ក្រុមមន្ត្រីនិងមេដឹកនាំកម្ពុជាបញ្ចេញទស្សនៈតិចតួចចំពោះជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ។
ពីរថ្ងៃក្រោយជំនួបជាលក្ខណៈប្រវត្តិសាស្ត្រមួយទល់មួយរវាងលោកប្រធានាធិបតីដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុននោះ លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ បញ្ជាក់ពីកិច្ចស្វាគមន៍របស់កម្ពុជាចំពោះជំនួបកំពូល ដែលជាជំហានចាប់ផ្តើម ឆ្ពោះទៅរកការរំសាយចោលនៃអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
សេចក្តីថ្លែងការណ៍របស់លោកប្រាក់ សុខុន សរសេរតាមន័យដើមថា៖
«ពិភពលោកទាំងមូលបានតាមដានព្រឹត្តិការណ៍ដ៏សំខាន់នេះ។ កម្ពុជាក៏បានតាមដានដោយយកចិត្តទុកដាក់បំផុតនូវជំនួបជាប្រវត្តិសាស្ត្រនេះ ដែលនឹងកំណត់ជោគវាសនានៃសន្តិសុខតំបន់ និងពិភពលោក ព្រមទាំងផលវិបាកនៃលទ្ធផលជំនួបនេះមកលើសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។ កម្ពុជាស្វាគមន៍លទ្ធផលជាវិជ្ជមាននៃជំនួបកំពូលនេះ ដែលបើកផ្លូវដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដំណើរឆ្ពោះទៅកាន់សន្តិភាពពិតប្រាកដសម្រាប់តំបន់»។
ក៏ប៉ុន្តែ លោក ប្រាក់ សុខុន ថ្លែងថា នេះគ្រាន់តែជាការបើកផ្លូវប៉ុណ្ណោះ។នៅមានកិច្ចការជាច្រើនទៀតដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើ ដើម្បីសម្រេចគោលដៅទាំងនោះ។
មុននឹងឈានដល់ជំនួបនៅប្រទេសសិង្ហបុរីរវាងលោក ត្រាំ និងលោក គីម មានការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងសេអ៊ូលដោយក្រុមដែលជំរុញឲ្យមេដឹកនាំទាំងពីរបញ្ចប់ភាពទាល់ច្រករវាងអាមេរិកនិងកូរ៉េខាងជើងអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយធ្វើកិច្ចព្រមព្រៀងសន្តិភាពមួយ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជារឿយៗបានធ្វើការអធិប្បាយទាក់ទងនឹងស្ថានការណ៍ពិភពលោក ក្នុងនោះមានបញ្ហានៅឧបទ្វីបកូរ៉េផងដែរនោះ មិនមានការធ្វើអធិប្បាយច្រើនទេ កាលពីម្សិលមិញនេះ ទាក់ទិននឹងជំនួបរវាងលោកប្រធានាធិបតី ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
ថ្លែងនៅក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសរបស់រាជបណ្ឌិត្យសភាកម្ពុជា ដល់ក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចំនួនប្រាំបីនាក់ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ លោក ហ៊ុន សែនមានប្រសាសន៍ថា បញ្ហានៅឧបទ្វីបកូរ៉េបានធូរស្រាល តែមានបញ្ហាប្រឈមផ្សេងទៀត បានកើតឡើង ពោលគឺជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលហ៊ុមព័ទ្ធដោយបញ្ហាការយកពន្ធទំនិញគ្នាទៅវិញទៅមក និងការងាករបស់អាមេរិកចេញពីក្រុមប្រទេសអភិវឌ្ឍទាំង៧ ឬG7។
«ពិតមែនតែបញ្ហាឧបទ្វីបកូរ៉េត្រូវបានធូរស្រាល ក៏ប៉ុន្តែបញ្ហាសាកលបានកើតឡើងហើយ ហើយនេះជាបញ្ហាប្រឈមដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចសេដ្ឋកិច្ចនៅក្នុងតំបន់របស់យើង»។
ជំនួបជាប្រវត្តិសាស្ត្ររវាងលោកប្រធានាធិបតីត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយមានការសន្យាពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថា «នឹងលុបចោលកម្មវិធីនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទាំងស្រុង» និងសេចក្តីប្រកាសមិនរំពឹងទុកមួយរបស់លោក ត្រាំដែលថា សហរដ្ឋអាមេរិកនឹងផ្អាកសមយុទ្ធយោធាជាមួយប្រទេសកូរ៉េខាងត្បូង។
