ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នកទោស​គុក​ទួលស្លែង​ដាក់​បណ្តឹង​ប្រឆាំង​មេដឹកនាំ​គណបក្សជំទាស់


លោក​ជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​លើកដៃ​ស្វាគមន៍​បាតុករ​​ប្រឆាំង​​​លោកកឹម សុខា។​
លោក​ជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​លើកដៃ​ស្វាគមន៍​បាតុករ​​ប្រឆាំង​​​លោកកឹម សុខា។​
លោក​ជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​បានដាក់​បណ្តឹង​ប្រឆាំង​លោក​កឹម សុខា ​ មេដឹកនាំ​គណបក្ស​ជំទាស់​ធំជាង​គេ​នៅ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​ពីបទ​បរិហារកេរ្តិ៍​ពាក់​ព័ន្ធ​នឹង​សេចក្តី​ថ្លែងការណ៍​អំពី​រឿង​គុក​ទួលស្លែង។​

ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ​បណ្តឹង​នេះ​នឹង​ក្លាយ​ជា​ការ​កៀប​សង្កត់​លើ​គណបក្ស​ប្រជែង​កាន់តែខ្លាំង​ឡើង​ថែម​ទៀត។​

លោក​គួយ ធុនណា​ មេធាវី​របស់លោក​ជុំ ម៉ី ​និង​អតីត​កុមារ​អ្នកទោស​គុក​ទួលស្លែង​ពីរ​នាក់​និង​អតីត​យុទ្ធ​នារី​ខ្មែរក្រហម​ម្នាក់​ ដែល​ធ្លាប់​ជាប់​គុក​ទួលស្លែង​រយៈ​ពេល​ខ្លី ​បាន​យក​បណ្តឹង​កូនក្តី​របស់​ខ្លួន​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ។​

លោកនិយាយថា៖ ​«កូនក្តី​ខ្ញុំ​មាន​ជុំ ម៉ី ​ នង ចាន់​ផល ​ជិន ម៉េត ​និង​នង គឹមចាន់ ​ប្តឹង​លោក​កឹម សុខា​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ។​ ពួកគាត់​បាន​ទារ​សំណង​១០០០​ដុល្លារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ឧទ្ទិស​កុសល្យ​តាម​ទំនៀម​ទម្លាប់​ ប្រពៃណី​ខ្មែរ​និង​ព្រះ​ពុទ្ធ​សាសនា​នៅ​គុក​ទួលស្លែង»។​

លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ត្រូវ​បាន​រាយ​ការណ៍​ថា ​បាន​និយាយ​ថា ​គុក​ទួលស្លែង​ជា​គុក​សិប្បនិមិត្ត​ និង​រៀបចំ​ដោយ​ប្រទេស​វៀតណាម​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ជុំ ម៉ី​ដឹកនាំ​បាតុកម្ម​ធំ​មួយ​ទាមទារ​ឲ្យ​លោក​កឹម សុខា​សុំទោស​ជន​រងគ្រោះ​គុក​ទួលស្លែង​កាលពី​ថ្ងៃទី​៩​ខែមិថុនា។​

ប៉ុន្តែ​លោក​កឹម សុខា​បាន​ច្រានចោល​ការ​លើកឡើង​នេះ​និង​ប្រកែក​មិន​ព្រមធ្វើ​ការ​សុំ​ទោស ​ដោយ​លោក​ចាត់ទុក​ថា ​ការ​ទាមទារ​នេះ​ត្រូវ​បង្វិល​ដោយ​គណបក្ស​កាន់​អំណាច។​

លោក​មេធាវី​គួយ ធុនណា​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ការដាក់​បណ្តឹង​ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​នេះ​មិនមែន​ផ្តោត​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​កឹម សុខា​នោះ​ទេ ​ប៉ុន្តែ​គឺ​ផ្តោត​លើ​ការ​បកស្រាយ​របស់​លោក​ដែល​ថា​ សម្លេង​របស់​លោក​ត្រូវ​បាន​យក​មក​កាត់​ត​នោះ។​

លោក​យ៉ែម បុញ្ញារិទ្ធ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​ប្រសាសន៍​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​បណ្តឹង​ប្រឆាំង​លោក​កឹម សុខា​ទេ។ ​ប៉ុន្តែ​មន្ត្រី​នយោបាយ​របស់​គណបក្ស​នេះ​នឹង​ត្រូវ​ប្រជុំគ្នា​នៅ​ល្ងាច​នេះ។​

មន្ត្រី​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​ដដែល​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះឆ្នោត​ដែល​នឹង​មក​ដល់​នៅ​ចុង​ខែ​ក្រោយ​នេះ។​

លោកនិយាយថា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង ​ពីព្រោះ​បើសិន​ស្ថាន​ការណ៍​នៅ​តែ​មាន​ការ​រំខាន ​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ ​ភាព​មិន​ប្រក្រតី​ដូច្នេះ​ យើង​យល់​ឃើញ​ថា​ ការ​បោះឆ្នោត​នេះ​មិន​ប្រព្រឹត្ត​ទៅដោយ​សេរី ​ត្រឹមត្រូវ​និង​យុត្តិធម៌​ទេ»។​

លោក​បណ្ឌិត​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​(និកហ្វិក)​ និយាយ​ថា ​នេះ​អាច​ជា​ចេតនា​នយោបាយ​សម្រាប់​បង្អាប់​គណបក្ស​ជំទាស់។​

លោក​និយាយថា៖​ «គោល​បំណង​នៃ​ការ​ប្តឹង​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ ពិសេស​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ធ្លាក់​ចុះ»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ថ្ងៃទី​២៨​ ខែកក្កដា ​ឆ្នាំ២០១៣​នេះ។ មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត។ ​

ដោយឡែក​ការ​ឃោសនា​បោះ​ឆ្នោត​រយៈ​ពេល​៣០ថ្ងៃ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៧​ខែមិថុនា​នេះ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​បាន​អំពាវនាវ​ឲ្យលោក ជុំ ម៉ី​ផ្អាក​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា​មួយរយៈ​ក្នុង​អំឡុង​ពេល​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ដើម្បីឲ្យមានបរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត។​ ជាមួយគ្នា​នោះ ​លោក​ហ៊ុន សែន​បាន​និយាយ​បើកផ្លូវ​ថា​ លោក​ជុំ ម៉ី​អាច​ធ្វើ​វិធី​ផ្សេង​ទៀត​ក្រៅពី​បាតុកម្ម​ដើម្បី​ប្រឆាំង​លោក​កឹម សុខា។​

នៅក្នុង​ពេលនេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ត្រូវ​រារាំង​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​បាន ​ដោយសារ​ការ​ផ្តន្ទាទោសរ​បស់​តុលាការ​ខ្មែរ​ដែល​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ នោះ​ជា​រឿង​នយោបាយ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG