ការសិក្សាថ្មីមួយបង្ហាញថា ក្នុងអំឡុងពីរទសវត្សរ៍កន្លងទៅនេះ មានការរីកចម្រើនបន្តិចបន្តួចទាក់ទងនឹងការចូលរួមរបស់ស្រ្តីក្នុងទីផ្សារការងារ និងក្នុងការកាត់បន្ថយគម្លាតប្រាក់បៀវត្សរ៍ផ្អែកលើយេនឌ័រ។ ទិវាស្រ្តីអន្តរជាតិ បានធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ហើយអង្គការពលកម្មពិភពលោក រាយការណ៍ថា ស្ត្រីនៅតែបន្តទទួលរងគ្រោះពីការរើសអើងគ្រប់ទីកន្លែង និងភាពមិនស្មើរគ្នាក្នុងទីផ្សារការងារ។
អង្គការពលកម្មអន្តរជាតិនិយាយថា ស្ត្រីជាច្រើនមានភាពប្រសើរជាងមុនតិចតួចប៉ុណ្ណោះ គឺប្រសើរជាងកាលពី២០ឆ្នាំមុន នៅពេលដែលរបៀបវារៈដ៏ទូលំទូលាយមួយសម្រាប់ពន្លឿនភាពស្មើគ្នារវាងបុរសនិងស្រ្តី និងការផ្តល់អំណាចដល់ស្រ្តីត្រូវបានអនុម័តនៅទីក្រុងប៉េកាំង។
ទីភ្នាក់ងារនោះរាយការណ៍ថា ស្ត្រីនៅក្នុងតំបន់ជាច្រើននៃពិភពលោក នៅតែត្រូវបានគេឲ្យតម្លៃទាប។ របាយការណ៍នោះនិយាយថា ស្ត្រីបានជាប់គាំងក្នុងការងារដែលទទួលបានប្រាក់កម្រៃទាប ខ្វះការទទួលបានការអប់រំ ហើយអំណាចក្នុងការធ្វើការសម្រេចចិត្តនិងការតវ៉ាក៏នៅមានកម្រិតទាប។ របាយការណ៍នោះបន្ថែមថា ការងារដែលមិនទទួលបានប្រាក់កម្រៃត្រូវធ្លាក់លើបន្ទុករបស់ស្រ្តី ដែលមានការទទួលខុសត្រូវជាចម្បងលើការថែទាំគ្រួសារ មនុស្សចាស់ និងអ្នកមានជំងឺ។
របាយការណ៍នោះបានកត់សម្គាល់ឃើញថា ស្ត្រីកាន់តែច្រើនជាងមុន កំពុងប្រកបការងារ គឺច្រើនជាងពេលណាៗទាំងអស់។ តែទោះយ៉ាងណា គម្លាតនៃអត្រាក្នុងការចូលរួមក្នុងទីផ្សារការងាររវាងបុរសនិងស្ត្រីបានធ្លាក់ចុះត្រឹមតែមួយភាគរយប៉ុណ្ណោះ។ អ្នកសេដ្ឋសាស្រ្តនៃអង្គការ ILO បានធ្វើការប៉ាន់ប្រមាណថា ការកាត់បន្ថយគម្លាតនេះអោយបាន២៥ភាគរយក្នុងឆ្នាំ២០២៥ នៅក្នុងបណ្តាប្រទេស G20 និងអាចបន្ថែមចំនួនស្ត្រីមួយលាននាក់ថែមទៀតចូលក្នុងកម្លាំងពលកម្ម។ ទន្ទឹមនឹងនេះ ប្រធានផ្នែកយេនឌ័រ សមភាព និង ភាពទីទៃគ្នា របស់អង្គការ ILO លោកស្រី Shauna Olney មានប្រសាសន៍ថា ការការពារមាតុភាព មានភាពប្រសើរឡើងជាងមុន។
«ចំនួនភាគរយនៃប្រទេសដែលផ្តល់ការឈប់សម្រាកមាតុភាពយ៉ាងតិច ១៤សប្តាហ៍ បានកើនឡើងពី៣៨ភាគរយ ក្នុងឆ្នាំ១៩៩៤ ទៅដល់៥១ភាគរយ កាលពីឆ្នាំទៅមិញ បើទោះបីជាយើងនៅតែឃើញមានស្រ្តី ៨០ម៉ឺននាក់ មិនទទួលបានការថែទាំមាតុភាពគ្រប់គ្រាន់ក្តី។ ៨០ភាគរយនៃចំនួនស្រ្តីទាំងនោះ រស់នៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ី។ យើងក៏ឃើញមានការកើនឡើងច្រើននៃការឈប់សម្រាកបិតុភាពដែរ។ ដូច្នេះ បុរសត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានតួនាទីច្រើននៅក្នុងគ្រួសារ ក្នុងពេល២០ឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ១៩៩៤ មានតែប្រទេសចំនួន២៨ភាគរយប៉ុណ្ណោះ ដែលផ្តល់ឲ្យមានការឈប់សម្រាកបិតុភាព ឥឡូវនេះ យើងមានរហូតដល់ ៥៦ភាគរយ»។
