ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

Sorry! No content for ១៧ តុលា. See content from before

ថ្ងៃព្រហស្បតិ៍ ២៨ កញ្ញា ២០២៣

កម្តៅអាកាសធាតុ​បានឡើង​ហើយ​ប៉ះពាល់ដល់​កសិកម្ម​តែនៅកេនយ៉ា
កម្តៅអាកាសធាតុ​បានឡើង​ហើយ​ប៉ះពាល់ដល់​កសិកម្ម​តែនៅកេនយ៉ា

ការស្ទង់​មតិ​ថ្មីៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​ជីវិត Bayer បាន​សម្ភាសន៍កសិករ​ចំនួន៨០០នាក់​នៅ​ក្នុង​ប្រទេស​ចំនួន៨រួម​ទាំង​ប្រទេស​កេនយ៉ា​ផង​ដែរ​បាន​រក​ឃើញ​ថាកសិករ៧៦%ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែ ប្រួល​អាកាស ធាតុ​នា​ពេល​អនាគត ខណៈ​ដែល​កសិករ ៧១%បាន​ថ្លែង​ថាការប្រែ ប្រួល​អាកាសធាតុ​បាន​ជះ​ឥទ្ធិពល​ដល់​កសិដ្ឋាន និង​ប្រាក់​ចំណូល​របស់​ពួកគេ​រួច​ទៅ​ហើយ។

ការ​ស្ទង់​មតិ​របស់​អង្គការ​សំឡេង​កសិករ​ឬ Farmer Voice ដែល​ឧបតម្ភ​ផ្ចុងផ្តើម​ដោយ​ក្រុមហ៊ុន Bayer Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​សម្ភាស​កសិករ​ចំនួន៨០០នាក់​នៅ​ក្នុង​ប្រទេស​ចំនួន៨ផ្សេងៗ​គ្នា​នៅ​លើ​ទ្វីប​ទាំង៦។

ពួក​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថាកសិករ៥៦៨នាក់​បាន​មើល​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្ទាល់​លើ​កសិដ្ឋាន​របស់​ពួកគេ។ ក្នុង​ចំណោម​កសិករ​មក​ពី​ប្រទេស​អូស្ត្រាលី ប្រេស៊ីល ចិន អាល្លឺម៉ង់ ឥណ្ឌា កេនយ៉ា អ៊ុយក្រែន​និង​សហរដ្ឋ​អាមេរិក កសិករ៨០%បាន​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​កម្ដៅ​ហើយ​រំពឹង​ថាទិន្នផល​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ខាង​មុខ។

លោក​ Rodrigo Santos ជា​ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​ដំណាំ​នៅ​ក្រុមហ៊ុន Bayer។ លោក​បាន​ថ្លែង​ថាទោះ​បី​ជា​មាន​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​មក​លើ​សហគមន៍​កសិកម្ម​ក៏​ដោយ ក៏​តម្រូវការ​ស្បៀង​អាហារ​នៅ​តែ​មាន​ច្រើន​ដែល​នឹង​ត្រូវ​ប្រមូលផល​ពី​ដី​តិចតួច​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

លោក Rodrigo Santos បាន​ថ្លែង​ថា៖ «កត្តា​មួយ​ចំនួន​ដែល​យើង​ទទួល​បាន​ពី​ការស្ទង់មតិ​របស់​អង្គការ​សំឡេង​កសិករ​ពិត​ជា​ល្អ​ណាស់។ នៅ​ពេល​ដែល​យើង​និយាយ​ថាយើង​ត្រូវ​ផលិត​ស្បៀង​អាហារ៥០% បន្ថែម​ទៀត និង​ត្រូវ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដោយ​មាន​ដី​តិច​ជាង​សព្វ​ថ្ងៃ២០% ហើយ​ក៏​ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​ខ្លះ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ។ ព្រោះ​នៅ​ពេល​យើង​រស់នៅ​ទីក្រុង ​ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​យើង​ជា​រឿង​មួយ ប៉ុន្តែ​សម្រាប់​កសិករ​វា​ប៉ះ​ពាល់​ដល់​ទិន្នផល វា​ប៉ះ​ពាល់​ដល់​ផលិតកម្ម​របស់​ពួក​គេ វា​ប៉ះ​ពាល់​ដល់​លទ្ធភាព​ផលិត​ស្បៀង​អាហារ និង​ផ្គត់ផ្គង់​ស្បៀង​អាហារ»។

