ក្រុមប្រទេសជាច្រើនកំពុងស្ថិតក្នុងភាពជាប់គាំង ជុំវិញនីតិវិធីរៀបចំថវិកាក្នុងការជួយប្រទេសមួយចំនួនដើម្បីងើបឡើងវិញនិងកសាងការខូចខាតដែលបណ្តាលមកពីបញ្ហាអាកាសធាតុ ដែលការណ៍នេះ គឺនៅសល់តែប្រមាណជាង៣០ថ្ងៃទៀតប៉ុណ្ណោះ មុនពេលកិច្ចប្រជុំចរចាស្តីពីបញ្ហាអាកាសធាតុរបស់អង្គការសហប្រជាជាតិដ៏សំខាន់មួយ នឹងត្រូវចាប់ផ្តើមធ្វើឡើងក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសចំនួន២៤ដែលពាក់ព័ន្ធនឹងគណៈកម្មាធិការមួយ ដែលត្រូវបានផ្តល់ភារកិច្ចសម្រាប់ចាត់ចែងថវិកាស្តីពីការខូចខាតនិងបាត់បង់ (loss and damage) បានបញ្ចប់កិច្ចប្រជុំចុងក្រោយរបស់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ ក្នុងទីក្រុងAswan ប្រទេសអេហ្ស៊ីប ដោយប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍នៅមិនទាន់ចុះសម្រុងគ្នានៅឡើយ ទៅលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាថាតើស្ថាប័នណាជាអ្នកគ្រប់គ្រងថវិកានេះ ហើយអ្នកណាជាអ្នកបង់ប្រាក់ និងប្រទេសណាអាចទទួលបានប្រាក់នោះជាដើម។
គណៈកម្មាធិកានេះត្រូវបានរំពឹងថានឹងព្រាងបញ្ជីអនុសាសន៍មួយ ដើម្បីអនុវត្តលើថវិកា ដែលត្រូវបានយល់ព្រមនៅក្នុងការទម្លាយភាពទាល់ច្រកកាលពីឆ្នាំទៅ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុរបស់អង្គកាសហប្រជាជាតិឬ COP27 នៅក្នុងទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ហើយដែលជាថវិកាទី១របស់អង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងដើម្បីដោះសា្រយ ការខូចខាតបណ្តាលមកពីបញ្ហាអាកាសធាតុដែលមិនអាចជួសជុលបាន ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ និងកម្ពស់ទឹកសមុទ្រឡើងខ្ពស់ជាដើម។
ផ្ទុយទៅវិញក្រុមនេះបានយល់ស្របឱ្យមានជំនួបប្រជុំមួយសារទៀត នៅក្នុងរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមេរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ នៅមុនសន្និសីទកំពូលអាកាសធាតុអង្គការសហប្រជាជាតិឬ COP28 ដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ដើម្បីព្យាយាមផ្សះផ្សារលើការមិនចុះសម្រុងគ្នា ដែលជាការដាក់ចេញនូវការសម្របសម្រួលមួយ សម្រាប់ជំនួបចរចាស្តីបញ្ហាអាកាសធាតុ ដែលមានរយៈពេល២សប្តាហ៍។
លោកស្រី Preety Bhandari ទីប្រឹក្សាជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃវិទ្យាស្ថានប្រភពធនធានពិភពលោក និយាយដូចនេះថា៖ «កិច្ចចរចាCOP28ទាំងមូល អាចមិនទទួលបានជោគជ័យ ប្រសិនបើអាទិភាពប្រទេសកំពុងអភិវឌ្ឍន៍ ស្តីពីការផ្តល់ថវិកាដល់ការបាត់បង់និងការខូចខាត មិនត្រូវបានគេលើកយកមកដោះស្រាយឱ្យបានត្រឹមត្រូវនោះទេ»។
ក្នុងចំណោមបញ្ហាខ្វែងគំនិតគ្នាខ្លាំងបំផុតកាលពីសប្តាហ៍កន្លងទៅនេះ គឺថាតើធនាគារពិភពលោក គួរតែជាអ្នកចាត់ចែងរៀបចំថវិកានោះ ដែលជាតួនាទីមួយដែលអាមេរិកនិងប្រទេសអភិវឌ្ឍន៍ដទៃទៀតបានជំរុញឱ្យកើតមាន ឬមួយក៏អង្គការសហប្រជាជាតិត្រូវបង្កើតស្ថាប័នមួយផ្សេងទៀត ដើម្បីចាត់ចែងដំណើរការថវិកានេះ ដូចដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតចង់បាន ឬយ៉ាងណានោះ។
ការទុកថវិកានៅក្នុងធនាគារពិភពលោក ដែលប្រធានរបស់ធនាគារនេះត្រូវតែងតាំងដោយសហរដ្ឋអាមេរិកនោះ នឹងផ្តល់ដល់ប្រទេសម្ចាស់ជំនួយមានឥទ្ធិពលដ៏ធំមួយ ក្នុងការចាត់ចែងថវិកា ទាំងនេះ ក៏ដូចជាធ្វើឱ្យមានកម្រៃខ្ពស់សម្រាប់ប្រទេសទទួលបានថវិកាទាំងនេះ។ នេះបើតាមការលើកឡើងផ្តល់ហេតុផលរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។
ឯកអគ្គរដ្ឋទូតប្រទេសគុយបាប្រចាំអង្គការសហប្រជាជាតិ លោក Pedro Pedroso Cuesta ដែលជាប្រធាននៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ថ្លែងដូចនេះថា៖ «នៅក្នុងវប្បធម៌ប្រតិបត្តិការរបស់ខ្លួន វិធីដែលធនាគារពិភពលោកបាននិងកំពុងជួយដល់ប្រទេសជាច្រើន នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ប្រទេសទាំងនេះ ខ្ញុំគិតថាមិនសមទំនងទៅនឹងគោលបំណង ដែលពាក់ព័ន្ធទៅនឹងអ្វីដែលយើងកំពុងសំឡឹងទៅរកមើល លើការសម្រួលដល់ការងារអាកាសធាតុថ្មីនេះឡើយ»។
លោកថ្លែងបន្តដូចនេះទៀតថា ការបង្កើតឱ្យមានស្ថាប័នឯករាជ្យថ្មីមួយ ដើម្បីគ្រប់គ្រងថវិកានេះគឺជាចំនុចស្នូលដ៏សំខាន់មួយ។ ជាការឆ្លើយតបទៅលើការរិះគន់ទាំងនេះ អ្នកនាំពាក្យមួយរូបរបស់ធនាគារពិភពលោក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «យើងគាំទ្រដំណើរការនេះ និងតាំងចិត្តដើម្បីធ្វើការជាមួយប្រទេសនានា នៅពេលដែលពួកគេបានឯកភាពគ្នា ទៅលើថាតើ ត្រូវរៀបចំយ៉ាងដូចម្តេចលើថវិកានៃកម្មវិធីសម្រាប់ការខូចខាតនិងបាត់បង់នេះ»។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃមួយចំនួនទៀត ចង់ឱ្យមានថវិកាចំគោលដៅច្រើនជាងនេះបន្ថែមទៀត។ សហភាពអឺរ៉ុបចង់ឱ្យមានថវិកាមួយ ផ្តោតលើក្រុមប្រទេសដែលងាយរងគ្រោះខ្លាំងបំផុត ខណៈពេលដែលអាមេរិកនិយាយថា ថវិកានេះគួរផ្តោតទៅលើវិស័យមួយចំនួន ដូចជាផលប៉ះពាល់លើបញ្ហាអាកាសធាតុដែលមានលក្ខណៈញឹកញាប់ ដូចជាកំណើនកម្រិតទឹកសមុទ្រជាដើម។
ប្រទេសជាច្រើនក៏នៅមានការខ្វែងគំនិតគ្នាផងដែរ ជុំវិញថាប្រទេសណាជាអ្នកបង់លុយ។ លោក Brandon Wu នាយកគោលនយោបាយនិងយុទ្ធនាការនៃអង្គការក្រៅរដ្ឋាភិបាល ActionAid របស់អាមេរិក បានអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យដកការទាមទាររបស់ខ្លួនដែលចង់ឱ្យធនាគារពិភពលោកជាអ្នករក្សាទុកថវិកានេះ។
អ្នកចរចាសហរដ្ឋអាមេរិក អ្នកស្រី Christina Chan ទីប្រឹក្សាជាន់ខ្ពស់នៃបេសកជនពិសេសសម្រាប់កិច្ចការអាកាសធាតុអាមេរិក លោក John Kerry បានបដិសេធការរិះគន់ ដែលថាអាមេរិកបង្កើតឱ្យមានឧបសគ្គក្នុងការចម្រើនទៅមុខនៃថវិកាលើកម្មវិធីបាត់បង់និងខូចខាតនេះ។
