កងទ័ពរុស្ស៊ីបានបាញ់កាជ្រួចផ្លោងទៅលើតំបន់ក្បែរព្រលានយន្តហោះទីក្រុង Lviv នៅភាគខាងលិចប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ។ គេនៅពុំទាន់ដឹងពីមនុស្សរងរបួសឬស្លាប់នៅក្នុងការវាយប្រហារនេះនៅឡើយទេ។
បើទោះបីជាយ៉ាងនេះក្តី ក៏អភិបាលទីក្រុង Lviv លោក Andriy Sadovy បាននិយាយថា ព្រលានយន្តហោះ មិនទទួលរងការវាយប្រហារទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
គេឃើញមានផ្សែងដ៏ខ្លាំងនៅលើអាកាសជុំវិញព្រលានយន្តហោះនោះ។
ក្នុងខណៈនោះដែរ នៅក្នុងទីក្រុង Mariupol ឯណោះវិញ អ្នកនៅរស់រានមានជីវិត បានចាប់ផ្តើមចេញពីរោងមហោស្រពដែលរងការវាយប្រហារដោយកាំជ្រួចមីស៊ីរបស់រុស្ស៊ីក្នុងទីក្រុងនោះកាលពីថ្ងៃពុធ។
មនុស្សរាប់រយនាក់ដែលក្នុងនោះមានកុមារផងដែរត្រូវបានគេជឿថា បានរត់រកកន្លែងពួននៅក្នុងរោងមហោស្រពក្នុងទីក្រុង Mariupol។
បើតាមរូបភាពផ្កាយរណបដែលត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនបច្ចេកវិទ្យាអាវកាស Maxar បានបង្ហាញពាក្យសរសេរជាអក្សររុស៊្សីដែលថា «កូនក្មេង» នៅលើផ្លូវក្បែររោងមហោស្រពនោះកាលពីថ្ងៃចន្ទកន្លងទៅនេះ។
គេនៅមិនទាន់ដឹងទេថា តើមានមនុស្សប៉ុន្មាននាក់នៅរស់រានមានជីវិតពីការវាយប្រហារនោះទេ។
ប្រធានាធិបតីអាមេរិកលោក Joe Biden មានគម្រោងនឹងជួបតាមទូរស័ព្ទដោយកម្រមួយជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃសុក្រនេះដែលជាការសន្ទនាថ្នាក់ខ្ពស់មួយ ខណៈពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានអង្វករដល់ពិភពលោកឲ្យជួយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ីដែលមានរយៈពេល៣សប្តាហ៍កន្លងទៅហើយ។
ចិន បានដើរតួនាទីដ៏សំខាន់មួយនៅក្នុងជម្លោះអ៊ុយក្រែន ស្របពេលដែលមានរបាយការណ៍ព័ត៌មានមួយចំនួនផ្សព្វផ្សាយថា រុស្ស៊ីបានស្នើសុំជំនួយយោធាពីចិន។ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាយ៉ាងច្រើនទៅឲ្យអ៊ុយក្រែន ដោយលោក Biden បានប្រកាសផ្តល់កញ្ចប់ថវិកាថ្មីក្នុងចំនួន៨០០លានដុល្លារក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា៖ «យើងបានលើកឡើងយ៉ាងច្បាស់ពីក្តីកង្វល់ដ៏ជ្រាលជ្រៅរបស់យើងចំពោះការពាក់ព័ន្ធរបស់ចិនជាមួយរុស៊្សី ក៏ដូចជាផលប៉ះពាល់និងផលវិបាកនានាដែលអាចកើតចេញពីបញ្ហានេះផងដែរ»។
លោកស្រី Psaki បន្តទៀតថា៖ «ការសន្ទនាតាមទូរស័ព្ទនៅថ្ងៃសុក្រនេះ ជាឱកាសមួយដែល ប្រធានាធិបតីអាមេរិកលោក Biden អាចធ្វើការវាយតម្លៃបានពីជំហររបស់ប្រធានាធិបតីចិន។ ជាការពិតណាស់ មានការគាំទ្រជាពាក្យសម្តីឬពុំមានការថ្កោលទោសជាក់លាក់ណាមួយដោយប្រទេសចិនចំពោះអ្វីដែលរុស៊្សីកំពុងធ្វើនោះឡើយ។ ទាំងនេះវាហាក់ដូចជាអ្វីដែលជាជំហររបស់ចិនដែលក្នុងនោះរួមទាំងធម្មនុញ្ញជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ ការគោរពជាមូលដ្ឋាននូវអធិបតេយ្យភាពរបស់ប្រទេសដទៃជាដើម។ ដូចនេះអ្វីដែលចិនមិនបានប្រកាសថ្កោលទោសនូវអ្វីដែលរុស្ស៊ីកំពុងធ្វើនោះជាការបង្ហាញនូវជំហររបស់ខ្លូនមួយ»។
ដោយឡែកការប្រយុទ្ធគ្នាក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែនវិញ មន្ត្រីការពារជាតិអាមេរិកមួយចំនួននិយាយថា កងទ័ពរុស្ស៊ីហាក់ដូចជានៅទ្រឹងក្នុងដំណើររុលទៅមុខរបស់ខ្លួន ដោយមានការជឿនលឿនតែបន្តិចបន្តួចតែប៉ុណ្ណោះ។ មន្ត្រីអាមេរិកទាំងនេះពណ៌នាថា ដោយសារតែមានការតស៊ូយ៉ាងស្វិតស្វាញពីកងកម្លាំងរបស់អ៊ុយក្រែននោះ។
មន្ត្រីក្រសួងការពារជាតិអាមេរិកនោះ និយាយទៀតថា កងទ័ពរុស្សី ដែលកំពុងព្យាយាម ដណ្តើមកាន់កាប់រដ្ឋធានីកៀវនោះ បានបរាជ័យក្នុងការរុលទៅមុខបន្ថែមទៀតទៅជិតរដ្ឋធានីនេះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ៕
ប្រធានការិយាល័យវីអូអេនៅសេតវិមានអ្នកស្រី Patsy Widakuswara និងអ្នកយកព័ត៌មានវីអូអេនៅសភាអ្នកស្រី Katherine Gypson ផ្តល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។