គណបក្សប្រឆាំងព្រមានអំពីវិនិយោគបរទេសដែលបំផ្លិចបំផ្លាញប្រទេស
មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ីថ្លែងថា ខណៈដែលគណបក្សសង្គ្រោះជាតិរបស់លោកគាំទ្រការវិនិយោគពីបរទេសនោះ ប្រទេសកម្ពុជាចាំបាច់ត្រូវធានារ៉ាប់រងថា នឹងគ្មានការបំផ្លិចបំផ្លាញប្រទេសកម្ពុជាឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយលោកប៉ូច រាសីនៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកសម រង្ស៊ីថ្លែងថា ផលប្រយោជន៍ជាតិចាំបាច់ត្រូវតែរក្សាការពារ។ ការព្រមានរបស់មេដឹកនាំគណបក្សប្រឆាំងនេះធ្វើឡើងចំពេលដែលមានសេចក្តីរាយការណ៍មួយនៅសប្តាហ៍នេះ ដែលថា បណ្តាចំការកៅស៊ូវៀតណាមស្ថិតនៅពីក្រោយគម្រោងអភិវឌ្ឍសេដ្ឋកិច្ចដែលបានបង្ខំឲ្យអ្នកស្រុកជាច្រើនបាត់បង់ផ្ទះសម្បែង៕