ប្រទេស​កេនយ៉ា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​កម្រាស់ ២០ ទំព័រ​ ដែល​ថា កសិករ ៧៣% ​ប្រឈម​មុខ​នឹង​គ្រោះ​រាំងស្ងួត។ គ្រោះ​រាំងស្ងួត​ជាប់​គ្នាៗ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​កើត​បាន​បណ្តាល​ឱ្យ​បាត់ បង់​ដំណាំ​និង​ការងាប់​របស់​បសុសត្វ។

របាយការណ៍​នេះ​បាន​គូស​បញ្ជាក់​ថា កសិករ​ម្នាក់​ក្នុង​ចំណោម​ ៦ នាក់​បាន​បាត់បង់​ប្រាក់​ចំណូល​ជិត ១៦% ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​មិន​ល្អ​ក្នុង​រយៈពេល២ឆ្នាំ​កន្លង​មក​នេះ។

អាកាសធាតុ​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន និង​គ្រាប់​ពូជ​មិន​គ្រប់គ្រាន់​បាន​ធ្វើ​ឱ្យ​វិបត្តិ​អសន្តិសុខ​ស្បៀង​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ។ ប្រធាន​សាជីវកម្ម​ហិរញ្ញវត្ថុ​សម្រាប់​កសិកម្ម​អាហ្រ្វិក​អន្តរជាតិ​នៃ​ធនាគារ​ពិភពលោក លោក Yosuke Kotsujiបាន​ថ្លែង​ថាទ្វីប​នេះ​ត្រូវ​ចាប់​យក​បច្ចេកវិទ្យា​កសិ កម្ម​ថ្មីៗ​ឱ្យ​បាន​លឿន​ជាង​មុន។

លោក Yosuke Kotsuji បាន​ថ្លែង​ថា៖ «បញ្ហា​គឺ​ថា​តើ​ត្រូវ​ពង្រីក​ការ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ដោយ​វិធី​ណា ហើយ​បញ្ហា​ប្រឈម​ក្នុង​ការ​ផ្សព្វ ផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​មិន​សាមញ្ញ​ទេ ដូច​ដែល​ទូរសព្ទ​ចល័ត​បាន​ហូរ​ចូល​ទៅ​ក្នុង​ទ្វីប​អាហ្រ្វិក​នោះ​ទេ។ ហើយ​ឥឡូវ​នេះ​មនុស្ស​កំពុង​ប្រើប្រាស់​ទូរសព្ទ​ឆ្លាតវៃ។ វា​ពាក់ ព័ន្ធ​នឹង​អាកាសធាតុ​ក្នុង​មូលដ្ឋាន​បន្តិច។ វិធី​ដែល​អ្នក និង​ខ្ញុំ​ធ្វើ​ស្រែ​ចម្ការ​ក្បែរ​នោះ យើង​អាច​ទទួល​បាន​លទ្ធផល​ខុស​គ្នា​ខ្លាំង»។

បើ​យោង​តាម​អ្នក​ជំនាញ កសិករ​អាហ្រ្វិក​វ័យ​ចំណាស់​ជួប​ប្រទះ​នឹង​ការ​លំបាក​នៅ​ពេល​និយាយ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា មិន​ដូច​កសិករ​វ័យ​ក្មេង​នោះ​ទេ។

កសិករ​ភាគ​ច្រើន​នៅ​ក្នុង​ការ​ស្ទង់​មតិ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ពួកគេ​អនុវត្ត​ឬ​គ្រោង​នឹង​ប្រើប្រាស់​វិធីសាស្រ្ត​ដែល​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ លើស​ពី​នេះ​ទៀត ​កសិករ​ជាង៥០%កំពុង​ខិតខំ​លើក​កម្ពស់​ជីវចម្រុះ។

