ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​ប្រធានា​ធិបតី​ស.រ.អា​រំឭក​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​កម្ពុជា


លោកស្រី មីហ្សែល អូបាម៉ា (Michelle Obama) ភរិយា​​របស់​​លោក​​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា។
លោកស្រី មីហ្សែល អូបាម៉ា (Michelle Obama) ភរិយា​​របស់​​លោក​​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា។

នៅ​ខែ​មិនា​នេះ លោកស្រី មីហ្សែល អូបាម៉ា ភរិយា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន១១ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​គម្រោង​ផ្តួច​ផ្តើម​របស់​អង្គការ Peace Corps ឈ្មោះ «‍ឲ្យ​ក្មេង​ស្រី​រៀន» (Let Girls Learn Initiative)។ សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់ ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ស្រី មីហ្សែល អូបាម៉ា មក​កាន់​ប្រទេស​កម្ពុជា​នេះ គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ភាព​សកម្ម​និយម​របស់​ស្ត្រី​កម្ពុជា និង​សិទ្ធិ​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ហើយ​ក៏​អាច​ជា​ឱកាស​មួយ​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​ដំបូង​បង្អស់​របស់​ភរិយា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​មក​កាន់​ប្រទេស​កម្ពុជា​គឺ​នៅ​ឆ្នាំ១៩៦៧ នៅ​ពេល​ដែល​លោកស្រី Jackie Kennedy បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត។ លោកស្រី មីហ្សែល អូបាម៉ា ក៏​នឹង​ស្នាក់​នៅ​ខេត្ត សៀមរាប​នៃ​ប្រាសាទ​អង្គរវត្ត ហើយ​លោកស្រី​នឹង​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​តាម​មូលដ្ឋាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​កេ្មង​ស្រី​នៅ​តាម​តំបន់​ជនបទ​ក្រីក្រ​បាន​ជួប​ប្រទះ។

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​អាត្រា​សិស្ស​បោះបង់​ចោល​ការ​សិក្សា​ខ្ពស់ ក្នុង​នោះ​សិស្ស​ចំនួន​៩ភាគរយ​បាន​បោះ​បង់​ចោល​ការ​សិក្សា​ថ្នាក់​បឋម​សិក្សា ហើយ​ប្រមាណ​២០ភាគរយ​ទៀត​បាន​បោះ​បង់​ចោល​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា។ ក្មេង​ស្រី​ជាជាង​ក្មេង​ប្រុស ងាយ​នឹង​បោះ​បង់​ចោល​ការ​សិក្សា ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ និង​ជួយ​កិច្ចការ​ផ្ទះ។

ជាមួយ​គ្នា​នោះ ថវិកា​ជាតិ​ប្រមាណ​១២ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ពង្រឹង​គុណភាព​អប់រំ ខណៈ​ដែល​គ្រួសារ​កម្ពុជា​ជាច្រើន​កំពុង​បន្ត​រស់នៅ​ក្នុង​ភាព​ក្រីក្រ ទទួល​បាន​ការ​អប់រំ​ទាប និង​ខ្វះ​នូវ​ឱកាស​រីក​លូត​លាស់។

នេះ​បើ​យោង​តាម លោកស្រី មូ សុខហួរ សមាជិកា​រដ្ឋសភានៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី។ លោកស្រី​បាន​លើក​ឡើង​ថា វិស័យ​អប់រំ ជា​ពិសេស​ការ​អប់រំ​ក្មេងស្រី និង​ស្ត្រី​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ដ៏​ចម្បង​មួយ។

លោកស្រី​ថា៖ «‍ការ​ដែល​លោក​ជំទាវ មីហ្សែល អូបាម៉ា អញ្ជើញ​មក​នេះ គឺ​រំលេច​ឡើង​នូវ​អ្វី​ដែល​ជា​បញ្ហា​ដ៏​ធំ​ក្នុង​វិស័យ​អប់រំ ជា​ពិសេស​កង្វះ​ខាត​នៃ​ការ​អប់រំ​សម្រាប់​កុមារី និង​យុវនារី​របស់​យើង»។

គម្រោង​ផ្តួច​ផ្តើម​ឈ្មោះ «‍ឲ្យ​កេ្មង​ស្រី​រៀន» (Let Girls Learn initiative) បាន​សហការ​ជាមួយ​នឹង​កិច្ច​ខំ​ប្រឹងប្រែង​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​របស់​អង្គការ Peace Corps ដើម្បី​ជួយ​ឲ្យ​ក្មេងស្រី​បាន​ចូល​រៀន​នៅ​ទូទាំង​សាកល​លោក។

