ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​ស្រ្តី៖​ កម្ពុជា​ខ្វះ​សំឡេង​ស្ត្រី​ក្នុង​​​ការ​ដឹកនាំ


លោក​ស្រី​ ធីតា ​ឃិះ​ នាយិកា​អង្គការ​​លីលកា ​ដែល​បាន​ដឹក​នាំ​ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ ប្រឈម​នឹង​​ការ​រារាំង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤។ (ហេង រស្មី VOA)​
លោក​ស្រី​ ធីតា ​ឃិះ​ នាយិកា​អង្គការ​​លីលកា ​ដែល​បាន​ដឹក​នាំ​ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ ប្រឈម​នឹង​​ការ​រារាំង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​​កាល​ពី​ថ្ងៃ​ពុធ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤។ (ហេង រស្មី VOA)​

បើទោះ​ជា​អ្នក​ប្រវត្តិសាស្រ្ត​កម្ពុជាជា​ច្រើន​តែង​តែ​លើក​ឡើង​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​ឲ្យ​តម្លៃ​ស្រ្តី​ជា​ធំ​ក៏​ដោយ ​ក៏​បច្ចុប្បន្ន​គេ​ឃើញ​ថា ​ចំនួន​ស្រ្តី​កម្ពុជា​ក្នុង​វិស័យនយោបាយ​ និង​ការ​កាន់​កាប់តួនាទី​ជា​អ្នក​ដឹក​នាំនៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ ​លោក​ស្រី​ ធីតា ឃិះ ​ដែល​គេ​ស្គាល់ថា​ ជា​ស្រ្តីម្នាក់​ដែល​ទទួល​បាន​ជោគ​ជ័យ​នឹង​ការ​ងារ​ដឹក​នាំក្នុង​វិស័យ​សង្គម​ស៊ីវិល បាន​មើល​ឃើញ​នូវ​ចំណុច​ខ្វះខាត​ជា​ច្រើន​ដែល​ត្រូវ​កែ​លម្អ។​

ពី​ជីវិត​ជាស្ត្រី​មេផ្ទះ ​រហូត​បានក្លាយ​ជា​ស្រ្តីជោគ​ជ័យ​មួយ​រូប​ក្នុង​សង្គម​ លោក​ស្រី​ធីតា ឃិះ​បាន​ចំណាយ​ពេល​ជាង​៤០​ឆ្នាំ​នៃឆាក​ជីវិត​របស់​អ្នកស្រី។​

បច្ចុប្បន្ន​ជា​នាយិកា​ប្រតិបត្តិ​អង្គការ​សីលកា ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ លោកស្រី​បាន​ជ្រើសរើស​យកការ​រៀនសូត្រ​ដែល​គ្មាន​ពេល​កំណត់​សម្រាប់​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជាស្ត្រី​ដឹកនាំ​មួយ​រូប។​ ហើយ​លោកស្រីចង់​ឲ្យ​ស្ត្រី​កម្ពុជា​ទទួល​បាន​នូវ​ផល​ប្រយោជន៍​នេះ​ដូច​គ្នា។​

«ទី១ ​ត្រូវ​មាន​ជំនាញ​ចេះ​ដឹង ​ទី២​ត្រូវ​ចេះ​មាន​ភាព​ជាអ្នក​ដឹកនាំ។ ​កាល ណា​ឃើញ​របស់​អី​អត់​ធម្មតា ​យើង​ចង់​រៀប​ចំ​ធ្វើ​ការ​កែ​ទម្រង់​ មាន​ការ​កែប្រែ។ ​ក្នុង​ហ្នឹង​ឯង​ យើង​មាន​ភាព​អ្នក​ដឹក​នាំ។ ​ការងារ​ដែល​យើង​ធ្វើ​ទាំង​ប៉ុន្មាន​ត្រូវ​ផ្តោត​លើ​សហគមន៍ ​ផ្តោត​លើ​ប្រជា​ពល​រដ្ឋ​ជានិច្ច»។​

ពិត​មែន​ហើយ ​នៅ​ពេល​នេះ​ លោក​ស្រី​ ធីតា ​ឃិះ​ ហាក់​ដូច​ជា​ក្តាប់​កត្តា​សង្គម​ខ្មែរ​បាន​យ៉ាង​ណែន​នៅ​ក្នុង​ដៃ។​ លោកស្រី​មើល​ឃើញ​ថា ​ស្ត្រី​កម្ពុជា​មិន​មាន​ឱកាស​ច្រើន​នៅ​ក្នុង​ការចូល​រួម​ក្នុង​ការដឹក​នាំ​ក្នុង​សង្គម​ឬ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នោះ​ទេ​ ជាហេតុ​ដែល​ធ្វើ​ឲ្យ​បេសក​កម្ម​មួយ​ក្នុ​ង​ចំណោម​បេសក​កម្មនៃ​អង្គការ​របស់​លោកស្រី​គឺ​លើក​ទឹក​ចិត្ត​ស្ត្រី​ក្នុង​វិស័យដែល​នៅ​ខ្វះ​ចន្លោះ​ទាំង​នេះ។​

«ទី១ ​គាត់អត់មាន​ឱកាស។ ​អ្នក​ដែល​កាន់​ការងារ​ ដែល​សម្រេច​ចិត្ត​ឲ្យ​គាត់​ឡើង​តួនាទី ​ដាក់​គាត់​ចូល​បញ្ជី​ឆ្នោត​ទាំង​ប៉ុន្មាន​ គឺ​សុទ្ធ​តែ​បុរស។ ​ហើយ​ដោយ​សារ​យើង​ជាស្រ្តី ​ទោះ​មាន​សមត្ថភាព​ក៏​ដោយ ​ក៏អត់​ដាក់​យើង​នៅ​ជួរ​លើ​ដែរ។​ ដោយសារ​យើង​អត់​បាន​ទៅ​ស៊ីផឹក​ជា​មួយ​គេ​ គេ​មើល​យើង​អត់​ឃើញ។ ​នៅ​ក្នុង​គណ​បក្ស​និមួយៗ​ គេ​តែង​សួរ​យើង​ «អ្នក​ឯ​ង​បាន​ធ្វើ​អី​ខ្លះ​ហើយឲ្យ​បក្ស?»​ ហើយ​អាហ្នឹង​ជា​បញ្ហា​មួយ​ទៀត។​ ស្រ្តី​រវល់​រក​ស៊ី​ផង​ ចិញ្ចឹម​កូន​ផង​ មាន​ពេល​ណា​ បើយើង​មាន​២៤​ម៉ោង​ដូច​គ្នា»។​

លោក​ស្រី​ ធីតា ឃិះ
លោក​ស្រី​ ធីតា ឃិះ

ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​លើក​ទឹក​ចិត្ត​នេះ​ អង្គការ​សីលកាត្រូវ​ធ្វើ​ការ​សហការ​ជាមួយ​បណ្តាញអង្គការ​ចំនួន​៧​ផ្សេង​ទៀត។​

លើក​កែវពិសា​ទឹក​មួយ​ក្រេប ​លោក​ស្រី​មាន​ប្រសាសន៍​បន្ត​ថា ​ការ​ចូល​រួម​របស់​ស្រ្តី​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត ​ហើយ​ឧបសគ្គ​នោះ​គឺ​ការ​ខ្វះ​ឱកាស ​មជ្ឈដ្ឋាន​ការងារ​មិន​អំណោយ​ផល។​

ម្យ៉ាង​ទៀត ​ស្រ្តីក៏​ខ្វះ​ការ​គាំទ្រ​ពី​គ្រួសារ​ និង​រងសំពាធ​នៃ​ទំនៀម​ទម្លាប់​ច្បាប់​ស្រី្ត។​

លោក​ស្រី​ធីតា ឃិះ ​ដែល​មាន​អាយុ​៦៤​ឆ្នាំ ​ត្រូវ​បាន​មហាជន​ទូទៅ​ស្គាល់​ថា​ ជាស្រ្តី​ដែលសកម្ម ​និង​ឆ្នើម​ក្នុង​ចំណោម​ស្រ្តី​ឆ្នើម​ដទៃ​ទៀត​ក្នុង​វិស័យ​សង្គម​ស៊ីវិល​ ក្នុង​ការ​ដឹក​នាំ​ការ​ងារ​បណ្តុះ​បណ្តាល ​និង​ជំរុញ​ស្រ្តី​កម្ពុជា​ឲ្យ​ចូល​រួម​ក្នុង​កិច្ចការ​ដឹក​នាំ​ប្រទេស។​

«ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ងារ​យូរៗ​ទៅ ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ត្រូវ​តែ​ចេញ​មុខ​ ចេញ​មុខ​ធ្វើ​ជា​គម្រូ​សម្រាប់​ឲ្យ​ស្រ្តី​ជំនាន់​ក្រោយ​អាច​ចាប់​ផ្តើម​ក្នុង​ការ​ធ្វើ​ការងារ​ផ្នែក​គោល​នយោបាយ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។​