លោកស្រី Doaa Abdel-Motaal ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ថ្លែង​ថា មាន​តម្រូវការ​ក្នុង​ការ​សម្របសម្រួល​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ដែល​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អសន្តិសុខ​ស្បៀង។

លោក​ស្រី​បាន​ថ្លែង​ទៀត​ថា៖ «យើង​ក៏​ត្រូវ​គិតគូរ​ផងដែរ​ពី​ការ​ពិត​ដែល​ថា​ វិបត្តិ​អាកាសធាតុ​កំពុង​វិវត្ត។ ​ជា​អកុសល នឹង​មាន​គ្រោះ​មហន្តរាយ​អាកាសធាតុ​កាន់​តែ​ច្រើន​នៅ​ផ្នែក​ផ្សេងៗ​ក្នុង​ពិភពលោក។ ដូច្នេះ ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹកជញ្ជូន​ស្បៀង​អាហារ​ពី​ប្រទេស A ទៅ​ប្រទេស B ដើម្បី​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ទាំង​នោះ ដើម្បី​កុំ​ឱ្យ​ប្រទេស​ទាំង​នោះ​ជួប​គ្រោះ​ស្រេក​ឃ្លាន​គឺ​ពិត​ជា​ចាំបាច់​ណាស់។ ខ្ញុំ​ចង់​និយាយ​ថា វា​មិន​សំខាន់​ថា ​ប្រទេស​ស្ថិត​នៅ​តំបន់​ភូមិសាស្ត្រ​ណា​មួយ​នៅ​ក្នុង​ផែនទី​ពិភពលោក​នោះ។ ប្រទេស​មួយ​ចំនួន​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​អាហារ​នាំ​ចូល​សម្រាប់​សន្តិសុខ​ស្បៀង​របស់​ពួកគេ»។

ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​បន្តបន្ទាប់ កសិករ​មាន​ការ​ព្រួយ បារម្ភ​អំពី​ការ​កើន​ឡើង​ថ្លៃ​ជី តម្លៃ​ថាមពល និង​ការ​ឡើង​ចុះ​តម្លៃ និង​ប្រាក់​ចំណូល៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

រូបឯកសារ៖ កសិករដកសន្ទូង ក្នុងរដូវធ្វើកសិកម្ម នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០។
រូបឯកសារ៖ កសិករដកសន្ទូង ក្នុងរដូវធ្វើកសិកម្ម នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០។

ខណៈ​ជាប្រទេស​មួយ​ក្នុង​តំបន់​ដែល​ងាយ​នឹង​រងគ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ កម្ពុជា​ កាលពី​ថ្ងៃពុធ ទទួល​បាន​ការ​បណ្តាក់​ទុន​ជា​ទឹកប្រាក់​ចំនួន ៤៣ លាន​ដុល្លារ ពី​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អង្គការ​សហប្រជាតិ (FAO) និងមូលនិធិ​អាកាសធាតុ​បៃតង (Green Climate Fund) ​ដើម្បី​ពង្រឹង​ភាព​ធន់​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដល់​កសិករ​។

គម្រោង «ភាព​ជា​ដៃ​គូ​សាធារណៈសង្គមឯកជនសម្រាប់​កសិកម្ម​បែប​អេកូឡូស៊ីនិងភាព​ធន់​ទៅ​នឹង​ជីវភាព​រស់​នៅតាម​តំបន់​ភាគ​ខាង​ជើង​បឹង​ទន្លេ​សាប» ហៅកាត់ថា (PEARL) ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ការដឹកនាំ​របស់​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​ស្បៀង​អាហារនិង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ (FAO) ដើម្បី​បង្កើន​សមត្ថភាព របស់​កសិករខ្នាត​តូច​នៃ​សហគមន៍មូលដ្ឋានប្រមាណ ៤សែន ៥ម៉ឺន​នាក់ នៅ​តំបន់​អាង​ទន្លេ​សាប​ខាង​ជើង ដែល​រង​គ្រោះពី​ការគំរាមកំហែង​នៃ​ការប្រែប្រួល​អាកាសធាតុ។

