ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​កោះកុង​​រារាំង​​មិន​ឱ្យ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​ធ្វើ​ដំណើរ​មក​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ


រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

មិន​ដល់មួយ​ខែ​ផង​ក្រោយ​​រដ្ឋាភិបាល​ថា​នឹង​ដោះស្រាយ​ទំនាស់​ដីធ្លី​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​ ​ខេត្ត​កោះកុង​ ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​កើត​ការ​មន្ទិល​ក្នុង​ចិត្ត​ ហើយ​បាន​បង្ខំ​ចិត្ត​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ម្តង​ទៀត។ ​ប៉ុន្តែពួកគាត់​ត្រូវបាន​ក្រុមអាជ្ញាធរ​ ហាម​ឃាត់​មិន​ឲ្យ​ឡើង​រថយន្ត​មក​កាន់​រាជធានី​ទេ។

ក្រុម​អាជ្ញាធរ​នៅ​ខេត្ត​កោះកុង​បាន​រារាំង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់​ ​ដែល​នៅ​ជាប់​គាំង​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ ​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ ​តវ៉ា​រក​ដំណោះ​ស្រាយ​ជា​ថ្មី​ម្តង​ទៀត​ ​ទោះបី​មាន​ការ​សន្យា​ពី​រដ្ឋាភិបាល​ថា​ ​នឹង​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ក៏​ដោយ។​ ​នេះ​បើ​យោងតាម​ការ​អះអាង​របស់​ពល​រដ្ឋ​ ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។

កាលពី​ខែ​ឧសភា​កន្លង​ទៅ​ ​រដ្ឋា​ភិបាល​កម្ពុជា​បាន​សន្យា​រក​ដំណោះ​ស្រាយ​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៣១៦​គ្រួសារ​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​គឺ​ ​ស្រុក​ស្រែ​អំបិល ​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ Koh Kong Plantation Co., Ltd និង​ Koh Kong Sugar Industry Co., Ltd។​ ​ការសន្យា​នោះ​កើត​មាន​ឡើង​ ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​ជាង​២០០​នាក់​ជា​មួយ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​កង​សន្តិសុខ​ក្នុង​រាជធានី​ដែល​បាន​កើត​ឡើង​កាល​ពីខែ​ឧសភា​កន្លងទៅ។​

លោក ​ឱម ផុន​ ​វ័យ ​៦៥​ឆ្នាំ​ ពលរដ្ឋ​មក​ពីឃុំ​ជីខលើ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ​ថ្លែង​ថា​ អាជ្ញាធរ​មិន​បាន​ប្រើ​ពាក្យ​គំរាម​កំហែង​ទេ ​ហើយ​ពួកគេ​ថា​ ថ្នាក់​ដឹកនាំ​ខេត្ត​ និងស្រុក​នឹង​រក​ដំណោះ​ស្រាយ​ តែ​ពលរដ្ឋ​មិនព្រម​ ​ហើយ​បាន​បន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​មក​ទីក្រុង​ភ្នំពេញ។​ ​លោក​បាន​បន្ត​ថា​ ប្រជា​ពល​រដ្ឋ​ខ្លះ​បាន​ឡើង​ជិះ​រថយន្ត​មក​រាជធានី​ភ្នំពេញ​ដោយសារ​ការ​នឿយហត់​ ​និង​មាន​កូនក្មេង​មក​ជា​មួយ។​

«គាត់​មាន​ ​អត់​មាន​គំនាប​អី​ប៉ុន្មាន​ទេ​ គ្រាន់​ដូច​ថា​ គាត់​តាម​មក​ការពារ​អីចឹង​ ហើយ​ក៏​ខាង​អភិបាល​ស្រុក​ ហើយ​និង​អភិបាល​រង​ខេត្ត​មក​ចរចា​ថា​ ឲ្យ​បក​ទៅ​វិញ​ទៅ​ ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​ ហើយ​ឲ្យ​គោល​បំណង​យើង​ចង់​បាន​ពីរ៖ ដី​២ហិកតា​ លុយ​៣០០០​[ដុល្លារ]​ហ្នឹង។​ ប៉ុន្តែ​អត់​មាន​លក្ខខណ្ឌ​កិច្ច​សន្យា​ ​ដល់​អីចឹង ​គាត់​អត់​ទទួល​យក​បាន។ ​គាត់​ចេះ​តែដើរ​មក​ទៀត​មក​នែ៎»។​

