របាយការណ៍ថ្មីមួយ រកឃើញថា នៅទូទាំងពិភពលោក ស្រ្តីតិចតួចណាស់ ស្ថិតនៅក្នុងឆាកនយោបាយ ដោយមានករណីលើកលែងពិសេសសម្រាប់បណ្តាប្រទេសនៅតំបន់ណ័រឌីក(Nordic) ដែលរបាយការណ៍ដដែលនេះបញ្ជាក់ថាបានផ្តល់សមភាពខាងយេនឌើ។ របាយការណ៍ ដែលត្រូវបានធ្វើឡើងដោយសហភាពអន្តរសភា (Inter-parliamentary Union) ឬហៅកាត់ជាភាសាអង់គ្លេសថា IPU បានឲ្យដឹងថា តួលេខស្រ្តី ដែលត្រូវបានបោះឆ្នោតដើម្បីចូលក្នុងរដ្ឋសភាកាលពីឆ្នាំមុន មិនបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរខាងនយោបាយដ៏គួរឲ្យកត់សម្គាល់ នៅតាមផ្នែកជាច្រើនរបស់ពិភពលោកឡើយ។
កាលពីឆ្នាំមុន របាយការណ៍ បានបង្ហាញថា មធ្យមភាគស្រ្តីនៅលើពិភពលោក ដែលត្រូវបានបោះឆ្នោតដើម្បីចូលក្នុងរដ្ឋសភា មានចំនួន១៩.៥ភាគរយ។ តួលេខនេះ មានចំនួន១.៥ភាគរយ ដែលខ្ពស់ជាងតួលេខក្នុងឆ្នាំ២០១០។ របាយការណ៍នេះ បញ្ជាក់ដែរថា ស្រ្តីមានចំនួនតិចជាង១នាក់ ក្នុងចំណោមសមាជិកសភាចំនួន៥នាក់ នៅក្នុងពិភពលោក នាពេលសព្វថ្ងៃ។
របាយការណ៍ បានឲ្យដឹងថា ពិភពអារ៉ាប់ មានមធ្យមភាគតិចបំផុតនៅក្នុងតំបន់ ចំនួន១០ភាគរយ នៅលើពិភពលោក ហើយតួលេខស្ត្រីនៅក្នុងជួររដ្ឋាភិបាល រក្សាបាននូវចំនួន៧ភាគរយដដែល ចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ។ ការងើបបះបោរនៅអាហ្រ្វិកខាងជើង និងពិភពអារ៉ាប់ បានធ្វើឲ្យភ័យតក់ស្លុត នៅទូទាំងពិភពលោក។ ប៉ុន្តែ លោក ជេមីនី ផានយ៉ា(Jemini Pandya) ស្ត្រីអ្នកនាំពាក្យរបស់ IPU មានប្រសាសន៍ថា របាយការណ៍នេះ មានឥទ្ធិពលតិចតួច ដែលអាចធ្វើឲ្យការរង្គោះរង្គើប្រព័ន្ធនយោបាយចាស់ឡើយ។
«ការបោះឆ្នោតកាលពីពេលថ្មីៗនេះនៅប្រទេសអេហ្ស៊ីប (Egypt) បានបង្ហាញពីការធ្លាក់ចុះភាគរយនៃសមាជិកសភាជាស្រ្តី ចាប់ពី១២.៧ភាគរយ ទៅតិចជាង២ភាគរយ។ ឥឡូវនេះ មានសមាជិកសភាជាស្ត្រីតែ១០រូបប៉ុណ្ណោះ ក្នុងចំណោម៥០៨រូប នៅអេហ្ស៊ីប។ ស្រ្តី បានក្លាយជាកម្លាំងដ៏សំខាន់ នៅក្នុងបដិវត្តន៍អារ៉ាប់(Arab Spring) ប៉ុន្តែតួនាទីនោះ មិនបានប្រែក្លាយទៅជាការចូលរួមជាក់ស្តែងក្នុងវិស័យនយោបាយឡើយ។ បដិវត្តន៍អារ៉ាប់ ត្រូវតែផ្តល់ឳកាសដល់ស្រ្តី នៅក្នុងឆាកនយោបាយ។ យើងយល់ឃើញថា ឳកាសសម្រាប់ការផ្លាស់ប្តូរ គឺស្ថិតនៅត្រង់ចំណុចនោះតែម្តង។ ពួកគេ ត្រូវចេះឆក់យកឪកាស។»
តែទោះបីយ៉ាងណា ការសិក្សានេះ បានកត់សម្គាល់ឃើញថា មានហេតុការណ៍វិវត្តន៍គួរជាទីសង្ឃឹមនៅប្រទេសទុយនីស៊ី (Tunisia) ដែលបានអនុម័តច្បាប់មួយ ដើម្បីធានាឲ្យមានសមភាពនៅក្នុងបញ្ជីបេក្ខជន។ ហើយ ច្បាប់នេះ ចែងថា ប្រទេស ម៉ារ៉ុក(Morocco) បានដាក់ចេញកូតា(quotas) សម្រាប់សមាជិកសភាជាស្រី្ត ដែលបានធ្វើឲ្យកើនឡើងចំនួន ៦ភាគរយ នៃតួលេខសមាជិកសភាជាស្រ្តី កាលពីឆ្នាំមុន។
របាយការណ៍ ក៏បានរកឃើញថា ប្រព័ន្ធកូតានេះ ធ្វើការឆ្ពោះទៅរកផលប្រយោជន៍របស់ស្រ្តីនៅក្នុងអនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក។ របាយការណ៍នេះ បានឲ្យដឹងថា មធ្យមភាគស្រ្តីនៅក្នុងតំបន់ ដែលមានអសនៈនៅក្នុងរដ្ឋសភា មានចំនួនជាង២០ភាគរយ។ របាយការណ៍ បានឲ្យដឹងថា សព្វថ្ងៃ សភាចំនួន១៣ នៅទ្វីបនេះ មានសមាជិកសភាជាស្រ្តីចំនួន៣០ភាគរយ ឬច្រើនជាងនេះ ដោយសាតែមានវិធានការពិសេសៗជាច្រើន ដូចជា កូតា ជាដើម។
លោក ជេមីនី ផានយ៉ា(Jemini Pandya) មានប្រសាសន៍ថា ជារឿយៗ ប្រទេសដែលទើបងើបចេញពីជម្លោះ ផ្តល់ឳកាសដល់ស្ត្រី ដើម្បីបំពេញកន្លែងទំនេរនយោបាយ។
«នៅលើសកលលោក ប្រទេសចំនួនជាង១ភាគ៣ ដែលមានសមាជិកសភាជាស្រ្តី ចំនួន៣០ភាគរយ ស្ថិតនៅក្នុងប្រទេសអន្តរកាល ឬប្រទេសក្រោយជម្លោះ។ ឧទាហរណ៍ ឥឡូវនេះប្រទេសស៊ូដង់ខាងត្បូង (South Sudan) មានស្ត្រីចំនួន២៦.៥ភាគរយ នៅក្នុងសភាតំណាងរាស្ត្រអន្តរកាលរបស់ខ្លួន។ ភាគរយនោះ កើតឡើងដោយសារប្រព័ន្ធកូតាតែម្តង។ ហើយ តួលេខនេះ ខ្ពស់ជាងមធ្យមភាគនៅទ្វីបអាហ្រ្វិក និងសកលលោក។»
របាយការណ៍របស់ IPU បញ្ជាក់ថា ថាតើត្រូវឬខុស ប្រព័ន្ធកូតា នៅតែជាមាគ៌ាប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងការនាំស្រ្តីចូលក្នុងឆាកនយោបាយ។ អ្នកសរសេររបាយការណ៍ ផ្តល់ទឡ្ហីករណ៍ថា ស្រ្តី នឹងត្រូវបន្តការបដិសេធមិនឲ្យមានឳកាស ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ច តាមរយៈនយោបាយឡើយ លុះណាតែមានសមភាព៕
ប្រែសម្រួលដោយ សៀក អេង