«តាមរយៈ​កិច្ច​ខំ​ប្រឹងប្រែង​របស់​លោកស្រី​ភរិយា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដោយ​សហការ​ជាមួយ​នឹង​អង្គការ Peace Corps គម្រោង​ផ្តួច​ផ្តើម​ថ្មី​នេះ​នឹង​ឧបត្ថម្ភ​គម្រោង​អប់រំ ដែល​បង្កើត​ឡើង និង​ដឹកនាំ​ដោយ​សហគមន៍ ដើម្បី​កេ្មងស្រី​បាន​រៀន​ជុំវិញ​ពិភពលោក‍»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​សហរដ្ឋ​អាមេរិក។

គម្រោង​នេះ​នឹង​ពង្រឹង​អំណាច​មេដឹកនាំ​តាម​សហគមន៍ តាម​រយៈ​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល និង​តាម​រយៈ​ការ​ស្វែងរក​ដំណោះ​ស្រាយ​ក្នុង​សហគមន៍ រួមមាន​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​អំពី​បច្ចេកវិទ្យា​នៅ​តាម​បណ្ណាល័យ។ គម្រោង​នេះ​នឹង​បង្កើត​ជា​មូលនិធិ​ដើម្បី​ការ​អប់រំ​ក្មេង​ស្រី និង​ពង្រីក​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​របស់​អង្គការ Peace Corps ដើម្បី​ការ​អប់រំ​ក្មេង​ស្រី។

លោកស្រី ធីតា ឃឹះ នាយិកា​អង្គការ សីលការ ដែល​ជា​អង្គការ​ដើម្បី​អភិវឌ្ឍន៍​ដោយ​ស្មើភាព បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មីហ្សែល អូបាម៉ា អាច​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​កម្ពុជា និង​ជួយ​ឲ្យ​ក្មេង​ស្រី​អាច​ចូល​រៀន​កាន់​តែ​ច្រើន។

លោកស្រី​បាន​លើក​ឡើង​ថា៖ «‍ដូច្នេះ ការ​ទស្សនកិច្ច​របស់​លោក​ជំទាវ មីហ្សែល អូបាម៉ា គឺជា​ការងារ​សំខាន់ ដើម្បី​ផ្តោត​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មវិធី​ហ្នឹង​ផង និង​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ដទៃ​ទៀត ឲ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ត្រី និង​កុមារី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

បន្ថែម​លើ​នេះ ដំណើរ​ទស្សនកិច្ច​នេះ​មិន​ត្រឹម​តែ​គូស​បញ្ជាក់​ពី​ការ​ចាំ​បាច់​ពង្រឹង​ការ​អប់រំ​សម្រាប់​ក្មេង​ស្រី​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ។ សម្រាប់​សកម្មជន និង​សិស្ស​និស្សិត​វិញ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ផ្តល់​ជា​ឱកាស​ឲ្យ​ស្ត្រី​ជា​អ្នក​ដឹក​នាំ​ដ៏​ឆ្នើម​ក្នុង​សង្គម​មួយ​ចំនួន​អំពាវនាវ​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​លោកស្រី មីហ្សែល អូបាម៉ា ចំពោះ​បញ្ហា​មួយ​ចំនួន​ដែល​ស្ត្រី​កម្ពុជា​កំពុង​តែ​ជួប​ប្រទះ។

សហគមន៍​ស្ត្រី​ជា​មេដឹកនាំ​ក្នុង​សង្គម​ស៊ីវិល​គ្រោង​នឹង​ដាក់​ញត្តិ​មួយ​ទៅ​ជូន​លោក​ស្រី មីហ្សែល អូបាម៉ា ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​នារី​ចំនួន​១២នាក់ ដែល​កំពុង​តែ​ជាប់​ឃុំ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ដើម្បី​បង្ក្រាប​រាល់​ការ​ធ្វើ​បាតុកម្ម និង​ការ​ប្រឆាំង។

លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មីហ្សែល អូបាម៉ា មក​កាន់​ប្រទេស​កម្ពុជា​ក៏​ជា​ឱកាស​មួយ​ឲ្យ​លោកស្រី​បាន​ស្វែងយល់​ពី​ស្ថានភាព​ស្រ្តី​នៅ​កម្ពុជា ដែល​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ស្មើ​នឹង​បុរស​ទាក់​ទង​នឹង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ជា​ពិសេស​គឺ​សកម្មជន​នារី​ដែល​ប្រឈម​នឹង​ការ​គាប​សង្កត់​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ។