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​រូប​នេះ​រៀបរាប់​បន្ថែម​ថា​ ​ការ​តស៊ូ​ដើម្បី​រក​ដំណោះ​ស្រាយ​ដីធ្លី​នេះ​គឺ​មាន​ដើម្បីទទួល​បាន​ទុន​បន្ថែម​ដើម្បី​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត។​

«ខ្ញុំ​ទាំងអស់​គ្នា ​៣០២​គ្រួសារ​ហ្នឹង​ ចង់​បាន​សំណង​ដូចជា​ដី​២​ហិកតា​ ហើយ​និង​សំណង​បន្ថែម​ ៣០០០​ដុល្លារ​ដើម្បី​ចិញ្ចឹម​ជីវិត​ ​ហើយ​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជីវិត​កូន​ចៅ​ជំនាន់​ក្រោយ​ហ្នឹង ​ក្មួយ»។​

ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង​បាន​ឲ្យដឹង​ថា​ ​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ ​ប្រជាពល​រដ្ឋ​សហគមន៍​ជីខ​៣០២​គ្រួសារ​ ​ដែល​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ បាន​ប្រមូលផ្តុំ​គ្នា​ទៅ​តវ៉ា​នៅ​ភ្នំពេញសាជាថ្មី​ ​ដោយ​ជួល​រថយន្ត​ចំនួន​១០​គ្រឿង​ មានគ្នា​សរុប​ប្រហែល​៣០០​នាក់។ ​ក៏​ប៉ុន្តែ​ភ្លាមៗ​នោះ​ ​មាន​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ ប្រហែល​១០​នាក់​ ​ដឹកនាំ​ដោយ​លោក​ សួន ស៊ីថា​ អភិបាល​រង​ស្រុក​ស្រែ​អំបិល​ បាន​ឃាត់​ឡាន​នៅ​ចំណុច​ភូមិ​អូរជ្រៅ​ ជិត​ផ្លូវ​បំបែក​ទៅ​ផ្លូវ​ជាតិ​លេខ​៤។​ តំណាង​ប្រជា​ពលរដ្ឋ​មិនហ៊ាន​ឡើង​ទៅ​តវ៉ា​ទេ​ ដោយសារ​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ ​ដែល​បាន​ឃ្លំា​មើល​នៅ​ជិត​ផ្ទះ។​

លោក​ ហ៊ួរ អ៊ីន​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ប្រចាំ​ខេត្ត​កោះកុង​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ការ​ឡើង​មក​តវ៉ា​ជាថ្មី​របស់​ក្រុម​ពលរដ្ឋ​មាន​ចំនួន​៣០២​គ្រួសារ​នេះ​ធ្វើឡើង​ បន្ទាប់​ពីក្រុម​ការងារ​ខេត្ត​ កាលពី​សប្តាហ៍​មុន​ បាន​ជួប​ប្រជុំ​ជាមួយ​ពល​រដ្ឋ​នៅ​ឃុំជី​ខ​លើ​ ចំនួន​១៧៥​គ្រួសារ​ និង​២០០​គ្រួសារ​ផ្សេង​ទៀត​ ដោយ​បាន​ធ្វើ​ការ​កំណត់​ទីតាំង​ដើម្បី​រៀបចំ​វាស់​វែង​ដី​បែងចែក​ជូន​ក្រុម​ទាំង​ពីរ​នេះ។ ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ការណ៍​នេះ​ធ្វើ​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​៣០២​គ្រួសារ​នេះ​ខកចិត្ត​ និង​អស់​សង្ឃឹម​ ហើយ​ក៏ផ្តើម​គំនិត​តវ៉ា​ម្តង​ទៀត។ ​លោក​បាន​បន្ត​ថា​ ការ​តវ៉ាដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អាជ្ញាធរ​ស្រុក​ស្រែ​អំបិល​ ​មិន​បាន​បង្ក​ការ​ប៉ះ​ទង្គិច​គ្នាទេ​ តែ​លោក​ថា​ ការ​ឃាត់​ឃាំង​មិន​គួរ​កើត​មាន​នោះ​ឡើយ។​