អ្នកស្រីបាននិយាយដូចនេះថា៖ «យើងបានធ្វើការដោយសេចក្តីព្យាយាម នៅគ្រប់ចំណុចទាំងអស់ ដើម្បីដោះស្រាយការព្រួយបារម្ភ ដោះស្រាយបញ្ហានានា ក្នុងការស្វែងរកចំណុចដែលអាចសម្រេចបាន»៕
ប្រែសម្រួលដោយ ជ្រា វណ្ណរិទ្ធ
ការប្រែប្រួលអាកាសធាតុ
ថ្ងៃព្រហស្បតិ៍ ២៦ តុលា ២០២៣
ការស្ទង់មតិថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុនវិទ្យាសាស្ត្រជីវិត Bayer បានសម្ភាសន៍កសិករចំនួន៨០០នាក់នៅក្នុងប្រទេសចំនួន៨រួមទាំងប្រទេសកេនយ៉ាផងដែរបានរកឃើញថាកសិករ៧៦%ព្រួយបារម្ភអំពីផលប៉ះពាល់នៃការប្រែ ប្រួលអាកាស ធាតុនាពេលអនាគត ខណៈដែលកសិករ ៧១%បានថ្លែងថាការប្រែ ប្រួលអាកាសធាតុបានជះឥទ្ធិពលដល់កសិដ្ឋាន និងប្រាក់ចំណូលរបស់ពួកគេរួចទៅហើយ។
ការស្ទង់មតិរបស់អង្គការសំឡេងកសិករឬ Farmer Voice ដែលឧបតម្ភផ្ចុងផ្តើមដោយក្រុមហ៊ុន Bayer Group ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់បានសម្ភាសកសិករចំនួន៨០០នាក់នៅក្នុងប្រទេសចំនួន៨ផ្សេងៗគ្នានៅលើទ្វីបទាំង៦។
ពួកអ្នកស្រាវជ្រាវបានថ្លែងថាកសិករ៥៦៨នាក់បានមើលឃើញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយផ្ទាល់លើកសិដ្ឋានរបស់ពួកគេ។ ក្នុងចំណោមកសិករមកពីប្រទេសអូស្ត្រាលី ប្រេស៊ីល ចិន អាល្លឺម៉ង់ ឥណ្ឌា កេនយ៉ា អ៊ុយក្រែននិងសហរដ្ឋអាមេរិក កសិករ៨០%បានរងផលប៉ះពាល់ពីឥទ្ធិពលកម្ដៅហើយរំពឹងថាទិន្នផលនឹងធ្លាក់ចុះនៅឆ្នាំខាងមុខ។
លោក Rodrigo Santos ជាប្រធានផ្នែកវិទ្យាសាស្ត្រដំណាំនៅក្រុមហ៊ុន Bayer។ លោកបានថ្លែងថាទោះបីជាមានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើសហគមន៍កសិកម្មក៏ដោយ ក៏តម្រូវការស្បៀងអាហារនៅតែមានច្រើនដែលនឹងត្រូវប្រមូលផលពីដីតិចតួចនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
លោក Rodrigo Santos បានថ្លែងថា៖ «កត្តាមួយចំនួនដែលយើងទទួលបានពីការស្ទង់មតិរបស់អង្គការសំឡេងកសិករពិតជាល្អណាស់។ នៅពេលដែលយើងនិយាយថាយើងត្រូវផលិតស្បៀងអាហារ៥០% បន្ថែមទៀត និងត្រូវផ្គត់ផ្គង់ស្បៀងអាហារដោយមានដីតិចជាងសព្វថ្ងៃ២០% ហើយក៏ត្រូវដោះស្រាយផលប៉ះពាល់ខ្លះនៃការប្រែប្រួលអាកាសធាតុផងដែរ។ ព្រោះនៅពេលយើងរស់នៅទីក្រុង ការប្រែប្រួលអាកាសធាតុសម្រាប់យើងជារឿងមួយ ប៉ុន្តែសម្រាប់កសិករវាប៉ះពាល់ដល់ទិន្នផល វាប៉ះពាល់ដល់ផលិតកម្មរបស់ពួកគេ វាប៉ះពាល់ដល់លទ្ធភាពផលិតស្បៀងអាហារ និងផ្គត់ផ្គង់ស្បៀងអាហារ»។
ប្រទេសកេនយ៉ាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍កម្រាស់ ២០ ទំព័រ ដែលថា កសិករ ៧៣% ប្រឈមមុខនឹងគ្រោះរាំងស្ងួត។ គ្រោះរាំងស្ងួតជាប់គ្នាៗក្នុងប្រទេសអាហ្វ្រិកខាងកើតបានបណ្តាលឱ្យបាត់ បង់ដំណាំនិងការងាប់របស់បសុសត្វ។