អាង​ទន្លេ​សាប​ខាង​ជើង ជា​តំបន់​កសិកម្ម​ដ៏​សំខាន់​មួយរបស់​ប្រទេស​កម្ពុជាដែលផ្តល់​ធនធាន​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជាង ៣ លាន​នាក់។ ក៏​ប៉ុន្តែ​តំបន់​នេះ ​ងាយ​រង​គ្រោះ​បំផុត ដោយ​សារ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត ដែល​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ទទួល​រង​ការប្រែប្រួល​អាកាសធាតុ​ខ្លាំង។ នេះ​បើ​យោង​តាម​អង្គការ​ FAO។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានលើក​ឡើង​ថា ការអនុម័ត​គម្រោង PEARL នេះ ជា​ជំហាន​ដ៏​សំខាន់​មួយដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមនានារបស់​កសិករ​ខ្នាត​តូច​នៅ​ក្នុង​តំបន់។

លោក​ត្រូវបានដក​ស្រង់សម្តី​ក្នុង​ន័យ​ដើម​ថា៖ «គម្រោង​នេះ​ដើរ​ស្រប​តាម​គោលការណ៍​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារប្រជាពលរដ្ឋ​ភាគច្រើន​ដេល​ងាយ​រង​គ្រោះពី​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ធានា​បាន​នូវ​ភាព​ធន់​នឹង​អាកាសធាតុ និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​វិស័យ​កសិកម្ម»។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ ខៀវ បូរិន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថ្លែងថា គម្រោង PEARL នេះ​ នឹង​ជួយ​លើក​កម្ពស់​ប្រភព​ចំណូល ការអភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន និង​ជីវៈ​ចម្រុះ​នៅ​កម្ពុជានៅ​តាម​សហគមន៍​មូលដ្ឋាន។

ដោយ​ឡែក​ អ្នកស្រី Rebekah Bell តំណាងអង្គការ​ FAO ប្រចាំនៅកម្ពុជា បាន​សង្កត់​ធ្ងន់អំពី​សារៈសំខាន់​នៃ​គម្រោង​ ដែល​ផ្តោត​ចម្បង​លើ​កសិករ​ខ្នាត​តូច​ ដែល​ភាគច្រើន​ជា​ស្ត្រី។

អ្នក​ស្រីត្រូវបាន​ដកស្រង់​សម្តីក្នុង​ន័យដើម​ថា៖ «គម្រោង​នេះ​ជួយ​កសិករ​ខ្នាត​តូច និង​ភាគី​វាយ​តម្លៃ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ ​ឱ្យ​ទទួល​បានឱកាស​ពង្រីក​ទីផ្សារ និង​ឧបករណ៍​ផ្សេង​ៗទៀត ដែល​នឹង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ពួកគេ ពីផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ស្រប​ពេល​ដែល​គម្រោង​នេះ​នឹង​កែលម្អ​ផលិតកម្ម​កសិកម្ម និង​ជីវភាព​រស់នៅ»។

គម្រោង PEARL ដែល​ជា​គម្រោង​ទី​ ២ ​ដែល​គាំទ្រ​ដោយមូលនិធិអាកាសធាតុ​បៃតង (GCF) ដល់​ប្រទេស​កម្ពុជា រួម​មាន​ជំនួយ​ឥត​សំណង​ជាទឹកប្រាក់​ចំនួន ៣៦,២ លាន​ដុល្លារ​ពី GCF និងជា​ទឹកប្រាក់ ៦,៦ លាន​ដុល្លារ ដែល​ជា​សហហិរញ្ញប្បទាន​ពីក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ FAO។ គម្រោង​ PEARL នៅ​កម្ពុជា​នេះ នឹង​ដំណើរការ​ទៅ​ក្នុង​រយៈពេល ៦ ឆ្នាំ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG