ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​បញ្ជា​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន


រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩។
រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩។

តុលាការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា​ ICJ​ បញ្ជា​ឲ្យ​ប្រទេស​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លានពាន​ក្នុង​ប្រទេសអ៊ុយក្រែន នៅ​ក្នុង​សេចក្តី​សម្រច​ជា​បឋម​មួយ​ដែល​តម្រូវ​ឲ្យ​ធ្វើ​តាម ​ក៏ប៉ុន្តែ​ប្រហែល​ជា​ពិបាក​អនុវត្ត។

លោក​ស្រី​ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ Joan Donoghueបាន​អាន​សេចក្តី​សម្រច​ជាបឋម​ថា៖ «សហព័ន្ធ​រុស្ស៊ី​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ប្រតិបត្តិការ​យោធា​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​២៤​កុម្ភៈ​នៅក្នុង​ទឹកដី​នៃប្រទេស​អ៊ុយក្រែន‍»។

លោក​ស្រី​ថែមទាំង​បាន​ថ្លែង​អំពី​វិបត្តិ​មនុស្សធម៌​ដែល​កាន់តែ​រីកធំឡើង​ដោយសារ​សង្គ្រាម​នេះ​ផងដែរ។

«តុលាការ​យល់ដឹង​យ៉ាង​ច្បាស់​លាស់​អំពី​ទំហំ​នៃ​សោក​នាដកម្ម​របស់​មនុស្ស​ ដែល​កំពុងកើតឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់​បង់​ជីវិត​មនុស្ស​និង​ការរងគ្រោះ​របស់​មនុស្ស​ជាបន្ត។ តុលាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពីការ​ប្រើប្រាស់​កម្លាំង​យោធា​របស់​សហព័ន្ធ​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​បង្ក​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ‍»។

ចៅក្រម​តុលាការ​ ICJ បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​នេះ ​១៣ទល់​២​សំឡេង។ ចៅក្រម​ប្រឆាំង​ជំទាស់​២រូប​មកពី​ប្រទេស​រុស្ស៊ី​និងចិន។

លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy ​បាន​សរសើរ​សេចក្តី​សម្រេច​របស់​តុលាការ ICJ ក្នុង​សារ​ Twitter មួយ​ ដោយ​និយាយ​ថា ​សេចក្តី​សម្រេច​នេះ​ស្មើ​នឹង​អ្វីដែល​លោក​បាន​ហៅថា​ជា​ «ជ័យ​ជម្នះ​ទាំងស្រុង​មួយ‍» ​សម្រាប់​អ៊ុយក្រែន ក្នុង​ករណី​របស់​ខ្លួន​ប្រឆាំងនឹង​រុស្ស៊ី ។ លោក​បាន​ព្រមានថា​ការ​មិន​អើពើ​ចំពោះ​បញ្ជា​របស់​តុលាការ​អន្តរជាតិ ​នឹងនាំ​ឲ្យ​ប្រទេស​រុស្ស៊ី​ស្ថិតនៅ​ឯកោ​ថែមទៀត។

សេចក្តី​សម្រេច​របស់​ ICJ គ្រាន់​តែ​ជា​ការ​សម្រេច​លើក​ទីមួយ​របស់​តុលាការ​អន្តរជាតិ​ប៉ុណ្ណោះ។ ទោះជា​មានការ​តម្រូវ​ឲ្យ​ធ្វើតាម​ក៏ដោយ ក៏​សេចក្តី​សម្រេច​នេះ​ប្រហែល​ជា​គ្រាន់តែ​ជា​ជ័យជម្នះ​ជានិមិត្តរូប​សម្រាប់​អ៊ុយក្រែន​តែប៉ុណ្ណោះ​ ពីព្រោះការ​អនុវត្តនឹង​មាន​ការលំបាក​យ៉ាងខ្លាំង។

រដ្ឋាភិបាល​ក្រុងកៀវ​បាន​ដាក់​ពាក្យ​បណ្តឹង​របស់​ខ្លួន​ទៅកាន់​តុលាការ ICJ ប៉ុន្មានថ្ងៃ​ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ​កាលពី​ខែកុម្ភៈ ​ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​ការ​អះអាង​របស់​រុស្ស៊ី​ដែលថា​ការ​វាយលុក​របស់ខ្លួន ​មានគោល​បំណង​បញ្ឈប់​ការប្រល័យ​ពូជសាសន៍​លើ​ក្រុម​បំបែករដ្ឋ​ដែលគាំទ្រ​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

អ្នកតំណាង​នៃ​ប្រទេស​រុស្ស៊ី ​មិនបាន​ចូលរួម​ក្នុង​សវនាការ​បើក​ការជំនំ​ជំរះ​ក្តី កាលពី​សប្តាហ៍​មុនទេ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុងមូស្គូ​អះអាង​ថា​តុលាការ​អន្តរជាតិ ICJ មិនគួរ​ចាត់វិធានការ​ណាមួយ​ទេ ហើយ​ថា​តុលាការ​នេះ​គ្មាន​យុត្តាធិការ​ទេ។

ការ​វិនិច្ឆ័យក្តី​របស់​តុលាការ​អន្តរជាតិ ICJ លើ​យុត្តាធិការ​និង​គុណសម្បត្តិ​នៃ​សំណុំរឿង​នេះ ​អាចត្រូវ​ចំណាយ​ពេល​រាប់ខែ ឬ​រាប់ឆ្នាំ៕

XS
SM
MD
LG