របាយការណ៍នេះបានគូសបញ្ជាក់ថា កសិករម្នាក់ក្នុងចំណោម ៦ នាក់បានបាត់បង់ប្រាក់ចំណូលជិត ១៦% ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
អាកាសធាតុដែលមិនអាចទាយទុកជាមុនបាន និងគ្រាប់ពូជមិនគ្រប់គ្រាន់បានធ្វើឱ្យវិបត្តិអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរនៅក្នុងទ្វីបអាហ្រ្វិក។ នេះបើយោងតាមអ្នកជំនាញ។ ប្រធានសាជីវកម្មហិរញ្ញវត្ថុសម្រាប់កសិកម្មអាហ្រ្វិកអន្តរជាតិនៃធនាគារពិភពលោក លោក Yosuke Kotsujiបានថ្លែងថាទ្វីបនេះត្រូវចាប់យកបច្ចេកវិទ្យាកសិ កម្មថ្មីៗឱ្យបានលឿនជាងមុន។
លោក Yosuke Kotsuji បានថ្លែងថា៖ «បញ្ហាគឺថាតើត្រូវពង្រីកការផ្សព្វផ្សាយបច្ចេកវិទ្យាដោយវិធីណា ហើយបញ្ហាប្រឈមក្នុងការផ្សព្វ ផ្សាយបច្ចេកវិទ្យាកសិកម្មមិនសាមញ្ញទេ ដូចដែលទូរសព្ទចល័តបានហូរចូលទៅក្នុងទ្វីបអាហ្រ្វិកនោះទេ។ ហើយឥឡូវនេះមនុស្សកំពុងប្រើប្រាស់ទូរសព្ទឆ្លាតវៃ។ វាពាក់ ព័ន្ធនឹងអាកាសធាតុក្នុងមូលដ្ឋានបន្តិច។ វិធីដែលអ្នក និងខ្ញុំធ្វើស្រែចម្ការក្បែរនោះ យើងអាចទទួលបានលទ្ធផលខុសគ្នាខ្លាំង»។
បើយោងតាមអ្នកជំនាញ កសិករអាហ្រ្វិកវ័យចំណាស់ជួបប្រទះនឹងការលំបាកនៅពេលនិយាយអំពីការប្រើប្រាស់បច្ចេកវិទ្យា មិនដូចកសិករវ័យក្មេងនោះទេ។
កសិករភាគច្រើននៅក្នុងការស្ទង់មតិបានលើកឡើងថា បច្ចុប្បន្នពួកគេអនុវត្តឬគ្រោងនឹងប្រើប្រាស់វិធីសាស្រ្តដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះទៀត កសិករជាង៥០%កំពុងខិតខំលើកកម្ពស់ជីវចម្រុះ។
លោកស្រី Doaa Abdel-Motaal ទីប្រឹក្សាជាន់ខ្ពស់នៅអង្គការពាណិជ្ជកម្មពិភពលោកបានថ្លែងថា មានតម្រូវការក្នុងការសម្របសម្រួលការដឹកជញ្ជូនស្បៀងអាហារដែលមានភាពងាយស្រួលនៅក្នុងប្រទេសផ្សេងៗគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអសន្តិសុខស្បៀង។
លោកស្រីបានថ្លែងទៀតថា៖ «យើងក៏ត្រូវគិតគូរផងដែរពីការពិតដែលថា វិបត្តិអាកាសធាតុកំពុងវិវត្ត។ ជាអកុសល នឹងមានគ្រោះមហន្តរាយអាកាសធាតុកាន់តែច្រើននៅផ្នែកផ្សេងៗក្នុងពិភពលោក។ ដូច្នេះ ការអនុញ្ញាតឱ្យមានការដឹកជញ្ជូនស្បៀងអាហារពីប្រទេស A ទៅប្រទេស B ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយទាំងនោះ ដើម្បីកុំឱ្យប្រទេសទាំងនោះជួបគ្រោះស្រេកឃ្លានគឺពិតជាចាំបាច់ណាស់។ ខ្ញុំចង់និយាយថា វាមិនសំខាន់ថា ប្រទេសស្ថិតនៅតំបន់ភូមិសាស្ត្រណាមួយនៅក្នុងផែនទីពិភពលោកនោះ។ ប្រទេសមួយចំនួនពឹងផ្អែកទាំងស្រុងលើអាហារនាំចូលសម្រាប់សន្តិសុខស្បៀងរបស់ពួកគេ»។
ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ កសិករមានការព្រួយ បារម្ភអំពីការកើនឡើងថ្លៃជី តម្លៃថាមពល និងការឡើងចុះតម្លៃ និងប្រាក់ចំណូល៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន