លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ បានតវ៉ាម្តងទៀត ដោយមានមួយក្រុមតវ៉ានៅមូលដ្ឋានប្រឆាំងនឹងការផ្តល់ដីដែលមិនអាចអាស្រ័យផលខាងកសិកម្មនិងមួយក្រុមទៀតមកតវ៉ារកដំណោះស្រាយនៅភ្នំពេញ។
តុលាការកម្ពុជាបានពន្យារពេលមួយខែលើការកាត់ទោសផលិតករភាពយន្តជនជាតិអូស្ត្រាលីម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនសម្រាប់ការបង្ហោះដ្រូន (drone) នៅឯការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ។
ពិភពលោកមានការភ្ញាក់ផ្អើលចំពោះកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានស្វាគមន៍ជំនួប ដែលនឹងឈានដល់ការរំលាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រាន់តែបានលើកឡើងថា មានការធូរស្រាលនៅក្នុងឧបទ្វីបកូរ៉េ។
ខុសពីបណ្តាឆ្នាំមុនៗ ស្ថាប័នរៀបចំការបោះឆ្នោតជាតិបានបង្កើនការប្រើប្រាស់បណ្តាញសង្គមនិងប្រព័ន្ធទូរស័ព្ទចល័តដើម្បីបង្កើនការយល់ដឹងពីបញ្ហានានា ទាក់ទិននឹងដំណើរនៃការរៀបចំបោះឆ្នោតជាតិនិងក្រើនរំឭកពលរដ្ឋអំពីការត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
ជាថ្មីម្តងទៀត មេដឹកនាំកម្ពុជាបានបង្ហាញពីចេតនាចូលធ្វើអន្តរាគមន៍ក្នុងបញ្ហាសេដ្ឋកិច្ចកម្ពុជា។ កិច្ចអន្តរាគមន៍លើកនេះ នឹងផ្តោតសំខាន់លើតម្លៃប្រេងឥន្ធនៈ ដែលកំពុងឡើងថ្លៃ ដោយសារការកាត់បន្ថយផលិតកម្មប្រេងរបស់ប្រទេសនាំចេញប្រេង។
ជំនួយថវិការបស់ចិននឹងបន្តហូរចូលវិស័យយោធាកម្ពុជាបន្ថែមលើសម្ភារៈយោធាច្រើនសន្ធឹកសន្ធាប់ ដែលចិនសន្យានឹងផ្តល់លុយចំនួន៦៤៥លានយ័នជាង១០០លានដុល្លារដល់កម្ពុជាសម្រាប់វិស័យការពារជាតិ។ ការសន្យានេះកើតមានឡើង បន្ទាប់ពីចិន និងកម្ពុជាបានធ្វើសមយុទ្ធយោធា«នាគមាស»។
ខណៈគណបក្សនានាកំពុងរកយុទ្ធសាស្ត្រឃោសនាដើម្បីទាក់ទាញអ្នកគាំទ្រ ក្នុងការបោះឆ្នោតសភាពីថ្ងៃទី៧ទៅដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានកំពុងពិចារណាភ្ជាប់ការឃោសនាបោះឆ្នោតរបស់ខ្លួនជាមួយនឹងព្រឹត្តិការណ៍សម្លាប់លោក កែម ឡី ដែលធ្លាប់ធ្វើការជាមួយក្រុមអ្នកបង្កើតគណបក្សថ្មីនេះ។
លោក James Ricketson អះអាងថា លោកត្រូវការឃើញភស្តុតាងដែលដាក់បន្ទុកលើរូបលោកជាមុនសិន ដើម្បីអនុញ្ញាតឲ្យលោកកសាងមូលដ្ឋានការពារក្តីលោកបាន។
ក្រោយការធ្វើសមយុទ្ធយោធាកម្ពុជាចិនចំនួនពីរលើកនៅកម្ពុជារួចមក រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe នឹងមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលប្រាំថ្ងៃនៅកម្ពុជា ចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខនេះ ខណៈដែលកម្ពុជាបានលុបចោលលំហាត់យោធាសំខាន់ៗជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៧។
ប៉ុន្មានខែចុងក្រោយនេះ ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួនបានតវ៉ានៅរាជធានីភ្នំពេញ ហើយពេលខ្លះប្រឈមមុខជាមួយអាជ្ញាធរ។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា នៅមុនពេលបោះឆ្នោតជាតិម្តងៗ ប្រជាពលរដ្ឋដែលនៅជាប់គាំងក្នុងទំនាស់ដីធ្លីតែងតែមករកជំនួយពីរដ្ឋាភិបាលនៅរាជធានីភ្នំពេញ។ ដើម្បីបង្ការបញ្ហានេះក្នុងអំឡុងមុនការបោះឆ្នោតនេះ ក្រសួងមហាផ្ទៃបានចេញលិខិតណែនាំឲ្យអភិបាលរាជធានី ខេត្ត ជំរុញ និងបង្កើនប្រសិទ្ធភាពដោះស្រាយបញ្ហាទំនាស់ដីធ្លី។
មុននៅថ្ងៃបោះឆ្នោតចូលមកដល់នោះ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.បនិងក្រុមមន្ត្រីលោកបានខិតខំបង្កើនការយល់ដឹងពីដំណើរការបោះឆ្នោត រួមមានទាំងការបង្កើនការយល់ដឹងពីប្រព័ន្ធបោះឆ្នោតរបស់កម្ពុជាសម្រាប់ជ្រើសតាំងតំណាងរាស្ត្រ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានបញ្ជាក់ថា ការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងធំមួយចូលរួមមិនមែនជាការបោះឆ្នោតសេរី និងយុត្តិធម៌នោះទេ។ ប៉ុន្តែមន្ត្រី គ.ជ.ប.និយាយថា សមាជិកសភាអាស៊ានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
មន្ត្រីក្រសួងមហាផ្ទៃថ្លែងការពារប្រកាសអន្តរក្រសួងចំនួនបីដែលតាមដាន និងចាត់វិធានការលើខ្លឹមសារនៃការផ្សព្វផ្សាយតាមបណ្តាញអ៊ីនធើណិត ដោយនិយាយថា ក្រសួងមិនអាចលុបច្បាប់នេះចោល តាមការអំពាវនាវរបស់អ្នករិះគន់ និងសង្គមស៊ីវិលជាង១០០នោះបានទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃយល់ថា ប្រកាសនោះមិនទាន់មានឥទ្ធិពលជាអវិជ្ជមានលើអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតនៅឡើយ។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកថ្ងៃកំណើតគណបក្សជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងមានគណបក្សនយោបាយចំនួន២០ ចូលរួមដោយគ្មានគណបក្សសង្គ្រោះជាតិបង្កើតដោយលោក កឹម សុខានិងលោក សម រង្ស៊ីដោយសារគណបក្សនេះ ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែនរំលាយចោលកាលពីឆ្នាំមុន។
លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់VOA នៅថ្ងៃសុក្រនេះថា មានប្រជាពលរដ្ឋចំនួន៨០គ្រួសារ បានទៅប្រជុំនៅសាលាខេត្តកោះកុងកាលពីថ្ងៃព្រហស្បតិ៍ តាមការអញ្ជើញរបស់អ្នកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុង។
អ្នកស្រី ឡុង សុគន្ធី វ័យ ៤៦ ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣១០ គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សំ សុផាន់ណារិទ្ធិ ក្នុងការទាមទារដីទំហំ ២.០៧៦ ហិកតា នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ឃុំខ្លួន តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម ផេង កុសល ដែលបានផ្តន្ទាទោសអ្នកស្រី ឡុង សុគន្ធី ដាក់ពន្ធនាគារកំណត់ ១ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន។
គម្រោងមួយមានឈ្មោះថា«សម័យ» ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពចរាចរណ៍ក្នុងទីក្រុងសព្វថ្ងៃ ត្រូវបានដាក់ឲ្យអនុវត្តដោយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ចំនួនពីរគឺក្រុមហ៊ុន និងទីភ្នាក់ងារអ.ស.ប.។
លោក ជា សុផារ៉ា បានបញ្ជាក់ជាថ្មីនៅមុខក្រុមអ្នកតវ៉ានៃប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅក្នុងខេត្តកោះកុងថា លោកនឹងបញ្ចប់វិវាទដីធ្លីនេះឲ្យបាននៅបំណាច់ខែមិថុនាគឺមុនបោះឆ្នោត។
មិនដល់មួយខែផងក្រោយរដ្ឋាភិបាលថានឹងដោះស្រាយទំនាស់ដីធ្លីពលរដ្ឋនៅក្នុងឃុំចំនួនពីរ ខេត្តកោះកុង ក្រុមប្រជាពលរដ្ឋបានកើតការមន្ទិលក្នុងចិត្ត ហើយបានបង្ខំចិត្តឡើងមកតវ៉ានៅរាជធានីភ្នំពេញម្តងទៀត។ ប៉ុន្តែពួកគាត់ត្រូវបានក្រុមអាជ្ញាធរ ហាមឃាត់មិនឲ្យឡើងរថយន្តមកកាន់រាជធានីទេ។
បេក្ខជនជាស្ត្រីឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសធ្វើជាតំណាង នៅមានចំនួនតិចតួចដដែលធៀបនឹងការបោះឆ្នោតអាណត្តិមុន។ មន្ត្រីសង្គមស៊ីវិលលើកស្ទួយសិទ្ធិស្ត្រីក្នុងវិស័យនយោបាយ អះអាងថា គណបក្សនយោបាយនីមួយៗនៅមិនទាន់មានការប្តេជ្ញាចិត្តខាងឆន្ទៈនយោបាយពេញលេញ ដើម្បីដាក់ស្រ្តីឲ្យឈរក្នុងលេខរៀងកំពូលទេ។
ព័ត៌មានផ្សេងទៀត