ក្រុមអ្នកគាំទ្រនិងស្វាមីរបស់អ្នកស្រី ឡុង សុគន្ធី ដែលជាសកម្មជនដីធ្លីនៅខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់សាលាឧទ្ធរណ៍ឲ្យផ្តល់ការកាត់ក្តីត្រឹមត្រូវមួយ ដើម្បីអនុញ្ញាតឲ្យលោកស្រីបានស្ថិតនៅក្រៅឃុំ។
ការអំពាវនាវរបស់ពួកគេ កើតមានឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការកាលពីថ្ងៃពុធ លើអង្គសេចក្តីនៃសំណុំរឿងសុំនៅក្រៅឃុំ របស់អ្នកស្រី ឡុង សុគន្ធី ដែលបានត្រូវបានចោទពីបទ «ប៉ះពាល់កម្មសិទ្ធិឯកជន» និងពីបទ «ធ្វើឲ្យខូចខាតដោយចេតនា» ដោយតុលាការដំបូងខេត្តបន្ទាយមានជ័យកាលពីខែមិនាកន្លងទៅ។ សាលាឧទ្ធរណ៍គ្រោងនឹងប្រកាសសេចក្តីសម្រេចថា អ្នកស្រីអាចបាននៅក្រៅឃុំ ឬយ៉ាងណានោះ នៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង២ រសៀល។
លោក លឹម ឈុនទ្រី សាក្សីរបស់អ្នកស្រី ឡុង សុគន្ធី និយាយថា៖
«បាទនេះ ខ្ញុំសង្ឃឹមបាន៥០ភាគរយ ពីព្រោះលោកមេធាវីរបស់គាត់ហ្នឹង គាត់បាននិយាយអះអាងមកថា កូនក្តីគាត់ មិនអាចនឹងមានទោស ដូចគេចោទហ្នឹងទេ នេះគឺជាការលាបពណ៌របស់គេទេ»។
អ្នកស្រី ឡុង សុគន្ធី វ័យ ៤៦ ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣១០ គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សំ សុផាន់ណារិទ្ធិ ក្នុងការទាមទារដីទំហំ ២.០៧៦ ហិកតា នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ឃុំខ្លួន តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម ផេង កុសល ដែលបានផ្តន្ទាទោសអ្នកស្រី ឡុង សុគន្ធី ដាក់ពន្ធនាគារកំណត់ ១ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន។
លោក នង នី វ័យ៥៤ឆ្នាំ ដែលជាសា្វមីអ្នកស្រីឡុង សុគន្ធី មានប្រសាសន៍បា្រប់ VOA ថា តុលាការនឹងផ្តល់ការកាត់ក្តីត្រឹមត្រូវមួយចំពោះភរិយារបស់លោកដែលជាជនស្លូតត្រង់ និងមិនបានប្រពឹ្រត្តបទល្មើសដូច ដែលបានចោទប្រកាន់ដោយតុលាការនោះទេ។ តែលោកបារម្ភខ្លាចតែភាគីដើមបណ្តឹង មិនព្រមឲ្យភរិយារបស់លោកមានសេរីភាពនោះឡើយ។
«អាម្ចាស់ពាក្យបណ្តឹងហ្នឹង គេមិនចង់ឲ្យយើងចេញ អីចឹងខ្ញុំមិនអាចទុកចិត្តថ្ងៃទី១៩នេះ មិនដឹងជាយ៉ាងម៉េច តុលាការហ្នឹង គាត់វែកញែកយ៉ាងម៉េច គាត់ដោះស្រាយយ៉ាងម៉េចឲ្យគាត់ច្បាស់លាស់។ សុទ្ធតែពាក្យចោទបន្ទុកទាំងអស់ហ្នឹង អត់មានអីឲ្យនេះផង ព្រោះសាមីខ្លួនអត់បានប្រព្រឹត្ត។ នៅតែដាក់បន្ទុកមកទៀត ដដែលៗហ្នឹង រឿងដដែលៗហ្នឹង»។
លោក នង នី ថ្លែងបន្តថា ក្នុងអំឡុងពេលនៃអវត្តមានរបស់អ្នកស្រី ឡុង សុគន្ធី ដើម្បីតស៊ូរកដំណោះស្រាយក្នុងទំនាស់ដីក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនោះ លោក សំ សុផាន់ណារិទ្ធិ ដែលជាអ្នកប្តឹងអ្នកស្រី ឡុង សុគន្ធី បានផ្តើមធ្វើសកម្មភាពបោះបង្គោលដីតាមតែអំពើចិត្ត។
«អូអាម្ចាស់ពាក្យបណ្តឹងគេធ្វើតាមចិត្ត ព្រោះគេដើរដាំបង្គោលហ្នឹងលើដីប្រជាពលរដ្ឋហ្នឹងពាសពេញហ្នឹងអស់ហើយ។ គេគំរាមប្រជាពលរដ្ឋមិនឲ្យទៅអាដីធ្លីអស់ហ្នឹងគេមិនឲ្យលូក គេដើរបោះបង្គោលអស់រលីងហើយហ្នឹង។ ហើយប្រជាពលរដ្ឋហ្នឹងគ្នាភ័យខ្លាច គ្នាអត់ហ៊ានទៅផងហ្នឹង...ខ្លះអត់ហ៊ានទៅធ្វើផងហ្នឹងដែលៗ ដែលដំណាំដែលដាំដុះហើយហ្នឹង»។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថា លោកមិនទាន់បានដឹងពីដំណើររឿងក្តីក្តាំរបស់អ្នកស្រី ឡុង សុគន្ធី នោះឡើយ។
«អូខ្ញុំដឹងបង ចាំមើលខ្ញុំសួរចៅក្រម ទទួលបន្ទុកដែលគាត់ កាត់រឿងហ្នឹងមើលបង ព្រោះខ្ញុំអត់បានដឹងដែរ»។
VOA នៅតែមិនអាចសុំការអធិប្បាយពីលោក សំ សុផាន់ណារិទ្ធិ បាននៅឡើយមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
អ្នកស្រី ឡុង សុគន្ធី ដែលមានកូនបួននាក់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចស្ទាក់ចាប់ខ្លួន ក្នុងពេលអ្នកស្រីកំពុងធ្វើដំណើរមកកាន់ទីរួមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៨។អ្នកស្រីត្រូវបានផន្ទាទោសពីបទប៉ះពាល់កម្មសិទ្ធិឯកជន តាមមាត្រា ២៤៤ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល និង ពីបទធ្វើឲ្យខូចខាត ដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំនៅខេត្តបន្ទាយមានជ័យ បានបញ្ជាក់កាលពីពេលកន្លងមកថា តុលាការគួរបើកការអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងទំនាស់ដីធ្លីនេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃនីតិវិធី ក្នុងការកាត់ក្តីអ្នកស្រី ឡុង សុគន្ធី ឲ្យជាប់ក្នុងពន្ធនាគារ។
លោកអះអាងថា អ្នកស្រី ធ្លាប់ស្ថិតនៅក្នុងរចនាសម្ព័ន្ធដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបង្កើតឡើងដោយសហគមន៍របស់អ្នកស្រី។ អង្គការនោះមានគោលបំណង ការពារដីធ្លីដែលពលរដ្ឋសហគមន៍បានកាន់កាប់តាំងពីឆ្នាំ ២០០០ តែដោយសារមានបញ្ហាកេងប្រវ័ញ្ចនៅក្នុងអង្គការដដែលនោះ អ្នកស្រី ឡុង សុគន្ធី ក៏បានលាឈប់ពីអង្គការនោះតែម្តង៕