របាយការណ៍នោះសរសេរថា ស្ត្រីទទួលបានចំណូលត្រឹម ៧៧ភាគរយនូវចំនួនដែលបុរសទទួលបាន ហើយថា គម្លាតនេះរីកកាន់តែធំឡើងក្នុងចំណោមស្ត្រីដែលមានប្រាក់ចំណូលកាន់តែច្រើន។ អង្គការ ILO បានកត់សម្គាល់ថា សមភាពនៃការទទួលបានប្រាក់ឈ្នួលនឹងមិនអាចសម្រេចបានទេ ក្នុងរយៈពេល៧០ឆ្នាំខាងមុខ បើសិនជាសកម្មភាពតម្រង់ទិសដៅ មិនត្រូវបានអនុវត្តទេ។
លើសពីនេះទៅទៀត របាយការណ៍ថ្មីមួយស្តីពី «គម្លាតនៃប្រាក់កម្រៃសម្រាប់ស្រ្តីជាមាតា» រកឃើញថា ស្ត្រីជាម្តាយជាញឹកញយទទួលបានប្រាក់ចំណូលតិចជាងស្រ្តីដែលគ្មានកូន អាស្រ័យលើកន្លែងដែលពួកគេរស់នៅ និងចំនួនកូនដែលពួកគេមាន។ ក៏ប៉ុន្តែ ការសិក្សាផ្សេងទៀតបង្ហាញថា បុរសជាឪពុករកចំណូលបានច្រើនជាងបុរសដែលមិនមានកូន។
លោកស្រី Olney ប្រាប់វីអូអេថា ការរើសអើងចំពោះស្ត្រីភេទនៅកន្លែងធ្វើការធ្វើឲ្យខូចសុខុមាលភាពផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់សង្គម។
«សេដ្ឋកិច្ចដែលមានគម្លាតយេនឌ័រក្នុងទីផ្សារការងារទទួលរងការបាត់បង់ផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ២៧ភាគរយ ក្នុងតំបន់ជាក់ស្តែងមួយចំនួន។ យើងឃើញថា ការរកឃើញបឋម ដែលថាកំណើនការចូលរួមរបស់ស្ត្រីក្នុងពលកម្ម អាចកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។ វាក៏ជាបញ្ហានៃការធ្វើជំនួញផងដែរ។ យើងឃើញថា ក្រុមហ៊ុនដែលមានតំណាងអាជីវកម្មជាស្ត្រីច្រើនជាងគេក្នុងគណកម្មាធិការប្រតិបត្តិ អាចចាត់ចែងការងារបានល្អជាងក្រុមហ៊ុនដែលគ្មានស្រ្តីនៅក្នុងតំណែងកំពូល ដោយមានការកើនឡើងនៃផលទុនចំណូលជាមធ្យមរហូតលើសមភាពដល់៤៧ភាគរយ និងមានប្រាក់ចំណេញរហូតដល់៥៥ភាគរយ»។
បញ្ហាមួយទៀតដែលធ្វើឲ្យមានការបារម្ភជាខ្លាំងគឺអំពើហិង្សានៅកន្លែងធ្វើការ។ អង្គការ ILO និយាយថា ស្ត្រី៣៥ភាគរយក្នុងចំណោមស្ត្រីទាំងអស់ គឺជាជនរងគ្រោះនៃអំពើហិង្សាផ្លូវកាយនិងផ្លូវភេទ ដែលធ្វើឲ្យប៉ះពាល់ដល់ពេលធ្វើការរបស់ពួកគេ។
របាយការណ៍នោះបន្ថែមថា អំពើហិង្សាជាទួទៅធ្វើឲ្យមានការខាតបង់យ៉ាងច្រើនដល់អ្នកប្រកបការងារ រួមទាំងនិយោជកនិងសង្គមទាំងមូល។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ អំពាវនាវឲ្យមានច្បាប់និងគោលនយោបាយ ដើម្បីជៀសវាងនិងការពារ(ស្រ្តី) ប្រឆាំងនឹងការបៀតបៀនរំខាន និងអំពើហិង្សាក្នុងរូបភាពផ្សេងៗនៅក្នុងពិភពការងារទាំងអស់៕
ប្រែសម្រួលដោយ នៀម ឆេង