ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើថា ទីក្រុងហ្ស៊េរុយសាឡិម អាចធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាសន្តិភាពរវាងលោក និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលនេះជាបំណងរបស់លោកក្នុងពេលថ្មីៗនេះ ដើម្បីជំរុញឲ្យមានជំនួបជាមួយសមភាគីរុស្ស៊ី។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Zelenskyy បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett ចំពោះការខំប្រឹងប្រែងដើម្បីសម្របសម្រួលឲ្យមានការចរចានៅក្នុងវីដេអូដែលបានចេញផ្សាយនៅលើកាសែត Telegram កាលពីយប់ថ្ងៃអាទិត្យ។
លោក Zelenskyy បានមានប្រសាសន៍ថា «យើង សូមថ្លែងអំណរគុណចំពោះការខំប្រឹងប្រែងទាំងអស់របស់លោក។ ដូច្នេះ មិនយូរមិនឆាប់ យើង អាចចាប់ផ្តើមការសន្ទនាជាមួយរុស្ស៊ីបាន។ ប្រហែលនៅក្នុងទីក្រុងហ្ស៊េរុយសាឡិម»។
លោក Zelenskyy ថា «នេះ ជាទីកន្លែងត្រឹមត្រូវដើម្បីស្វែងរកសន្តិភាព»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Bennett បាននិយាយតាមទូរស័ព្ទជាប្រចាំជាមួយលោកប្រធានាធិបតី Zelenskyy និងលោក Putin ហើយក៏បានជួបរយៈពេល៣ម៉ោងជាមួយលោក Putin នៅឯវិមានក្រឹមឡាំងកាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ។
លោក បានដើរលើខ្សែបន្ទាត់ការទូតដ៏ប្រុងប្រយ័តចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក។
ចំណងទាក់ទងដ៏ខ្លាំងរបស់អ៊ីស្រាអែលជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងកៀវ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ រក្សានូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយរុស្ស៊ី ដែលមានកងទ័ពនៅក្នុងប្រទេសស៊ីរីដែលស្ថិតនៅជាប់ព្រំដែនផ្នែកខាងជើងរបស់អ៊ីស្រាអែលនោះ។
លោក Zelenskyy បាននិយាយថា «ជាការពិត អ៊ីស្រាអែល មានផលប្រយោជន៍ និងយុទ្ធសាស្ត្រការពារប្រទេសសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់។ យើង យល់អំពីបញ្ហាទាំងអស់នេះ»។
កាលពីព្រឹកថ្ងៃអាទិត្យ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែនដែលមានអំបូរជាជនជាតិជ្វីវដែរនោះ បាននិយាយទៅកាន់សមាជិកសភាអ៊ីស្រាអែលតាមវីដេអូ ដែលជាការថ្លែងតាមវីដេអូអន្តរជាតិតាមអនឡាញទៅកាន់អង្គការនីតិបញ្ញតិអន្តរជាតិ ដែលរួមមានសភាសហរដ្ឋអាមេរិក សភាជាន់ទាបរបស់ចក្រភពអង់គ្លេស និងសភា Bundestag របស់អាល្លឺម៉ង់។
លោក Putin បានហៅមេដឹកនាំអ៊ុយក្រែនថា ជា «ណាហ្ស៊ីថ្មី» ហើយបាននិយាយទៀតថា «ការបន្សុទ្ធផ្នែកជាតិសាសន៍»របស់អ៊ុយក្រែនជាមូលហេតុមួយនៃមូលហេតុនានាចំពោះការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីនេះ។
នៅក្នុងសន្ទរកថារបស់លោកទៅកាន់សភាអ៊ីស្រាអែល លោក Zelenskyy បានជំរុញឲ្យអ៊ីស្រាអែលបោះបង់ចោលការខិតខំរបស់ខ្លួនដើម្បីរក្សាអព្យាក្រិត្យភាព៕