អង្គុ​យ​នៅ​លើ​សាឡុង​ឈើ​ដែល​មាន​ក្រាលពូក ​លោក​ស្រី​ ធីតា ឃិះ ​មាន​សម្បុរស ​និង​ជា​អ្នក​ដែល​មាន​សែ​ស្រឡាយ​ជា​កូន​ខ្មែរ​កាត់​ចិន។​ លោក​ស្រី​មាន​ស្រុក​កំណើត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ​មាន​ឪពុក​ជា​មន្ត្រី​រាជការ​ក្នុង​អំឡុង​ទសវត្ស​១៩៥០​ រីឯ​ម្តាយ​ជា​ស្រ្តីមេផ្ទះ។​

លោក​ស្រី​ជា​កូន​ទី​៨​ក្នុង​ចំណោម​បង​ប្អូន​១០​នាក់។​

លោក​ស្រីធីតា​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​សាស្រ្តាចារ្យ​គណិតវិទ្យា​មួយ​រូប​ដែល​មាន​អាយុ​លើស​លោក​ស្រី​១២​ឆ្នាំ ​ខណៈ​ដែលលោកស្រី​ទើប​នឹង​មាន​អាយុ​១៨ឆ្នាំ។ ​បច្ចុប្បន្ន​លោក​ស្រី​និង​ស្វាមី​មាន​កូន​៣​នាក់។​

លោក​ស្រី​ ធីតា ឃិះ នាយិកា​ប្រតិបត្តិ​អង្គការ​សីលកា​ប្រគល់​ញត្តិ​ជូន​តំណាង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៤។ (វីអូអេ)
លោក​ស្រី​ ធីតា ឃិះ នាយិកា​ប្រតិបត្តិ​អង្គការ​សីលកា​ប្រគល់​ញត្តិ​ជូន​តំណាង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៤។ (វីអូអេ)

យក​ដៃ​កៀរ​សក់​ស្កូវ​ចេញពី​ត្រចៀកបន្តិច ​លោក​ស្រី​បន្ត​និទាន​ពី​ខ្សែ​ជីវិត​របស់​លោក​ស្រី​ថា ​ក្រោយ​ពី​អាពាហ៍​ពិពាហ៍ ​លោក​ស្រី​គ្រាន់​តែ​ជា​ស្ត្រី​មេផ្ទះ​មួយ​រូប​ប៉ុណ្ណោះ​ ហើយ​មួយ​ឆ្នាំ​មុន​របប​ប្រល័យ​ពូជ​សាសន៍​ លោក​ស្រី​និង​ក្រុម​គ្រួសារ​ចាក​ចេញពី​មាតុភូមិ​ទៅ​រស់​នៅ​ឯ​ប្រទេស​ថៃ។​

នៅ​ទី​នោះ​ស្វាមី​របស់​លោកស្រី​ធ្វើ​ជា​គ្រូ​បង្រៀន​ផ្នែក​គណិត​វិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ី​ (Asian Institute of Technology (AIT)។​ ពេល​នោះ​ហើយ​ដែល​លោក​ស្រី ​និង​កូនៗ​មាន​ឱកាស​សិក្សា​ភាសា​អង់គ្លេស​បន្ថែម​នៅ​វិទ្យាស្ថាន​នេះ។ ហើយ​ក៏​ជា​ចំណុច​ចាប់​ផ្តើមមួយ​នៃ​ទំព័រ​ឆាក​ជីវិត​ថ្មី​របស់លោក​ស្រី។ ​

​ប៉ុន្តែ​លោកស្រីមាន​ឱកាស​ចូល​ប្រឡូក​ជាក់ស្តែង​ក្នុង​ចលនា​សង្គម​ក្រោយសម័យ​ខ្មែរក្រហម​បាន​ដួល​រលំ​ ហើយ​មានជនភៀស​ខ្លួន​កម្ពុជា​រាប់​ម៉ឺននាក់​បាន​រត់​ទៅ​ជ្រក​កោន​ក្នុង​ជំរំ​នៅ​ប្រទេស​ថៃ​នៅ​ចុង​ឆ្នាំ​១៩៧៩​ និង​ដើម​ទសវត្ស​ឆ្នាំ​១៩៨០។​

