្ភាសន៍ VOA ជាមួយលោក Alex Gonzalez៖