ចំនួនបេក្ខនារីសម្រាប់ការបោះឆ្នោតសភានៅខែកក្កដាខាងមុខនេះនៅបន្តមានចំនួនតិចតួចនៅឡើយ នៅគ្រាមានគណបក្សនយោបាយដល់ទៅ២០បានចុះឈ្មោះរួចរាល់ជាមួយស្ថាប័នបោះឆ្នោតជាតិ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត និងក្នុងពេលគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលនោះ។ នេះបើយោងតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)អំពីលទ្ធផលផ្លូវការនៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
តារាងលទ្ធផលនៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា បានឲ្យដឹងថា គណបក្សដែលគេស្គាល់ច្រើន ដូចជាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គមា្ចស់នរោត្តមរណឫទ្ធិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហើយនិងគណបក្សតូចៗកើតថ្មី ដូចជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ បានដាក់បេក្ខជនពេញសិទ្ធិ និងបម្រុងជាស្ត្រីក្នុងចំនួនតិចតួច។
តែមានគណបក្សបួនដែលបានដាក់បេក្ខជនជាស្រ្តីទាំងពេញសិទ្ធិ និងបម្រុងច្រើនជាងគេ គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ ដែលមានបេក្ខនារីចំនួន១៥៥នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន២៦៦នាក់ គណបក្សធម្មាធិបតេយ្យមានបេក្ខនារីចំនួន៩៨នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន១៦៨នាក់ គណបក្សខ្មែរឈប់ក្រមានបេក្ខនារីចំនួន១០០នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន២៦៦នាក់ និងគណបក្សឆន្ទៈខ្មែររបស់លោកគង់ មុនីកា កូនប្រុសពៅរបស់លោកគង់ គាំ មានបេក្ខនារីចំនួន១០៧នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន២៦៦នាក់។
កញ្ញាសេង រាសី អ្នកសម្របសម្រួលកម្មវិធីសមភាពយ៉េនឌ័រក្នុងវិស័យនយោបាយនៃអង្គការសីលកា ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ការបង្កើនចំនួនស្ត្រីជាបេក្ខនារីក្នុងលេខរៀងកំពូលរបស់គណបក្សធំៗដែលមានសក្តានុពល ដើម្បីអនុញ្ញាតឲ្យស្ត្រីបានរួមចំណែកក្នុងការធ្វើនយោបាយ នៅតែជាដំណើរយឺតយ៉ាវមួយដដែល។ កញ្ញាថ្លែងថា ការណ៍នេះមកពីកង្វះនៃការប្រើប្រាស់ឆន្ទៈនយោបាយពេញលេញរបស់គណបក្សនីមួយៗ។
«យើងដឹងហើយ នៅក្នុងប្រទេសយើង ការដាក់បេក្ខជន ឬមួយក៏ការឈរឈ្មោះ ឲ្យគេបោះឆ្នោតហ្នឹងគឺត្រូវធ្វើតាមរយៈគណបក្ស ដូច្នេះទាមទារឲ្យគណបក្សមួយៗហ្នឹងត្រូវមានឆន្ទៈខ្លាំងក្លាមែនទែន ហើយនិងការយល់ឲ្យបានស៊ីជម្រៅអំពីមូលហេតុដែលត្រូវមានស្ត្រីចូលរួម ហើយអត្ថប្រយោជន៍អី នៅពេលដែលមានស្ត្រីចូលរួមនៅក្នុងភាពស្មើគ្នានៅក្នុងគណបក្សរបស់ខ្លួន។ អីចឹងទាមទារឲ្យគណបក្សហ្នឹងត្រូវមានគោលនយោបាយសមភាពយេនឌ័រឲ្យពិតប្រាកដនៅខាងក្នុងគណបក្សដែលអាចឈានទៅរកការមានសកម្មភាពជាក់ស្តែង មិនមែនគ្រាន់តែជាការនិយាយតែមាត់ ប៉ុន្តែអត់មានសកម្មភាពជាក់ស្តែង។ ដូច្នេះត្រឡប់មកវិញ យើងមើលឃើញថា បញ្ហាហ្នឹងនៅតែជាបញ្ហាប្រឈម ជាពិសេសគណបក្សនយោបាយដែលមានសក្តានុពលនៅក្នុងការប្រកួតប្រជែងហ្នឹង»។
