គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់ក្រុមបញ្ញវន្តមួយក្រុមដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងលោក កែម ឡី កំពុងពិចារណាថា ខ្លួននឹងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតដោយមានការរំឭកដល់ការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់ VOA អំពីការពិចារណានេះ៖
«យើងនឹងរិះរកពេលវេលាណាសមស្របដើម្បីពិគ្រោះយោបល់ ជជែកនៅក្នុងក្រុមការងារយើង ពីព្រោះយើងចង់ស្តាប់គំនិតយោបល់អ្នកដែលគាត់យល់ដឹងពីផ្លូវច្បាប់ផ្សេងៗ ក្នុងការឃោសនាហ្នឹង ហើយយើងក៏ចង់ពិចារណាកុំឲ្យវាមានផលប៉ះពាល់ទៅលើក្រុមគ្រួសារគាត់អីចឹងជាដើម។ អីចឹងយើងព្យាយាមនឹងរកពេលវេលាណាមួយសមស្រប នៅក្នុងក្រុមការងារយើងដើម្បីជជែករឿងហ្នឹង»។
លោក កែម ឡី ត្រូវបានគេបាញ់សម្លាប់ក្នុងស្ថានីយ៍ប្រេងមួយនៅក្នុងទីក្រុងភ្នំពេញ ក្រោយពីអ្នកវិភាគរូបនេះបានផ្តល់ការអធិប្បាយដល់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ទៅលើរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីទ្រព្យសម្បតិ្តរាប់រយលានដុល្លាររបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។
លោក សាម អ៊ីន ថ្លែងបន្ថែមថា គណបក្សកំពុងថ្លឹងថ្លែងថា តើដំណើរនៃការឃោសនាដោយមានភ្ជាប់នឹងការសម្លាប់លោក កែម ឡី នេះ នឹងមានការឆ្លើយតបពីរដ្ឋាភិបាល ឬស្ថាប័នរៀបចំការបោះឆ្នោតយ៉ាងណា។ តែលោកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងព្យាយាមរំឭកពីទស្សនៈរបស់លោក កែម ឡី ប្រសិនបើក្រុមមេដឹកនាំគណបក្សសម្រេចថា នឹងបើកការឃោសនារកសំឡេងឆ្នោត ដោយភ្ជាប់នឹងឃាតកម្មលើលោក កែម ឡី នោះ។
«ជារួមយើងតែងតែបង្ហាញ ហើយយើងនឹងបង្ហាញបន្តអំពីការចូលរួមរបស់លោកបណ្ឌិត កែម ឡី ជាមួយនឹងក្រុមការងាររបស់យើង តាំងពីការរៀបចំបណ្តាញសង្គមខ្មែរដើម្បីខ្មែរ រហូតទៅដល់ការផ្តួចផ្តើមការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ហើយក្រោយការបាញ់សម្លាប់រូបលោក ក្រោយដែលលោកបានលាចាកលោកទៅ យើងបានផ្តល់កិត្តិយសជូនលោក ដោយចាត់ទុករូបលោកជាបិតាស្ថាបនិក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ អីចឹង យើងនឹងបន្តប្រាប់ យើងនឹងបន្តបង្ហាញអំពីរឿងពិតជាក់ស្តែង ដែលបានកើតឡើងជាមួយនឹងលោកបណ្ឌិត កែម ឡី។ យើងមិនធ្វើកិច្ចការណាមួយដែលដើរឆ្ងាយ ដើរហួសចេញពីការណ៍ពិតទេ។ យើងប្រាប់ យើងនឹងបង្ហាញពីការចូលរួមរបស់លោក តាមរឿងពិតជាក់ស្តែងដែលបានកើតឡើង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA ថា គណបក្សនយោបាយនីមួយៗមានសិទ្ធិឃោសនាដើម្បីស្វែងរកសំឡេងគាំទ្រ។ លោកមិនធ្វើការអធិប្បាយទៅលើសំណួរថា តើអាចនឹងមានបញ្ហាមិនប្រក្រតីណាកើតឡើងឬទេ ក្នុងករណីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឃោសនារកសំឡេងឆ្នោត ដោយប្រើប្រាស់ឃាតកម្មលោក កែម ឡី មកធ្វើជាសារទាក់យកចិត្តម្ចាស់ឆ្នោតនោះ។
«ទីមួយពាក់ព័ន្ធនឹងករណីឃាតកម្មលោកបណ្ឌិត កែម ឡី យើងមានការសោកស្តាយ តែយើងចាត់ទុកថា នេះវាជាបាតុភាពអសកម្មនៅក្នុងសង្គម ដែលសង្គមណាក៏មានដែរ មិនមែនត្រឹមតែកម្ពុជាទេ នៅអាមេរិកហ្នឹង គឺបាញ់ញឹកជាងស្រុកខ្មែរទៅទៀត។ បាទ នៅបារំាង នៅអាល្លឺម៉ង់អីក៏មានដែរ ក៏ប៉ុន្តែអ្នកដែលអគតិហ្នឹង មិនបាននិយាយដល់អាមេរិក ដល់អាល្លឺម៉ង់ទេ និយាយតែពីរឿងកម្ពុជា។ហើយចំណុចទីពីរ ចំពោះការណ៍ដែលបងប្អូនសម្រេចឆន្ទៈ នៅក្នុងការបំពេញករណីកិច្ចរបស់ខ្លួនជាពលរដ្ឋគឺត្រូវតែអនុវត្តទៅតាមខ្លឹមសាររដ្ឋធម្មនុញ្ញ ដែលបើកទូលាយសិទ្ធិ សេរីរបស់បងប្អូនដើម្បីនឹងអញ្ជើញទៅបោះឆ្នោត»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនផ្តល់ការអធិប្បាយទៅលើវិធានការដែលអាចនឹងធ្វើឡើងចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋានទេ ប្រសិនបើគណបក្សមួយនេះធ្វើការឃោសនារកសំឡេងឆ្នោតដោយភ្ជាប់ការបាញ់សម្លាប់លោក កែម ឡី។ មួយវិញទៀត លោកមានប្រសាសន៍ថា ការឃោសនាមិនទាន់ចាប់ផ្តើមនៅឡើយទេ។
«នៅពេលនេះ គឺមិនទាន់ដល់ដំណាក់កាលនៃការឃោសនានៅឡើយ»។
រីឯលោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប. មានប្រសាសន៍ថា ស្ថាប័នបោះឆ្នោតនឹងពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ចំពោះខ្លឹមសារនៃការឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានក្នុងការបោះឆ្នោតខែកក្កដានេះ។
«គ.ជ.ប. មិនធ្វើបុរេវិនិច្ឆ័យជាមុនទេ នៅមុនព្រឹត្តិការណ៍ដែលកើតឡើង។ អីចឹងអ្វីៗទាំងអស់ យើងត្រូវរង់ចាំមើលថា តើការឃោសនានៃគណបក្សនយោបាយនីមួយៗហ្នឹង ស្របទៅតាមច្បាប់ ស្របទៅតាមក្រមសីលធម៌ដែរឬអត់? បើសិនជាសមស្រប គ.ជ.ប. នឹងអបអរ ប៉ុន្តែបើធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតហ្នុង ក៏គ.ជ.ប.ក៏នឹងមានវិធានការស្របទៅតាមច្បាប់ដែរ បាទ»។
ទាំងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដាក់បេក្ខជនឲ្យឈរឈ្មោះនៅគ្រប់រាជធានីខេត្តក្រុង។
ប៉ុន្តែលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថា ប្រវត្តិការងារលោក កែម ឡី និងការណ៍ដែលលោកចូលរួមបង្កើតគណបក្សនេះគឺជាកត្តាសំខាន់ក្នុងគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។ ការឃោសនាដោយភ្ជាប់ឃាតកម្មលោក កែម ឡី អាចបន្ថែមភាពតានតឹងខាងនយោបាយ ទៅលើបញ្ហាចម្រូងចម្រាសបច្ចុប្បន្ន ដែលក្រុមមេដឹកនាំ និងមន្ត្រីគណបក្សប្រឆាំង ដែលត្រូវរំលាយនោះ បានអំពាវនាវដោយទទូចឲ្យពលរដ្ឋនៅតែផ្ទះដើម្បីឈ្នះឯង ខណៈដែលគណបក្សប្រជាជនកម្ពុជាបានអំពាវនាវឲ្យទៅបោះឆ្នោត។ គណបក្សប្រជាជនថា បើពលរដ្ឋមិនទៅបោះឆ្នោតទេ គឺស្មើនឹងប្រឆាំងព្រះមហាក្សត្រ។
ដោយឡែកមេធាវីមួយចំនួននិយាយថា ការឃោសនាដោយប្រើឃាតកម្មលោកកែម ឡី គឺមិនអាចបង្កឲ្យមានផលប៉ះពាល់ខាងច្បាប់នោះទេ ប្រសិនបើការឃោសនានោះមិនបានលើកឡើងអំពីហេតុផលនៃការស្លាប់របស់លោក កែម ឡី។ ចំណែកអ្នកឃ្លាំមើលការបោះឆ្នោតមួយចំនួនបានលើកឡើងថា ការឃោសនាបោះឆ្នោតដែលភ្ជាប់នឹងឃាតកម្មរបស់លោក កែម ឡី អាចនឹងធ្វើទៅបាន ដោយគ្មានបញ្ហាប្រឈម ប្រសិនបើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានកំណត់ថា ឃាតកម្មនេះជាផ្នែកមួយនៃគោលនយោបាយរបស់បក្ស។
លោក សាម អ៊ីន អគ្គលេខាធិការបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់បន្ថែមថា គោលនយោបាយមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាប់បដិសន្ធិពីគំនិតរបស់លោក កែម ឡី ដែលចង់ឃើញប្រព័ន្ធយុត្តិធម៌មានភាពឯករាជ្យ និងអាចមានការជឿជាក់បានសម្រាប់មហាជន និងប្រព័ន្ធសុខាភិបាល ដែលមានគ្រូពេទ្យប្រកបដោយគុណភាពជាដើម៕