«រូបភាព​ការ​ឃាត់​នេះ​ ទោះបីជា​គ្មាន​ហិង្សា​កើត​ឡើង​ក៏​ដោយ​ ប៉ុន្តែ​វា​ជា​រូបភាព​មួយ​ដែល​ធ្វើ​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​គាត់​ ក្នុងការ​ស្វែងរក​ដំណោះ​ស្រាយ។​ ដោយសារ​តែ​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​ខេត្ត​ ទើប​ពួក​គាត់​សម្រេច​ចិត្ត​ឡើង​ទៅ​ភ្នំពេញ។​ អីចឹង​អាជ្ញាធរ​ខេត្ត​ ដើម្បី​ឲ្យ​ពួក​គាត់​មានការ​ទុក​ចិត្ត​ បញ្ឈប់​ការ​ឡើង​ទៅ​តវ៉ា​នៅភ្នំពេញ​ គឺ​ត្រូវ​បង្ហាញ​អំពី​ឆន្ទៈ​ដោយ​ស្មោះត្រង់​ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជូន​ពួក​គាត់។​ កុំបាន​តែ​សន្យា​ ម្តង​ថ្ងៃ​នេះ​ ម្តង​ថ្ងៃនោះ​ មូលហេតុ​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ទំនុក​ចិត្ត​ទៅ​លើ​អាជ្ញាធរខេត្ត»។​

លោក​ សួន​ ស៊ីថា​ អភិបាល​រង​ស្រុក​ស្រែ​អំបិល​ បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​ដោយ​លោក​ជាប់ប្រជុំ។ នៅ​មុន​ពេល​ដាក់​ទូរស័ព្ទ ​លោក​បាន​ថ្លែង​នៅ​ល្ងាច​ថ្ងៃច័ន្ទ​នេះ​យ៉ាង​ដូច្នេះ៖​

«បាទ​ ខ្ញុំជាប់​រវល់​បន្តិច។ ​ជាប់​រវល់»។​

ឆ្លើយតប​នឹង​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នេះ​ ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម ​និង​សំណង់​បាន​បញ្ជាក់​ក្នុង​សេច​ក្តី​ប្រកាស​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា ​ឆ្នាំ​២០១៨ ​តាម​អត្ថន័យ​ដើម​ថា៖​

«ដោយ​យោង​លិខិត​...​របស់​រដ្ឋបាល​ខេត្ត​កោះ​កុង ​ចុះ​ថ្ងៃ៣០ ​ខែ​មីនា ​ឆ្នាំ​២០១៨ ​សំណូម​ពរ​របស់​ក្រុម​ប្រជា​ពល​រដ្ឋ​៣១៦​គ្រួសារ ​ស្ថិត​នៅ​ស្រុក​ស្រែ​អំបិល ​ស្រុក​បទុម​សាគរ ​ខេត្ត​កោះ​កុង​ និង​សំណូម​ពរ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​១៧០​គ្រួសារ​ ស្ថិត​នៅ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន ​Koh Kong Plantation Co., Ltd. ​និង​ Koh Kong Sugar Industry Co., Ltd. ​ក្រសួង​រៀប​ចំដែន​ដី ​នគរូបនីយ​កម្ម​ និង​សំណង់​បាន​ចាត់​ក្រុម​ការងារ​ចុះ​សហការ​ជាមួយ​ក្រុម​ការ​ងារ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង ​ដើម្បី​ពិនិត្យ​អត្ត​សញ្ញាណ​អ្នក​កាន់​កាប់​និង​ដីពាក់​ព័ន្ធ​នឹង​ករណី​វិវាទ​ខាង​លើ​ ចាប់ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​រហូត​រួចរាល់​ជា​ស្ថាពរ​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ចប់»។​

ក្នុង​សំណុំ​រឿង​វិវាទ​ដីធ្លី​ដដែល​នេះ​ រដ្ឋាភិបាល​បាន​ផ្តល់​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​៣៧៥​គ្រួសារ​ កាលពី​ថ្ងៃ​ទី​២២ ​ខែ​មីនា។​ ​ដំណោះ​ស្រាយ​ដែល​បាន​ផ្តល់​ជូន​នោះ​ រួម​មាន​ដី​ទំហំ​ពី​១,៥​ហិកតា​ដល់​៣​ហិកតា​ និង​ថវិកា​ចំនួន​២៥០០​ដុល្លារ​ ​ក្នុង​មួយ​គ្រួសារ។​

ដំណោះ​ស្រាយ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ស្ថានភាព​នៃ​ជម្លោះ​របស់​ប្រជា​ពលរដ្ឋ​ជាមួយ​ក្រុម​ហ៊ុន​ Kong Plantation​ Co.,Ltd ​និង​ក្រុមហ៊ុន​ Koh Kong Sugar Industry Co.,Ltd ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ក្រុម​តំណាង​ប្រជា​ពលរដ្ឋ​អះអាង​ថា​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ ដើម​ឡើយ​ជា​កម្ម​សិទ្ធិ​របស់​លោក​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

XS
SM
MD
LG