ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា​ផ្ទុះ​ឡើង​តាម​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន


លោកជុំ មៃ ​អតីតអ្នក​ទោស​គុកទួលស្លែង​ប្រកាស​ប្រឆាំង​លោក​កឹម សុខា​ ​និង​តុលាការខ្មែរក្រហម​ពេលធ្វើ​បាតុកម្ម​កាល​ពីថ្ងៃ​អាទិត្យ។​
លោកជុំ មៃ ​អតីតអ្នក​ទោស​គុកទួលស្លែង​ប្រកាស​ប្រឆាំង​លោក​កឹម សុខា​ ​និង​តុលាការខ្មែរក្រហម​ពេលធ្វើ​បាតុកម្ម​កាល​ពីថ្ងៃ​អាទិត្យ។​
ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​ជាង​៣០ឆ្នាំ​ថា​នឹង​មាន​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការអត្ថាធិប្បាយ​របស់​លោក​អំពី​គុក​ទួល​ស្លែង​ មាន​ចលនា​បាតុកម្ម​លើក​ដំបូង​មួយ​បាន​កើត​មាន​ឡើង​មែន​នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្សបាន​និយាយ​ថាចំនួន​មនុស្ស​ដែល​អះអាង​ថា​នឹង​មាន​ចំនួន​២ម៉ឺន​នាក់​ធ្វើ​មហាបាតុកម្ម​នៅទី​លាន​ប្រជាធិបតេ​យ្យ​និង​៥០០​នាក់ផ្សេងទៀត​ដង្ហែរ​ទៅ​កាន់​ទី​ស្នាក់​ការ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ថយចុះ​ជាង​ការរំពឹង​ទុក។​

ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ជាលើក​ដំបូង​នេះ​មិនមាន​ប៉ូលិស​បង្ក្រាប​បាតុកម្ម​និង​រថយន្ត​បាញ់ទឹក​ទេ​តែផ្ទុយទៅវិញ​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បែរ​ជាមាន​រថយន្ត​ពេទ្យ​និង​រៀបចំ​បង្គន់​អនាម័យ​ យ៉ាងមាន​របៀប​រៀប​រយ​ព្រម​ទាំង​មាន​ការផ្សាយ​បន្ត​ផ្ទាល់​ពី​សកម្មភាព​បាតុកម្ម​តាម​រយៈស្ថានីយ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន​ទៅវិញ។​

លោក​ មឿន តុលា​មន្ត្រី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​រិះគន់​ថា​អាជ្ញាធរ​មាន​ភាព​លំអៀង​ក្នុង​ការរៀបចំ​កិច្ចការពារ​បាតុកម្ម​បើប្រៀប​ធៀប​ការធ្វើ​បាតុកម្ម​មុនៗ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ផ្សេងៗ។​

លោកនិយាយថា៖ «បើ​យើង​ប្រៀបធៀប​នឹង​កូដកម្ម​និង​បាតុកម្ម​កន្លង​មក​មាន​ភាព​ខុស​ប្លែក​គ្នា​សុទ្ធសាធ​គឺថា​វាខុសគ្នា​ការ​ធ្វើ​ដោយ​សហជីព​និង​សហគម​ ផ្សេង​មាន​ការ​រិត​ត្បិត​មាន​ការ​បិទ​ផ្លូវ​មាន​ការ​ហាម​ឃាត់​កំណត់​ចំនួន​ក្នុង​ការ​ដើរ​។ល។​និង​។ល។​ អញ្ចឹង​យើង​មាន​ការ​ខុស​គ្នា​ច្រើន»។​

ក្រុម​បាតុករ​ដែល​អះអាង​ថា​ជាអ្នក​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​ក៏​ប៉ុន្តែ​ភាគ​ច្រើន​ជា​សមាជិក​សកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មក​ប្រមូល​ផ្តុំគ្នា​នៅទី​លាន​ប្រជាធិបតេយ្យ​ដោយមាន​កាន់​បដា​សរសេរ​រិះគន់​លោក​កឹម សុខា​ថា​ជាអ្នក​បំភ្លៃ​ប្រវត្តិសាស្ត្រ​មុន​នឹង​ពួកគេ​បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ឆ្ពោះទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ទីតាំង​នៅ​ខណ្ឌទួល​គោក។​