សកម្មជនដែលធ្វើការលើកកម្ពស់ស្រ្តីចូលរួមឆាកនយោបាយរូបនេះ មានប្រសាសន៍បន្ថែមថា គណបក្សធំៗមួយចំនួន នៅបន្តផ្តល់ហេតុផលថា ខ្លួនគ្មានលទ្ធភាពរកបេក្ខនារីដែលមានសមត្ថភាពយកមកឈរឈ្មោះ ដែលផ្ទុយពីគណបក្សនយោបាយខ្លះ ដែលមានលទ្ធភាពដាក់បញ្ចូលបេក្ខនារីចំនួនដ៏ច្រើននោះ។
«ពេលដែលយើងបានធ្វើការពិភាក្សា ឬមួយធ្វើការជជែកវែកញែកជាមួយគណបក្សធំៗ [មួយចំនួន] អ្វីដែលយើងទទួលបានគឺគាត់ថា ពិបាករកស្ត្រី ក្នុងការដាក់នៅក្នុងកន្លែងណាមួយ។ ក៏ប៉ុន្តែ យើងឆ្លុះទៅមើលគណបក្សផ្សេងទៀត ហេតុអីបានគាត់អាចរកបាន? អីចឹងទៅ សរុបត្រឡប់មកវិញ យើងមើលឃើញថា ការណ៍ដែលនៅនិយាយថា មិនអាចរកស្ត្រីបាន ឬមួយក៏ការណ៍នៅតែលើកឡើងថា ស្ត្រីមិនមានសមត្ថភាពហ្នឹង វានៅតែជាសារដដែលៗ។ ប្រសិនបើរយៈពេលប្រាំឆ្នាំហើយ ប្រាំឆ្នាំទៀត យើងមិនប្រឹងប្រែងបណ្តុះស្រ្តី យើងមិនប្រឹងប្រែងបន្តពង្រឹងសមត្ថភាពគាត់ ហើយយើងនៅតែនិយាយដដែលៗថា គាត់អត់មានសមត្ថភាពហ្នឹង ខ្ញុំគិតថា រឿងហ្នឹងស្តាប់មើលទៅ អាចក្លាយទៅជាលេស។ វាក្លាយទៅជាមិនមែនជាឆន្ទៈពិតប្រាកដក្នុងការជំរុញ»។
មានគណបក្សនយោបាយចំនួន២០នឹងចូលរួមការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប. កាលពីពេលកន្លងមក។ នៅក្នុងការបោះឆ្នោតអាណត្តិមុន គឺនៅឆ្នាំ២០១៣ មានគណបក្សតែប្រាំបីប៉ុណ្ណោះបានចូលរួមការប្រកួតប្រជែង។
យោងតាមតារាងលទ្ធផលនៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកសភាឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនបានដាក់បេក្ខនារីពេញសិទ្ធិ និងបម្រុងចំនួន៤៧នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន២៧១នាក់ គណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តមរណ ឫទ្ធិបានដាក់បេក្ខនារីពេញសិទ្ធិ និងបម្រុងចំនួន២៣នាក់ក្នុងចំណោមបេក្ខជនសរុបចំនួន២៦៦នាក់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកខឹម វាសនាបានដាក់បេក្ខនារីពេញសិទ្ធិ និងបម្រុងចំនួន២៤នាក់ក្នុងចំណោមបេក្ខជនសរុបចំនួន២៦៨នាក់។
ចំណែកគណបក្សកើតថ្មីមួយចំនួន រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់ក្រុមបញ្ញាវន្តមួយក្រុម មានបេក្ខនារីពេញសិទ្ធិ និងបម្រុងចំនួន៤៧នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន២៧៥នាក់ គណបក្សយុវជនកម្ពុជារបស់លោកពេជ្រ ស្រស់ ដែលបានរួមចំណែកប្តឹងរំលាយគណបក្សសង្គ្រោះជាតិ បានដាក់បេក្ខនារីពេញសិទ្ធិ និងបម្រុងចំនួន៦៨នាក់ក្នុងចំណោមបេក្ខជនសរុបចំនួន ២៣៤នាក់ និងគណបក្សខ្មែររួបរួមជាតិបង្កើតដោយអតីតមេទ័ពរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិគឺលោកញឹក ប៊ុនឆៃបានដាក់បេក្ខនារីពេញសិទ្ធិ និងបម្រុងចំនួន៣៧នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន២៦៦នាក់។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ការជ្រើសរើសបេក្ខនារីគឺធ្វើទៅតាមការសម្រេចចិត្តរបស់សាខាគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។ លោកថា គណបក្សកាន់អំណាចគិតគូរពីគុណភាពជាជាងបរិមាណក្នុងការដាក់បេក្ខនារីឲ្យឈរឈ្មោះនៅតាមមណ្ឌលនីមួយៗ។
