ខេត្តកោះកុង —
ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារនៅក្នុងខេត្តកោះកុងត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិនមួយធ្វើការអភិវឌ្ឍតំបន់លំហែកាយទេសចរណ៍ខ្នាតធំ។ គ្រួសារភាគច្រើនបានបង្ខំចិត្តផ្លាស់ទៅរស់នៅទីតាំងថ្មី ខណៈដែលខ្លះទៀតបានប្រកែកមិនព្រមចាកចេញពីភូមិកររបស់ពួកគេ ដោយនិយាយថា ពួកគេសុខចិត្តស្លាប់នៅក្នុងភូមិកំណើតរបស់ខ្លួនវិញ។
លោកពៀវ លាវទើបនឹងវិលត្រឡប់មកពីនេសាទត្រីនៅក្នុងស្ទឹងមួយក្បែរផ្ទះ នៅក្នុងភូមិតានីនេះ ស្ថិតក្នុងស្រុកគីរីសាគរ ក្នុងតំបន់ឆ្នេរនៃខេត្តកោះកុង។
បុរសវ័យ៦៣ឆ្នាំនេះមានចម្ការស្វាយ ស្វាយចន្ទីនិងដូងជុំវិញផ្ទះ ហើយក៏មានដីស្រែជាង១ហិកតាដែលលោកពឹងអាស្រ័យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់លោកអស់ជាច្រើនជំនាន់មកហើយ។
ប៉ុន្តែចាប់តាំងពីឆ្នាំ២០០៨មក ដីភូមិនិងដីស្រែរបស់លោកបានស្ថិតនៅក្នុងផ្ទៃដីទំហំ៣៦០០០ហិកតាដែលរដ្ឋាភិបាលបានសម្រេចជួលទៅឲ្យក្រុមហ៊ុនចិនមួយឈ្មោះយូនៀន ឌីវែលឡប់មិនហ្គូប Union Development Group Co., Ltd រយៈពេល៩៩ឆ្នាំដើម្បីអភិវឌ្ឍតំបន់រមនីដ្ឋានលំហែកាយទេសចរណ៍ខ្នាតធំមួយ។
ដូចអ្នកភូមិដទៃទៀតដែរ លោកពៀវ លាវត្រូវបានបង្ខំឲ្យចាកចេញទៅតាំងទីលំនៅថ្មីដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រក្នុងតំបន់ខ្ពង់រាប ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិនធ្វើការអភិវឌ្ឍ។
ប៉ុន្តែខុសពីអ្នកភូមិភាគច្រើនទៀត លោកពៀវ លាវបានបដិសេធមិនព្រមចាកចេញពីផ្ទះសម្បែងនិងភូមិកររបស់លោកឡើយ។
លោកនិយាយថា៖ «ទៅនៅអាផ្ទះថ្មីគេហ្នឹង វាយ៉ាប់ អត់មានស្អីសោះ តាំងពីដូងក៏អត់មាន ស្វាយក៏អត់មាន ស្រែក៏អត់មាន ស្អីក៏អត់មាន មានតែព្រៃ»។
ប្រជាជនជាង១១០០គ្រួសារនៅក្នុងភូមិចំនួន១៣នៃស្រុកពីរគឺស្រុកគីរីសាគរ និងបូទុមសាគររបស់ខេត្តកោះកុងនេះ បានរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនចិន ដែលមានទឹកប្រាក់ជាង៣ពាន់លាន៨សែនដុល្លារអាមេរិក នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារខាងវិស័យដីធ្លី។
រហូតមកដល់ពេលនេះ គ្រួសារភាគច្រើនបានបង្ខំចិត្តចាកចេញទៅរស់នៅទីតាំងថ្មីដែលក្រុមហ៊ុនរៀបចំឲ្យ។ នៅសល់តែគ្រួសារមួយចំនួនតូចប៉ុណ្ណោះដែលបន្តប្រកែកមិនព្រមចេញ ដោយលើកឡើងថា សំណងរបស់ក្រុមហ៊ុនមិនសមស្របទៅនឹងអ្វីដែលពួកគេនឹងត្រូវបាត់បង់នោះទេ។
អ្នកស្រីយី លីនដាគឺជាអ្នកភូមិម្នាក់ទៀតដែលនៅសល់ក្នុងភូមិជាមួយលោកពៀវ លាវ។ អ្នកស្រីនិយាយថា៖ «ខ្ញុំចង់នៅភូមិខ្ញុំ ស្រុកខ្ញុំ។ កន្លែងកើតរបស់ខ្ញុំ មានគោ មានក្របី។ ប៉ុន្តែបើក្រុមហ៊ុនអភិវឌ្ឍមែន ខ្ញុំត្រូវតែចេញ។ ក៏ប៉ុន្តែត្រូវតែមានសំណងឲ្យប្រជាជន។ លើកទឹកចិត្តឲ្យប្រជាជនចេញពីតានី ទឹកដីស្រែចម្ការ ឲ្យមានលុយ មានកាក់ទិញអង្ករហូបដែរ មិនមែនឲ្យ២៥០ដុល្លារ ទិញអង្ករហូបមិនបាន១ខែផង។ គ្រួសារខ្ញុំ៧ឬ៨នាក់។ អង្ករមួយខែមួយបាវ អត់គ្រាន់ទេ ហើយដំណាំ ខ្ញុំខំធ្វើតាំងពីកើតមកនេះទៅជាខ្ញុំឲ្យគេទទេរៗអញ្ចឹង។ តំណតទៅ តើកូនចៅខ្ញុំបានអីហូប?»