មិន​មាន​ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច​រហូត​ដល់​មាន​របួស​ឬ​ក៏​ដួល​ សន្លប់​ដូច​ការ​តវ៉ា​របស់​សហគមន៍​បឹងកក់​ទេ។ ​ក្រុម​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​បាន​និយាយ​ថា​អាជ្ញាធរ​បាន​សម្រួល​ ការធ្វើ​ចរាចរណ៍​គ្រប់​បែប​យ៉ាង​សម្រាប់​ក្រុម​បាតុករ​មិន​មាន​ការ​បង្រ្កាប ​ណា​មួយ​ត្រូវ​បាន​ធ្វើឡើង​ទេ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ជុំ ម៉ី​ ប្រធាន​សមាគម​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​គាំទ្រថា​គោល​បំណង​នៃ​ការដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​នេះ​ដើម្បី​ឱ្យ​លោក​កឹម សុខា​ សុំទោស​ចំពោះ​ការ​អត្ថា​ធិប្បាយ​របស់​លោក​កន្លង​មក​ដែល​បាន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។​

លោក​ជុំ ម៉ី​ ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញពី​ប្រធាន​សមាគម​ដោយ​សារ​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​គ្មាន​ការ​ឯកភាព​ពី​សមាជិក​របស់​សមាគម​នោះ​បាន​ប្រកាស​ថា​ការដឹកនាំ​ធ្វើ​បាតុកម្ម​គឺ​ចេញពី​ឆន្ទៈរបស់​លោក​មិន​មាន​គណបក្ស​នយោបាយ​ណា​នៅ​ពី​ក្រោយ​ទេ។​

ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយពី​លោក​ជុំ ម៉ី​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​លោក​កឹម សុខា​តែ​លោក​បែរ​ជា​កោតសរសើរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​ទៅ​វិញ។

លោកនិយាយថា៖ «សួរ​ថា​សាលាក្តី​ហ្នឹង​គេធ្វើ​ការ​អ្វី​បង​ប្អូន​ជន​រួមជាតិ​ទាំង​អស់​គេធ្វើ​ការ​អ្វី​ពិភព​លោក​គេធ្វើ​ការអ្វី​ អស់​លុយ​រាប់​ម៉ឺន​រាប់​លាន​ដើម្បី​កាត់​ទោស​ខ្មែរ​ក្រហម​ចុះ​រឿង​អ្វី​បាន​ជា​កឹម សុខា​គាត់​ចង់​បំបាត់​ប្រវត្តិ​សាស្ត្រ​ជាតិ​ខ្មែរ​ហ្នឹង»។​

នៅពេល​ដែល​VOA​សំឡេង​សហរដ្ឋ​អាមេរិក​សួរ​លោក​ជុំ ​ម៉ី​ថា​លោក​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ដោយ​ឯករាជ្យ​ចុះ​ហេតុ​អ្វីបាន​ជា​លោក​គាំទ្រ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​ទៅ​វិញ។​លោក​ជុំ ម៉ី​មាន​ទឹក​មុខ​មាំ​តែ​មិន​បាន​ឆ្លើយ​និង​សំណួរ​ទាំង​នេះ​ទេ។​

ក្រុម​បាតុករ​ក្រោយ​ពីបាន​ជិះ​រថយន្ត​យក​ញត្តិ​ទៅដាក់​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​រួច​មក​បាន​រំលាយ​មក​វិញ​បន្ទាប់​ពី​អ្នក​ស្រី​មួរ សុខហួរ​មក​ទទួល​យក​ញត្តិ។​

អ្នក​ស្រី​មួរ សុខហួរ​បាន​និយាយ​ថា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺត្រូវការ​ឱ្យ​មាន​ការ​ឯភាព​ជាតិ​ យើង​ត្រូវ​ការ​សន្តិភាព​និង​ការ​រួម​រួម​គ្នាតែ​មួយ​ពីគ្រប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG