ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យ​ជម្នះ​មាន​តិច​តែ​ការ​លះបង់​មាន​ច្រើន​សម្រាប់​​សហជីព​កាត់​ដេរ


កម្មករ​កាត់ដេរ​ធ្វើ​ដំណើរ​រួម​គ្នា លើ​រ៉ឺម៉ក​មូតូ​ ពី​ផ្ទះ​រោងចក្រ​ទៅ​ផ្ទះ​វិញ។
កម្មករ​កាត់ដេរ​ធ្វើ​ដំណើរ​រួម​គ្នា លើ​រ៉ឺម៉ក​មូតូ​ ពី​ផ្ទះ​រោងចក្រ​ទៅ​ផ្ទះ​វិញ។

ដោយ​សារ​មាន​ការ​បង្ក្រាប​ជា​ច្រើន​ទៅ​លើ​ការ​តវ៉ារបស់​កម្មករ​រោងចក្រ​កាល​ពី​ឆ្នាំ​មុន​ និង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​សមាជិក​សហជីព​ជា​បន្តបន្ទាប់​ ប្រធាន​សហជីព​និយាយ​ថា ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​វិធី​តវ៉ា។​

ការ​តវ៉ា​តម្លៃ​ពលកម្ម​មាន​ជ័យ​ជម្នះ​តិចតួច​បំផុត​ក្នុង​ជម្លោះពលកម្ម។​ កម្មករ​ទាមទារ​បាន​ការ​ដំឡើងពីប្រាក់ខែ​ពី​១០០​ដុល្លារ​ទៅ​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ការ​ទាមទារ​នេះ​តម្រូវ​ឲ្យពួក​គាត់​លះ​បង់​ច្រើន។​

ក្រុម​អ្នក​បញ្ជា​ទិញ​បាន​បង្ហាញ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជា​ទិញ ​ហើយ​រោងចក្រ​បន្ត​ដេញ​សមាជិក​សហជីព​ដែល​ពួក​គេ​មើល​ឃើញ​ថា​ ជា​អ្នក​បង្ក​បញ្ហា។ ​មេ​ដឹកនាំ​សហជីព​និយាយ​ថា​ កត្តា​ទាំង​នេះ​បាន​ជំរុញ​ឲ្យពួក​គេ​ផ្លាស់​ប្តូរ​ការ​ធ្វើ​ការ​តវ៉ា​របស់​ពួក​គេ​ទៅ​ជា​ការ​ចរចា​ជាមួយ​អ្នក​បញ្ជា​ទិញ​ដោយ​ផ្ទាល់។​

លោក​ម៉ៃ​ សុភត្ត្រា ​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហជីព​កម្ពុជា​ និយាយ​ថា​ ឆ្នាំ​នេះ​មាន​កម្មករ​ត្រូវ​រោង​ចក្រ​បណ្តេញ​ចេញ​ច្រើន​ជាង​ឆ្នាំ​មុនៗ។​

លោក​បាននិយាយ​ថា៖​«ឆ្នាំ​នេះ​យើង​មាន​កម្មករ​២៥០​នាក់[ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ]»។​

លោក​បាន​បន្ថែម​ថា៖​ «នៅ​ក្នុង​ឆ្នាំ​២០១៣​ យើង​មាន​តែ​៣០​ទៅ​៤០​នាក់​ប៉ុណ្ណោះ។ ​កម្មករ​ត្រូវ​បាន​គេ​បណេ្តញ​ចេញ​ជា​បន្ត​បន្ទាប់​ បន្ទាប់​ពី​ពួក​គេ​ទាមទារ​ប្រាក់ខែ​១៦៦​ដុល្លារ ​ហើយ​បន្ទាប់​មក​១៧៧​ដុល្លារ»។​

យ៉ាង​ហោចណាស់​ សហជីព​ចំនួន​ប្រាំ​ដែល​សកម្ម​ក្នុង​ការ​ទាមទារ​ឲ្យមាន​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ ដោយ​សារ​តែ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បន្ត​កើន​ឡើង​ ដែល​ជា​ការ​សម្ពាធទៅ​លើ​កម្មករ​ប្រហែល​៦០០.០០០​នាក់​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ។ ​សមាជិក​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ដេញ​ចេញ​ពី​ការងារ​ ជាពិសេស​អ្នក​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ ដូច​ជា​ខេត្ត​កំពង់​ចាម​ ខេត្ត​កណ្តាល​និង​ខេត្ត​ស្វាយរៀង។​

លោក​ប៉ាវ​ ស៊ុណា​ ប្រធាន​សហជីព​ចលករ​ខ្មែរ​ និយាយ​ថា​ ការ​តវ៉ា​អាច​បណ្តាល​ឲ្យមាន​ការ​ប្រឈម​ដល់​ជីវិត​កម្មករ។ ​យ៉ាង​ហោចណាស់​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​ទៅ។​

លោក​និយាយ​ថា៖​ «យើង​មិន​ចង់​ធ្វើ​ការ​តវ៉ា​ទេ​ ព្រោះ​យើង​មិន​ចង់​ឲ្យមាន​ការ​ប្រឈម។ ​យើង​មិន​ចង់​ឲ្យអ្នក​បញ្ជា​ទិញ​មាន​ការ​បារម្ភ»។​

ក្រៅ​ពី​គ្រោះថ្នាក់​ទាំង​នោះ​ ប្រធាន​សហជីព​ក៏​ប្រឈម​នឹង​ការ​ដេញ​ចេញ​ពី​ការងារ​ផង​ដែរ។

លោក​ប៉ាវ​ ស៊ុណា​បាន​និយាយ​ថា៖​«ប្រធាន​សហជីព​៦០​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​កាល​ពី​ឆ្នាំ​២០១៤»។​

មាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​កាល​ពី​ឆ្នាំ​មុន។​

លោក​បាន​បន្ត​ថា៖​«ពួក​គេ​មិន​និយាយ​មូលហេតុ​ទេ។ ​ពួក​គាត់​ប្រើ​ភាសា​ថា៖​ពួកគេ​ចូលរួម​ក្នុង​ការ​បះបោរ»។​

បញ្ហា​ពលកម្ម​មាន​ន័យ​ស្មើ​នឹង​ការ​ធ្លាក់​ចុះ​ក្នុង​ការ​បញ្ជា​ទិញ។ ​លោក​ ប៉ាវ​ ស៊ុណា​បាន​និយាយ​ថា​ ប្រធាន​សហជីព​បច្ចុប្បន្ន​ព្យាយាម​និយាយ​ជាមួយ​អ្នក​បញ្ជា​ទិញ​ដោយ​ផ្ទាល់​ និង​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យបន្ត​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា។ ​ពួក​ប្រធាន​សហជីព​បាន​និយាយ​ថា​ ពួក​គេ​បាន​ជួប​ដោយផ្ទាល់​ និង​បាន​សរសេរ​លិខិត​ទាក់ទង​ជាមួយ​អ្នក​បញ្ជា​ទិញ​ធំៗ​ ដូចជា​ PUMA,​ Adidas​ និង​អ្នក​បញ្ជា​ទិញ​ដទៃៗ​ទៀត។​

ការ​តវ៉ា​មាន​ការ​ធ្លាក់​ចុះ​ពី​១៤៧​ករណី​ក្នុង​ឆ្នាំ​២០១៣​មក១០៨​ករណី​ក្នុង​ឆ្នាំ​២០១៤​ បើ​យោងទៅ​លើ​គេហទំព័រ​របស់​សមាគម​កាត់ដេរ​កម្ពុជា​ GMAC។​

លោក​ប៉ាវ​ ស៊ុណា​បាន​មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​បង្ក្រាប​ ក៏​ដូច​ជា​ការ​គាប​សង្កត់​ពី​តុលាការ។​ ការ​ឃុំឃាំង​ និង​ការ​ចោទ​សួរ​របស់​តុលាការ​បាន​ធ្វើ​ឲ្យកម្មករ​មាន​ការ​ភ័យ​ខ្លាច។​

លោក​បាន​និយាយ​ថា៖​«ឥឡូវ​ពួក​គេ​នឿយ​ហត់»។​

ប្រធាន​សហជីព​ចំនួន​៦​នាក់​ត្រូវ​បាន​តុលាការ​ហាម​មិន​ឲ្យចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នានា​ទេ ​ហើយ​មិន​មាន​ការ​ជួបជុំ​គ្នា​រវាង​សហជីព​ទេ​ ចាប់​តាំងពី​មាន​ការ​ដំឡើង​ប្រាក់​អប្បបរមា​១២៨​ដុល្លារ​ កាល​ពី​ថ្ងៃ​ទី​១​ខែ​មករា។​

លោក​ជា​ មុនី្ន​ ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​បង​ប្រុស​របស់​លោក​គឺ​លោក​ជា​ វិជ្ជា​ ​ជា​ប្រធានសហជីព​នេះ​ ​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៤​ នោះ​ បាន​មាន​ប្រសាសន៍​ថា​ ប្រធាន​សហជីព​បន្ត​ប្រឈម​និង​ការ​គាប​សង្កត់​នៅ​រោងចក្រ​ ​ដោយគ្រាន់តែពួក​គេ​រាយ​ការណ៍​អំពី​ស្ថានការណ៍​នៅ​កន្លែង​ធ្វើ​ការ​ប៉ុណ្ណោះ។​

លោក​បាន​និយាយ​ថា៖​«ពួក​គេ​មើល​ ឧទាហរណ៍​ទៅ​លើ​ថា ​តើ​កន្លែង​ធ្វើការ​ក្តៅ​ពេក​ ហើយ​ថា ​តើ​មាន​កង្ហាល​គ្រប់គ្រាន់​ឬ​អត់?»​

អ្នកស្រី​ យ៉ាង​ សោភ័ណ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​និយាយ​ថា​ គាត់​ចង់​បាន​ប្រាក់ខែ​ប្រសើរ​ជាង​នេះ​សម្រាប់កម្មករ​ ហើយ​ចង់​ធ្វើ​ការ​តវ៉ា។ ​ប៉ុន្តែ​គាត់​មិន​អាច​តវ៉ា​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ការ​គាំ​ទ្រ​ឡើយ។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ចង់​តវ៉ា​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ»។​

លោក​ទុន​ សោ​ភ័ណ​ អ្នក​សំរប​សំរួល​អង្គការ​ពលកម្ម​ពិភព​លោក​ ILO​ ប្រចាំ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ ​ILO ​បានជួយ​សហជីព​ផ្នែក​ផ្លូវ​ច្បាប់​ ប៉ុន្តែ​កង្វះ​តុលាការ​ពលកម្ម​ធ្វើ​ឲ្យមាន​ការ​លំបាក​ក្នុង​ការដោះ​ស្រាយ​បញ្ហា។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​«យើង​បាន​ផ្ញើរ​ពាក្យ​បណ្តឹង​ក្នុង​នាម​សហជីព​ទៅ​ក្រសួង»។​

ដើម​ឆ្នាំ​នេះ​ ILO​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពាវ​នាវ​ឲ្យ​អ្នក​បញ្ជា​ទិញ​ក្នុង​ពិភព​លោកជួយ​កម្មករ​កម្ពុជា​ទទួល​បាន​ប្រាក់​ខែ​បន្ថែម។​

លោក​ Maurzio Bussi ​នាយក​ប្រចាំ​ប្រទេស​ថៃ​ កម្ពុជា ​និង​ឡាវ​របស់​អង្គការ​ពលកម្ម​ពិភព​លោក​ បាន​មាន​ប្រសាសន៍​ថា៖​ «វា​ជា​ការ​ចាំបាច់​ដែល​ភាគី​ទាំង​អស់​ធ្វើការ​ជា​មួយ​គ្នា​ដើម្បី​ធានា​ដល់ឧស្សាហ​កម្ម​កាត់​ដេរ​របស់​កម្ពុជាឲ្យ​នៅ​តែ​មាន​ដំណើរ​ការ​សេដ្ឋ​កិច្ច»។​

លោក​បាន​បន្ថែម​ថា៖​«យើង​អំពាវនាវ​ឲ្យអ្នក​បញ្ជា​ទិញ​ចូលរួម»។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំការ​បំភ្លឺ​ពី​អ្នក​នាំពាក្យ​របស់​ក្រសួង​ការងារ​គឺ​លោក​ហេង ​សួរ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ។​

ប្រធាន​សហជីព​មាន​ការ​បារម្ភ​ពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​បច្ចុប្បន្ន។​

លោក​ម៉ៃ​ សុភត្ត្រា​ ប្រធាន​សហជីព​មួយ​ និយាយ​ថា​ ម្នាក់​ក្នុង​ចំណោម​ប្រធាន​សហជីព​របស់​គាត់​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​រោងចក្រ​នៅ​ថ្ងៃ​ទី​៩​ខែ​មករា។​

លោក​បាន​និយាយ​ថា៖​«យើង​បាន​ផ្ញើរ​លិខិត​សួរ​រក​មូលហេតុ។​ ពួក​គេ​និយាយ​ថា ​ពួក​គេ​មិន​ចង់​ធ្វើ​ការ​ចរចា​ទេ។​ ពួក​គេ​បាន​និយាយ​ថា​ អ្នក​អាច​ដាក់​ពាក្យ​ទៅ​កន្លែង​ណា​ ក៏​ដាក់​ទៅ! ​យើង​ទៅ​នៅ​ពេល​ក្រសួង​កោះ​ហៅ​យើង»។

​ការ​ដំឡើង​ប្រាក់ខែ​គោល​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​នេះ​បានធ្វើ​ឲ្យ​ការ​តវ៉ា​របស់​កម្មករ​មាន​ការ​ស្ងប់ស្ងាត់​បន្តិចប៉ុណ្ណោះ ហើយ​ការ​តវ៉ា​នឹង​កើត​មាន​ជាថ្មី ​ព្រោះវាមិនមែន​ជា​ដំណោះ​ស្រាយ​ដែល​មាន​ការ​ព្រមព្រៀង​ដោយ​ការ​ពេញចិត្ត​ពីភាគី​ទាំង​សង​ខាងទេ៕

XS
SM
MD
LG