លោក​ស្រី​បាន​បន្ថែម​ថា៖ «‍ដំណើរ​ទស្សនកិច្ច​របស់​គាត់​នេះ គឺ​ប្រៀប​បី​ដូច​ជា​សារ​មួយ​ដល់​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ក្នុង​ការ​ដោះ​លែង​ស្ត្រី​ទាំង​ដប់​នាក់ ដែល​គាត់​នៅ​ជាប់​ពន្ធនាគារ ពីព្រោះ​ពួក​គាត់​មិន​មែន​មាន​ភាព​ពិសពុល​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​ដួល​រលំ​ទេ។ ពួក​គាត់​គឺជា​ស្ត្រី​ដេល​មាន​ស្ថានភាព​រស់​នៅ​យ៉ាង​លំបាក​តោក​យាក»។

អ្នកស្រី យោម បុប្ផា ដែល​ជា​សកម្ម​ជន​ដី​ធ្លី ដែល​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​មួយ​រយៈពេល​យូរ ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​ទាម​ទារ​សិទ្ធិ​ដី​ធ្លី​របស់​អ្នកស្រី និង​សហគមន៍​បឹងកក់ បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី មីហ្សែល អូបាម៉ា បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អ្នកស្រី​បន្ត​តស៊ូ​ស្វែង​រក​សិទ្ធិ​ដី​ធ្លី តាម​រយៈ​ភាព​សកម្ម​និយម​របស់​អ្នកស្រី។

អ្នកស្រី​បាន​និយាយ​ថា៖ «‍ខ្ញុំ​សូម​អំពាវ​នាវ​ដល់​លោក​ជំទាវ សូម​ឲ្យ​ជួយ​ដល់​ស្ត្រី​ខ្មែរ​យើង​ដែល​កំពុង​តែ​រង​អយុត្តិធម៌​ដោយ​ជាប់​ពន្ធនាគារ ដោយ​សារ​ការពារ​ដី និង​ផ្ទះ​របស់​គេ។ នេះ​ជា​ការ​អំពាវនាវ​ពី​ខ្ញុំ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​តំបន់​បឹងកក់ និង​តំបន់​ផ្សេងៗ​ដោយសារ​បញ្ហា​ដី​ធ្លី»។

ទោះ​បី​ជា​ដំណើរ​ទស្សនកិច្ច​នេះ​មិន​មែន​ជា​ដំណើរ​ទស្សនកិច្ច​បែប​ការ​ទូត​ក្តី ក៏​វា​អាច​ជា​ឱកាស​មួយ​ដើម្បី​រឹត​បន្តឹង​ចំណង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​មតិ​របស់ ឡាវ គីម​ឡាយ ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​របស់​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក។

គីមឡាយ បាន​ឲ្យ​ដឹង​ថា៖

«‍ជាពិសេស​គឺ​ខ្ញុំ​យល់​ថា វា​ជា​ឱកាស​មួយ ដែល​កម្ពុជា​មាន​មុខ​មាត់​លេច​ធ្លោ​នៅ​ក្នុង​ឆាក​អន្តរជាតិ ហើយ​លើស​ពី​នេះ វា​ក៏​អាច​នឹង​ជា​ឱកាស​មួយ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​យើង និង​សហរដ្ឋ​អាមេរិក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង»។

លើស​ពី​នេះ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​ស្ត្រី​កម្ពុជា​វ័យ​ក្មេង ឲ្យ​តស៊ូ​ស្វែងរក​ឱកាស​រៀនសូត្រ ដើម្បី​ក្លាយ​ជា​មេដឹកនាំ​ក្នុង​សង្គម និង​នយោបាយ។ នេះ​បើ​យោង​តាម យុវនិស្សិត មាស ច័ន្ទ​សត្យា។ សត្យា ចង់​ឲ្យ​លោកស្រី មីហ្សែល អូបាម៉ា ជួយ​ឧបត្ថម្ភ​ដល់​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ភាព​ដឹកនាំ​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។

សត្យា បាន​ឲ្យ​ដឹង​ថា៖ «‍សារ​ទីមួយ​របស់​ខ្ញុំ គឺ​សូម​ឲ្យ​គាត់​ជួយ​លើក​កម្ពស់​បន្ថែម​ទាក់​ទង​នឹង​ឋានៈ និង​តួនាទី​ស្ត្រី​ក្នុង​ជួរ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ពីព្រោះ​ថា​តួនាទី​ស្ត្រី​នៅ​ក្នុង​ជួរ​នយោបាយ​របស់​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​មិន​ទាន់​មាន​មេដឹកនាំ​ស្ត្រី​ច្រើន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​យើង​ទេ»។

ការ​មក​ដល់​នៃ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​ស្រី មីហ្សែល អូបាម៉ា ភរិយា​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ចាប់​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃ​ទី២២ ខែ​មិនា​នេះ បាន​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ប្រទេស​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម និង​ការ​អបអរ​សាទរ​លោក​ស្រី​ដ៏​កក់​ក្តៅ​បំផុត៕

XS
SM
MD
LG