បច្ចុប្បន្ន ក្រុមហ៊ុនចិននេះកំពុងមមាញឹកសាងសង់ផ្លូវសំខាន់មួយខ្សែនៅក្នុងគម្រោងរបស់ខ្លួន ដែលនឹងរួមបញ្ចូលសណ្ឋាគារ និងបនល្បែងលំដាប់ខ្ពស់ ព្រមទាំងកំពង់ផែសមុទ្រមួយផងដែរ។ នេះបើយោងតាមផែនការមេរបស់ក្រុមហ៊ុននេះ។
ដោយមានការព្រមព្រៀងពីរដ្ឋាភិបាល ក្រុមហ៊ុននេះត្រូវចេញសំណងដល់គ្រួសារនីមួយៗដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងនេះ។ សំណងនេះត្រូវមានទឹកប្រាក់ពីពីរបីរយដុល្លាររហូតដល់៨ពាន់ដុល្លារចំពោះដីស្រែចម្ការក្នុងមួយហិកតា អាស្រ័យទៅលើប្រភេទដីដែលមានដំណាំច្រើន ឬតិច ឬអត់។
វីអូអេបានព្យាយាមទាក់ទងតំណាងក្រុមហ៊ុនចិន Union Development Group Co., Ltd ប្រចាំនៅកម្ពុជាឈ្មោះ Li Zhi Xuan ដើម្បីស្នើសុំការអធិប្បាយ តែមិនអាចទាក់ទងបានទេ។ ជំនួយការម្នាក់របស់លោកនៅទីក្រុងភ្នំពេញនិយាយថា លោកមិនអាចផ្តល់បទសម្ភាសន៍ណាមួយបានទេ។
ទោះជាយ៉ាងនេះក្តី លោកស្រីអ៊ិន សុភី អភិបាលរងស្រុកគីរីសាគរ និយាយថា សំណងរបស់ក្រុមហ៊ុនចិនគឺអាចទទួលយកបាន។
អ្នកស្រីនិយាយថា៖ «និយាយទៅ វាសមស្របដែរ ព្រោះថា បើគាត់អត់មានដំណាំអីផង ជាដីទទេរ ជាគោលការណ៍រដ្ឋាភិបាលកំណត់មកអញ្ចឹងហើយ។ បើដីគាត់មានដំណាំ គេឲ្យតាមស្តង់ដារហ្នឹងហើយ»។
ក្រៅពីសំណងនេះ គ្រួសារនីមួយៗទទួលបានផ្ទះឈើមួយខ្នង និងដីទំហំសរុប២ហិកតាកន្លះ។
ប៉ុន្តែអ្នកភូមិខ្លះនៅតែមិនអាចទទួលយកបាននូវកញ្ចប់សំណងនេះ ដោយនិយាយថា ទីតាំងថ្មីខ្វះទឹក ខ្វះភ្លើងនិងខ្វះហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត ដូចជាសាលារៀន វត្តអារាមនិងមន្ទីរពេទ្យជាដើម។
លោកយាន នៅគឺជាអ្នកនេសាទនិងកសិករម្នាក់នៅក្នុងភូមិចម្លងគោ ដែលរងការបណ្តេញចេញដោយបង្ខំដែរ។
លោកនិយាយថា៖ «ខ្ញុំអត់យល់ មិនដឹងថា អាជ្ញាធរកសាងប្រទេសយ៉ាងម៉េចយកប្រជាពលរដ្ឋទៅអត់ឃ្លានអញ្ចឹង ហើយយកដីខ្មែរ ដីប្រជាពលរដ្ឋកសាងដោយខ្លួនឯង រស់នៅដោយខ្លួនឯង យកទៅឲ្យគេ។ ខ្ញុំ វាអត់យល់ មិនដឹងថារដ្ឋាភិបាលគិតយ៉ាងម៉េចអារឿងហ្នឹង។ គេថា រីកចម្រើន។ បួនដប់២០ឆ្នាំទៀតសម្បូរសប្បាយ ប៉ុន្តែទម្រាំដល់ពេលហ្នឹង ខ្ញុំស្លាប់បាត់ទៅហើយ»។
លោកប្រាក់ ធួនក៏ជាអ្នកនេសាទម្នាក់ទៀតដែរ ដែលរងការបណ្តេញចេញពីភូមិកររបស់លោកនៅក្នុងភូមិពាមកាយនេះ។
លោកនិយាយថា «ខ្ញុំចង់រស់នៅទីនេះតែម្តង ស្រុកភូមិ អាកេរ្ត៍អាករហ្នឹងតែម្តង។ ទោះស្លាប់ ក៏ស្លាប់នៅទីនេះចុះ កុំឲ្យទៅស្លាប់នៅលើដីថ្មី អត់ចំណីហូបនោះ»។
អ្នកភូមិទាំងនេះនិយាយថា ពួកគេនៅតែទន្ទឹងរង់ចាំមើល ថាតើមាននរណាអាចជួយពួកគេបានដែរឬទេ ដើម្បីឲ្យពួកគេអាចបន្តជីវភាពរស់នៅបានដូចធម្មតាតទៅទៀត ដោយមិនចាំបាច់ត្រូវផ្លាស់ទៅទីលំនៅដ្ឋានថ្មីនោះ៕