«យើងលើកកម្ពស់ស្ត្រីដើម្បីឲ្យមានសកម្មភាពនយោបាយនៅក្នុងសង្គមក៏ពិតមែន ក៏ប៉ុន្តែយើងក៏ត្រូវគិតអំពីលក្ខណៈសម្បត្តិផ្សេងៗទៀតគួបផ្សំដែរបាទ ពីព្រោះបើសិនណាយកបងប្អូនមកធ្វើជាក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ឬមួយក៏ មន្ត្រីនានានៅតាមក្រសួង បើយើងមិនគិតអំពីសមត្ថភាព គុណភាពទេ អាហ្នឹងគ្រាន់តែយកមានតែចំនួន ក៏ប៉ុន្តែវាអត់មានអត្ថន័យអីជ្រៅជ្រះទេបាទ គឺយកមកដើម្បីឲ្យធ្វើការមានប្រសិទ្ធភាព ប្រសិទ្ធផលជូនដល់ប្រទេសជាតិ និងប្រជាជនដែរបាទ»។
លោកកន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (Comfrel) យល់ថា ស្ត្រីនៅតែមិនត្រូវបានផ្តល់ឱកាសឲ្យឈរឈ្មោះក្នុងលេខរៀងល្អ ដែលអាចបើកផ្លូវឲ្យពួកគេមានលទ្ធភាពជាប់ឆ្នោត។ លោកបានថ្លែងបន្តថា គណបក្សនយោបាយតែងតែយករឿងសមត្ថភាពមកធ្វើជាលេស។
«កន្លងមក បញ្ហាភាគច្រើនគណបក្សនយោបាយតែងតែលើកឡើងអំពីសមត្ថភាពរបស់ស្ត្រី ក៏ប៉ុន្តែបើតាមយើងមើល មិនមែនមកពីរឿងសមត្ថភាពទេ គឺជាឱកាសវិញទេ បាទ ឱកាសនៅក្នុងដាក់ណ៎ា។ បើសិនជាស្ត្រីនេះត្រូវបានឱកាស នៅក្នុងលេខណាមួយ ដែលធ្វើឲ្យលេខហ្នឹងមានឱកាសក្នុងការទទួលបាននូវ តួនាទី តំណែង ធ្វើជាតំណាងរាស្ត្រអី មានន័យថា លោកឲ្យបានហើយ ជាពិសេសឧបមាថា ស្ត្រីដាក់ឱកាសដែលទុកឲ្យ ឧបមាថា ដូចៗ យើងត្រូវរើសអង្គការអីចឹង។ កាលណា ឧបមាថា តួនាទី ភារកិច្ចចំណេះដឹង ប្រហាក់ប្រហែលគ្នា គឺយើងអាចអាទិភាពជាស្ត្រីអីចឹងណ៎ា! ហ្នឹងវាបានហើយ។ ប៉ុន្តែមែនទែនទៅ បញ្ហាភាគច្រើនលើកឡើងថា ស្ត្រីហ្នឹងគឺមិនសូវមានចំណេះដឹង ហើយជារឿងទន់ខ្សោយ។ នេះហើយជាចំណុចមួយដែលមានគណបក្សខ្លះ លោកអត់អាចជ្រើសរើសស្ត្រីហ្នឹងដាក់ជាលេខរៀងល្អអី ឬក៏លេខរៀងទីមួយ ទីពីរអីហឹ្នង គឺថា បញ្ហារឿងអស់ហ្នឹង បាទ»។
នៅមុនការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពង្រឹងសិទ្ធិស្រ្តីក្នុងវិស័យនយោបាយ បានរកឃើញថា គណបក្សធំៗពីរដែលមានប្រជាប្រិយភាពគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលពេលនេះត្រូវបានគេរំលាយចោលនោះ បានបង្កើនបេក្ខនារីក្នុងបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន តែចំនួននេះគឺនៅទាបជាងចំនួនបេក្ខនារីដែលសម្រេចដាក់ឲ្យឈរឈ្មោះពីគណបក្សតូចៗ១០ផ្សេងទៀត។
ពួកគេនិយាយថា គណបក្សធំៗពីរដែលមានមួយត្រូវបានរំលាយចោលរួចទៅហើយនោះ ទំនងជាបារម្ភថា ខ្លួននឹងចាញ់ការបោះឆ្នោតបើដាក់ស្ត្រីច្រើនឲ្យឈរឈ្មោះ។ តែពួកគេអះអាងថា ការបារម្ភបែបនេះអាចជាការយល់ខុសដោយសារតាមការស្ទាបស្ទង់មតិ យុវជនភាគច្រើនដែលជាម្ចាស់ឆ្នោត ពេញចិត្តបេក្ខនារីជាងបុរស។