ការតាំងចិត្តរបស់លោក គីម ជុងអ៊ុន ដើម្បីលុបចោលកម្មវិធីនុយក្លេអ៊ែររួមមាននៅក្នុងឯកសារដែលត្រូវបានចុះហត្ថលេខាបន្ទាប់ពីជំនួបលើកទីមួយរវាងប្រធានាធិបតីកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិកនិងមេដឹកនាំកូរ៉េខាងជើង។ ឯកសារនោះអំពាវនាវឲ្យប្រទេសទាំង២ធ្វើការរួមគ្នាស្តីពីការខំប្រឹងប្រែងដើម្បីស្ថាបនាសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ ដើម្បីបង្កើតទំនាក់ទំនងថ្មីរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងហើយនឹងដើម្បីស្វែងរកអដ្ឋិធាតុ អ្នកទោសសង្គ្រាម និងសមាជិកយោធាដែលបានបាត់ខ្លួននៅក្នុងសង្គ្រាម។ ភាគីទាំង២បានសន្យាបន្តការចរចាទៀត។
ខណៈដែលឯកសារមិនទាន់លាតត្រដាងពីចំណុចសំខាន់ៗចំពោះការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរនោះ លោកប្រធានាធិបតីត្រាំបាននិយាយនៅសន្និសីទកាសែតថា «យើងនឹងចាប់ផ្តើមដំណើរការនោះឲ្យបានឆាប់រហ័ស»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស ថ្លែងនៅមុនជំនួបនោះថា លោកក៏ដូចជាពលរដ្ឋកម្ពុជា ស្វាគមន៍រាល់យន្តការនានាដែលនាំឲ្យមានសន្តិភាពនៅទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ លោកថ្លែងថា ប្រទេសធំៗគួរកុំមានចិត្តជ្រៀតជ្រែកកិច្ចការរបស់ប្រទេសតូចៗ ដូចអ្វីដែលកម្ពុជាកំពុងធ្វើ ក្នុងការមិនលូកដៃទៅក្នុងកិច្ចការរបស់ប្រទេសដទៃ។
«សូមឲ្យមានយុត្តិធម៌ កុំឲ្យមានការលូកដៃចូលកកូរកកាយកិច្ចការផ្ទៃក្នុង ពីប្រទេសដែលខ្លាំង មកក្នុងប្រទេសខ្សោយបាទ។ ជួយយឹតយោងគ្នាអ្នកខ្សោយ គឺថា ឲ្យទៅជាខ្លាំង ដូចខ្លួនដែរ អាហ្នឹងបានជាការល្អ»។
មុនពេលដែលជំនួបកំពូលរវាងលោកប្រធានាធិបតីត្រាំ និងលោក គីម ជុងអ៊ុនបានកើតឡើងនោះ មានសេចក្តីរាយការណ៍ជាច្រើនបានធ្វើឡើង ទាក់ទិននឹងការឌឺដងដាក់គ្នារវាងមេដឹកនាំទាំងពីរនេះ។
កាលពីឆ្នាំមុន មេដឹកនាំទាំងពីរនេះបានរិះគន់គ្នាទៅវិញទៅមក ដោយលោក ត្រាំ បានហៅលោក គីម ជុងអ៊ុន ថា «អាល្អិតរ៉ុកកែត» ហើយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅលោក ត្រាំ ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកថា ជា«មនុស្សល្ងង់»។ មេដឹកនាំទាំងពីរបានគំរាមកំហែងប្រើប្រាស់អំណាចយោធាដាក់គ្នាទៅវិញទៅមក ខណៈភាពតានតឹងបានកើនឡើងកាន់តែខ្លាំងទាក់ទងនឹងការបាញ់សាកល្បងសមត្ថភាពអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង។
ទោះជាយ៉ាងណាក៏ដោយ គ្រាដែលជំនួបកំពូលរវាងមេដឹកនាំទាំងពីរបានកើតឡើង កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនក្នុងទីក្រុងសេអ៊ូលបាននិយាយថា ពួកគេសប្បាយរីករាយដែលបានឃើញលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនជួបចរចាគ្នាជាជាងគំរាមកំហែងសង្គ្រាមពាណិជ្ជកម្មដាក់គ្នាទៅវិញទៅមក។
លោក Lee Jun-keun អ្នកលក់ដូរម្នាក់នៅក្នុងទីក្រុងសេអ៊ូលបាននិយាយថា «ខ្ញុំមានក្តីរំភើបខ្លាំងណាស់ ពីព្រោះថា ការចរចានេះគឺជាដំណោះស្រាយបញ្ចប់ជម្លោះ ការបែកបាក់គ្នារវាងកូរ៉េទាំងពីរអស់រយៈពេល៧០ឆ្នាំមកហើយ»៕