«ចំណុច​ដែល​ផ្លាស់​ប្តូរ​ខ្ញុំ​ជាង​គេ​ហ្នឹង​គឺ​កាល​ដែល​ខ្ញុំ​ធ្វើ​ការ​នៅ​ទូតអាមេរិក​ខាង​ផ្នែក​ជន​ភៀសខ្លួន​នៅ​បាងកក ​ពេល​ដែល​ខ្ញុំ​ជួប​ជាមួយ​នឹង​ជន​ភៀស​ខ្លួន​ខ្មែរ​ ដើរ​ពីស្រុ​ក​ខ្មែរ​ទៅ​ស្រុក​ថៃ​ ហើយ​គេ​ដាក់ព័ទ្ធ​ដូចហ្វូង​គោ។ ​ហើយ​យើង​នៅពី​ខាង​ក្នុង​ ម្នាក់ៗ​កខ្វក់​ សាច់​ហើម​ សក់​លឿង។ ​ឪពុក​ម្តាយ​ខ្ញុំ​ក៏​នៅ​ក្នុង​ហ្នឹង​ដែរ។​ អញ្ចឹង​វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​រឭក​ថា​ របត់​នយោបាយ​វា​ធ្វើ​ឲ្យ​ វា​ប៉ះពាល់​មនុស្ស​ដែល​រស់​ក្នុង​សង្គម​ហ្នឹង។​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ធ្វើ​ការ​ក្នុង​វិស័យ​នយោបាយ»។​

តាម​រយៈ​បណ្តាញ​ការងារ​ក្នុងទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ ​លោកស្រី​ និង​ក្រុម​គ្រួសារ​មាន​ឱកាស​បាន​ទៅរស់​នៅ​សហ​រដ្ឋ​អាមេរិក​ នៅ​ខែ​តុលា ​ឆ្នាំ​១៩៧៩។​

នៅ​ទី​ក្រុង​ San Antonio​ រដ្ឋ​ Texas​ លោក​ស្រី​ធ្វើការ​ជា​អ្នក​បម្រើ​សេវា សង្គម​ និង​ជា​ជំនួយ​ការ​ពេទ្យ​ចិត្តសាស្រ្ត។​ លោក​ស្រី​ក៏​បាន​ឆ្លៀត​បន្ត​ការ​សិក្សា​ជំនាញ​ចិត្ត​សាស្រ្ត ​និង​សង្គមវិទ្យា​នៅ​ទី​នោះ​ផង​ដែរ។​

ប្រាំ​ឆ្នាំ​ក្រោយ​មក​ ​លោក​ស្រី​ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយិកា​ប្រតិបត្តិ​ដឹកនាំ​សហ​ព័ន្ធ​អង្គការ​ខ្មែរ​ជាង​១០០​ក្នុង​សហ​រដ្ឋ​អាមេរិក ​ដើម្បី​ធ្វើ​ការងារ​ទាក់​ទង​ជា​មួយ​អង្គការ​អន្តរ​ជាតិ​ ស្វែង​រក​ជំនួយ ​និង​កិច្ច​សហ​ប្រតិបត្តិការ​ គឺ​ជា​ពេល​ដែល​លោកស្រី​បាន​បែកពី​ក្រុម​គ្រួសារ​ជា​លើក​ទី១ ​ផ្លាស់​មក​នៅ​វ៉ាស៊ីនតោន​ឌីសី​ តែ​ម្នាក់​ឯង។​

«កូន​ខ្ញុំ​មាន​ការ​ត្អូញ​ត្អែរ​ច្រើន​ ពេល​ខ្ញុំ​ចេញ​ទៅធ្វើ​ការ​ក្រៅ ​មិន​មាន​ពេ​ល​វេលា​ដូច​ម្តាយ​គេ​ដទៃ​ទេ។ តែ​យើង​ធ្វើ​អ្វី ​យើង​ធ្វើ​បាន»។​

នៅ​ឆ្នាំ​១៩៩៣ ​លោកស្រី​ និង​ស្វាមី​បាន​ត្រឡប់​មក​រស់​នៅ​កម្ពុជា​វិញ។ ​នៅ​ពេល​នោះ​ស្វាមី​របស់​លោក​ស្រីធ្វើ​ជា​មន្រ្តី​ព័ត៌មាន​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ហៅ​កាត់​ថា អ៊ុនតាក់។​

ជាដំបូង​ក្រុម​គ្រួសាររបស់​លោកស្រី​មិនមាន​ផែនការ​មក​រស់​នៅ​កម្ពុជា​ជា​អចិន្ត្រៃយ៍​ទេ។ ​ក្រោយ​ឆ្នាំ​១៩៩៧​ ដោយ​វិភាគ​ឃើញ​ថា​ ស្ថានភាព​នយោបាយ​កម្ពុជា​មិន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ ហើយ​ដោយសារ​តែ​អ្នកស្រី​មាន​មនោ​សញ្ចេតនា​ភ្ជាប់​ទៅ​នឹង​ទឹកដី​កំណើត ពេល​នោះ​ហើយ​ដែល​លោក​ស្រី​ផ្តួច​ផ្តើម​បង្កើត​អង្គការ​សីលកា​ ​ដោយ​នាំ​យក​អ្នក​ស្ម័គ្រ​ចិត្ត​ពី​បរទេស​មកបង្រៀន​ដល់​ប្រជា​ជន​កម្ពុជា។​ ​គោល​បំណង​ចម្បងរបស់សីលកា​នៅ​ពេល​នោះ​គឺ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ខ្មែរ​ក្នុង​ផ្នែក​អភិបាល​កិច្ច​ល្អ ​និង​ជំរុញ​ស្រ្តី​ក្នុង​វិស័យ​នយោបាយ ​និង​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ស្ថាប័ន​សាធារណៈ។​

ការ​លើក​ទឹក​ចិត្ត​ពីគ្រួសារ​ ជា​កត្តា​សំខាន់​ណាស់។ ​

លោក​ស្រីធីតា​ក៏​បញ្ជាក់​ដែរ​ថា​ វា​ក៏ជា​សំណាង​មួយ​របស់​លោក​ស្រី​ដែល​ស្វាមីរបស់​លោក​ស្រី​យល់​នូវ​តម្លៃ​នៃ​ការងារ​សង្គម​ ហើយ​គាំទ្រ​លោក​ស្រី​ក្នុង​ការ​ងារ​សង្គម​ស៊ីវិល​នេះ។​

«កាល​ខ្ញុំ​នៅ​អាមេរិក​ គាត់​(ប្តី)​ជា​អ្នក​ជំរុញ​ឲ្យ​ធ្វើ​ ហើយ​គាត់​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​គ្រួសារ។​ ប្តី​ខ្ញុំ​គាត់​មាន​អារម្មណ៍​ថា ​គាត់​រវល់ ​គាត់​មិន​អាច​ចូល​រួម​ការងារ​សង្គម​បាន​ទេ។​ គាត់​ជំរុញឲ្យ​ខ្ញុំ​ធ្វើ​ ពីព្រោះ​គាត់​មើល​ឃើញ​សេចក្តី​ត្រូវការ​ដែល​ត្រូវ​ធ្វើ»។​

យោង​តាម​របាយ​ការណ៍របស់មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ឲ្យ​ដឹង​ថា​ ​នៅ​ក្នុង​អាណត្ត​ទី៤ ​ពី​២០០៨​ ដល់​២០១៣ ​តំណាង​រាស្ត្រ​ជា​ស្ត្រី​ក្នុង​សភា​ជាតិ​មាន​ត្រឹម​តែ​២០,៣% ​ឬ​២៥​នាក់​ប៉ុណ្ណោះ​ ខណៈ​ពេល​ដែល​តំណាង​រាស្រ្ត​បុរស​មាន​ដល់​ទៅ​៩៨​រូប។ ​ក្នុង​នោះ​លោក​ស្រី​ឃួន​ សុដាវីត្រូវ​ជ្រើស​តាំង​អនុ​ប្រធាន​ទី២​នៃ​រដ្ឋ​សភា។​ ផ្ទុយ​ទៅ​វិញ​ រដ្ឋ​សភា​នីតិកាល​ទី​៥នេះ ​ស្រ្តី​មិន​មានតំណែង​ដឹក​នាំ​ក្នុង​សភា​ទេ។​

ទោះជា​បែប​នេះ​ក្តី ​ លោកស្រី​ធីតា ឃិះ​យល់​ថា​ ការ​ចូល​រួម​របស់​ប្រជាជន​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​មាន​លក្ខណៈ​ប្រសើរគួរ​ឲ្យ​កត់​សម្គាល់​ក្នុ​ងរយៈ​ពេល​ចុង​ក្រោយ​នេះ។​ ក៏​ប៉ុន្តែ​លោក​ស្រី​ចង់​ឲ្យ​មាន​ស្រ្តី​កាន់​តែ​ច្រើន​ថែម​ទៀត​ ចូល​រួម​ក្នុង​ការ​សម្រេច​គោល​នយោបាយ​ និង​កិច្ចការ​ងារ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។​

កំពុងអង្គុយ​ធ្វើ​ការងារ​ទល់​មុខ​កុំព្យូទ័រ​កញ្ចក់​ស្តើង​មួយ​គ្រឿង​នៅ​ក្នុង​បន្ទប់ការិយាល័យដែល​មាន​ទំហំ​ប្រមាណ​៤​ម៉ែត្រ​៤​ជ្រុង ​ស្ថិត​នៅ​ជាន់​ទី១​ នៃ​អគារ​ផ្ទះ​ល្វែង​របស់អង្គការ​សីលកា​ លោកស្រី​ធីតា​ ឃិះ​បាន​ងាក​ទៅ​សន្ទនា​តាម​ទូរស័ព្ទ​ សន្ទនា​ជា​ភាសា​អង់គ្លេស​អំពី​ការងារ។​

លោក​ស្រី​លើក​ទឹ​ក​ចិត្ត​ឲ្យ​ស្រ្តី​ទាំងឡាយ​គួរ​ខិត​ខំ​សិក្សា​ពង្រីក​ចំណេះ​ដឹង​ខ្លួន​អំពី​នយោបាយ​ និង​ភាព​ជា​អ្នក​ដឹក​នាំ។​

«មិន​ត្រូវ​ខ្លាច​ថា ​នយោបាយ​គឺ​ជា​រឿង​មួយ​ដែលយើង​ជាស្រ្តី​មិន​ត្រូវ​ចូល។​ តែ​ទុក​ឲ្យ​គេ​សម្រេច​ចិត្ត​ទាំង​អស់។ ​តែ​ចុង​ក្រោយ​ ជួប​ផល​លំបាក​ដូច​គ្នា»។​

លោក​ស្រីយល់​ថា ​ការ​សម្រេច​លើ​គោល​នយោបាយ​ធំៗ​មួយ​ចំនួនត្រូវ​ការ​ទស្សនៈ​របស់​ស្រ្តី​ដែរ ​ពីព្រោះ​ការ​សម្រេច​ចិត្ត​របស់​បុរស​តែ​ម្ខាងរមែង​នាំ​ឲ្យ​ប្រទេស​មិន​មាន​តុល្យភាព​នៃ​ការ​អភិវឌ្ឍ។​

«បើ​ស្រី​មិន​បាន​ចូល​រួម ​នោះ​ការ​អភិវឌ្ឍ​មិន​មាន​ប្រសិទ្ធ​ភាព។ ​បើ​ស្រី្ត​មិន​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ជជែក​វែកញែក​រឿង​ធ្វើ​គោល​នយោបាយ​ និង​ក្នុង​ការ​សម្រេច​ចិត្ត​គឺ​ការ​សម្រេច​ចិត្ត​នោះ​មាន​ឃ្លោង ​ហើយ​អាច​នាំ​យើង​ទៅ​រក​សង្រ្គាម​ដោយ​មិន​ដឹង​ខ្លួន។ ​កន្លង​មក​ វា​យ៉ាង​មេច?​ ចូល​សង្គ្រាម​បាន​រហ័ស។ យើង​មិន​ថា​ ប្រុស​គិត​ខុស​ទេ។​ បើ​អត់ស្រី​ទប់​ខ្លះ​ តើ​ប្រទេស​ជាតិ​ទៅ​ជា​ស្អី?»​

ថ្វី​បើ​លោកស្រី ​ធីតា ឃិះ​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ឬ​ក្លាយ​ជា​អ្នក​ដឹក​នាំ​ក្នុង​សង្គម​ក្តី​ ប៉ុន្តែ​រូប​លោក​ស្រី​ផ្ទាល់​មិន​ចង់​ចូល​ប្រឡូក​ក្នុ​ង​គណបក្ស​នយោបាយ​នោះ​ទេ។​

មូលហេតុ​របស់​លោកស្រី​ធីតា ឃិះ ​គឺលោកស្រី​ចង់​រក្សា​ភាព​ឯករាជ្យ ​និង​អាចបន្ត​ធ្វើ​កិច្ចការ​សង្គម​ជាមួយ​គណបក្ស​នយោបាយ​ទាំង​អស់​ស្មើភាព​គ្នា​ដូច​សព្វ​ថ្ងៃ៕

XS
SM
MD
LG