កញ្ញាសេង រាសី អ្នកសម្របសម្រួលកម្មវិធីសមភាពយ៉េនឌ័រក្នុងវិស័យនយោបាយនៃអង្គការសីលកា បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាមុខជានឹងមិនអាចសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goals) បានទេ។ គោលដៅនេះជារបស់អង្គការសហប្រជាជាតិ ដែលបានកំណត់ថា ស្ត្រីត្រូវចូលរួមឲ្យបាន៥០ភាគរយនៃការដឹកនាំក្នុងកិច្ចការនយោបាយ នៅឆ្នាំ២០៣០។ កញ្ញាបន្ថែមថា កម្ពុជាគួរសង្កេតប្រទេសផ្សេងៗទៀត ដែលគេបានធ្វើការកែប្រែច្បាប់មួយចំនួនដើម្បីដាក់សម្ពាធលើគណបក្សនយោបាយឲ្យបង្កើនចំនួនស្ត្រីក្នុងការចូលរួមវិស័យនយោបាយ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ទៀតសោតក៏គួរគិតពីការដាក់កំហិតលើគណបក្សនយោបាយឲ្យបង្កើនចំនួនបេក្ខនារីផងដែរ។
«ការសម្រេចឲ្យបានគោលដៅហ្នឹង ក៏នៅតែមិនអាចទៅរួចដែរ ពីព្រោះអីឆ្នាំ២០៣០នេះ សង្ឃឹមថា នឹងទទួលបាន៥០/៥០ ហើយយើងមើលថា ពីឥឡូវទៅដល់ឆ្នាំ២០៣០ យើងមានការបោះឆ្នោតប៉ុន្មានដងទៀត។ បើសិនអត់មានការធ្វើវិសោធនកម្មច្បាប់ក្នុងការដាក់សម្ពាធទៅដល់គណបក្សនយោបាយ ហើយគ.ជ.ប.ទៀតសោត ពីព្រោះអី? យោងតាមមេរៀនដែលយើងសិក្សាបានពីប្រទេសផ្សេងៗហ្នឹង អ្វីដែលគេធ្វើ គេកែប្រែនៅក្នុងច្បាប់ផង ហើយម្យ៉ាងទៀតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់គេហ្នឹងមានការដាក់បន្ទុកទៅដល់គណបក្សនយោបាយថា បើសិនអ្នកឯងមិនមានចំនួនស្ត្រីនៅក្នុងលេខរៀងដែលជាប់ហ្នឹង ឧទាហរណ៍ចំនួន៣០ភាគរយ ឬក៏៥០ភាគរយទេ អ្នកឯងអត់អាចឈរឈ្មោះបោះឆ្នោតបានទេ»។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប. ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា គ.ជ.ប. ចង់ឃើញមានចំនួនស្ត្រីច្រើនឈរជាបេក្ខនារី តែការណ៍នេះវាអាស្រ័យលើគណបក្សនយោបាយនីមួយៗ ហើយស្ត្រីខ្លួនឯងត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនដើម្បីទាញការគាំទ្រពីគណបក្សនីមួយៗនោះ ឲ្យឈរជាបេក្ខជនក្នុងលំដាប់ដែលមានសក្តានុពល។ លោកបានបន្តថា គ.ជ.ប. មិនអាចធ្វើអ្វីរំលងច្បាប់បាននោះឡើយ។
«ជារឿងបញ្ហាផ្លូវច្បាប់ដែលគ.ជ.ប. មិនអាចលូកលាន់បាន។ ហើយខ្ញុំសុំឲ្យអ្នកធ្វើអត្ថាធិប្បាយហ្នឹង លើកឡើងមកថា ច្បាប់នៃប្រទេសណា ដែលលើកឡើងយ៉ាងហ្នឹង បាទ»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតនៅគ្រានេះមានភាពចម្រូងចម្រាស ដោយហេតុតែគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិត្រូវបានគេផាត់ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គ.ជ.ប.។ ក្រុមមេដឹកនាំ និងមន្ត្រីគណបក្សជំទាស់ដែលត្រូវបានរំលាយនេះ កំពុងធ្វើយុទ្ធការតាមប្រព័ន្ធអីនធើណិត ដោយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរធ្វើពហិការមិនចូលរួមការបោះឆ្នោត ប្រសិនបើពួកគេមិនចង់គាំទ្រឲ្យមានការបន្តរបបផ្តាច់ការក្នុងប្រទេស។ ក៏ប៉ុន្តែស្ថាប័នបោះឆ្នោតជាតិ បានបញ្ជាក់កាលពីពេលកន្លងមកថា ខ្លួនកំពុងសិក្សាលើនីតិវិធីដើម្បីបញ្ចប់ការអំពាវនាវបែបនេះ។ តែមេធាវីមួយចំនួននិយាយថា ពលរដ្ឋមានសិទ្ធិទៅ ឬមិនទៅបោះឆ្នោត ហើយក៏គ្មានច្បាប់ណាសម្រាប់ដាក់ពិន័យលើពលរដ្ឋដែរ ប្រសិនបើពួកគេមិនទៅបោះឆ្នោតនោះ៕