រដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនបញ្ជាទិញធំៗបរាជ័យនៅក្នុងការការពារកម្មកររោងចក្រទល់នឹងការរំលោភបំពាននានាពីសំណាក់ថៅកែរោងចក្រលើពួកគេ។ ហើយក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់សំខាន់ៗ ដូចជា Gap និង H&M ត្រូវជួយកាត់បន្ថយការរំលោភបំពានទាំងនេះ។
នេះជាសេចក្តីសន្និដ្ឋានរបស់អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សដ៏ធំមួយរបស់សហរដ្ឋអាមេរិក Human Rights Watch នៅក្នុងរបាយការណ៍របស់ខ្លួនស្តីពីការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជាដែលចេញផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ។
អង្គការដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនេះបានរកឃើញថា កម្មការិនីមានចំនួនច្រើនលើសលុបត្រូវបង្ខំឲ្យធ្វើការបន្ថែមម៉ោង មានការរើសអើងដោយថៅកែរោងចក្រចំពោះស្ត្រីដែលមានផ្ទៃពោះ និងមានការអនុវត្តប្រឆាំងនឹងសហជីព។ ប៉ុន្តែទាំងរដ្ឋាភិបាល ទាំងក្រុមហ៊ុនបញ្ជាទិញមិនបានចាត់វិធានការគ្រប់គ្រាន់នោះទេ។
របាយការណ៍ដែលធ្វើនៅចុងឆ្នាំ២០១៣ និងចប់នៅដើមឆ្នាំ២០១៤មានកិច្ចសម្ភាសន៍ជាមួយមនុស្សចំនួន៣៤០នាក់ ក្នុងនោះមានកម្មករចំនួន២៧០នាក់ក្នុងរោងចក្រចំនួន៧៣ក្នុងរាជធានីភ្នំពេញ និងនៅតាមតំបន់ជុំវិញរាជធានី។
លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) នាយករងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី មានប្រសាសន៍ក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះថា មានភាពអវិជ្ជមានជាប្រព័ន្ធក្នុងចំណោមរោងចក្រនិងកម្មករដែលអង្គការរបស់លោកបានធ្វើសម្ភាសន៍។
«យើងឃើញមានការរុញច្រានអង្គការសង្គមស៊ីវិលជាប្រព័ន្ធ។ យើងឃើញការបណ្តេញស្ត្រីមានផ្ទៃពោះជាប្រព័ន្ធ និងការគេចវេសការផ្តល់ប្រាក់ឈ្នួលលើអតីតភាព។ យើងឃើញការបៀតបៀនជាប្រព័ន្ធ និងការបង្ខំឲ្យធ្វើការបន្ថែមម៉ោង។ មានការកំណត់ការចូលបន្ទប់ទឹក ការផ្តល់ទឹក ដែលមានគុណភាពអន់សម្រាប់កម្មករដែលជាបញ្ហាមូលដ្ឋានដែលរដ្ឋាភិបាល និងថៅកែរោងចក្រត្រូវតែផ្តល់ដល់កម្មករ»។
វិស័យកាត់ដេរគឺជាឧស្សាហកម្មឈានមុខតែមួយគត់នៅកម្ពុជាដែលតំណាងឲ្យការនាំចេញធំជាងគេបំផុតរបស់ប្រទេសក្រីក្រនេះ។ ក្រុមអ្នកវិនិយោគសំខាន់ៗមកពីប្រទេសចិន ហុងកុង កោះតៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី និងកូរ៉េខាងត្បូង។ មានកម្មករប្រមាណជា៧០ម៉ឺននាក់កំពុងបម្រើការក្នុងវិស័យនេះ។ កាលពីដើមឆ្នាំ២០១៤ អាជ្ញាធរប្រដាប់អាវុធរបស់រដ្ឋាភិបាលបានបង្រ្កាបក្រុមកម្មករដែលតវ៉ា ដោយបានបាញ់សម្លាប់កម្មករមួយចំនួន។
ក្នុងរបាយការណ៍កម្រាស់១៤០ទំព័រនោះ អង្គការ Human Rights Watch បានរកឃើញថា កម្មករក្នុងរោងចក្រចំនួន៤៨បាននិយាយថា ពួកគេត្រូវបង្ខំឲ្យធ្វើការបន្ថែមម៉ោង បើមិនដូច្នេះទេ ពួកគេនឹងប្រឈមនឹងការបណ្តេញចេញ កាត់ប្រាក់ខែ និងការផ្លាស់ប្តូរការងារ។
ថៅកែរោងចក្រចំនួន៣៥បានយារយីរំខានដល់សហជីពដែលបានការពារសិទ្ធិកម្មករ ដោយធ្វើការបណ្តេញពួកគេ និងសំឡុតតាមរយៈការជ្រើសតាំងអ្នកដឹកនាំសហជីពថ្មី ឬតាមរយៈការផ្តល់កិច្ចសន្យាការងាររយៈពេលខ្លីជាដើម។
អង្គការ Human Rights Watch បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា មានរោងចក្រចំនួន៣០ក្នុងចំណោមរោងចក្រដែលពួកគេបានជួបសម្ភាសនោះ មិនព្រមទទួលស្ត្រីដែលមានផ្ទៃពោះ មិនធ្វើកិច្ចសន្យាការងារថ្មីដល់ពួកនាង ឬមិនផ្តល់កន្លែងស្នាក់នៅសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះទេ។
អង្គការដដែលលើកឡើងថា កម្ពុជាមានច្បាប់ការងារចាប់តាំងពីឆ្នាំ១៩៩៧មក ប៉ុន្តែច្បាប់នេះនៅតែមិនមានប្រសិទ្ធិភាពទេ ដោយសារភ្នាក់ងារអធិការកិច្ចរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធិភាព ដោយសារអំពើពុករលួយក្នុងការធ្វើអធិការកិច្ច។
អ្នកស្រីអរុណា កាហ្ស៊ីយ៉ាប (Aruna Kashyap) អ្នកស្រាវជ្រាវអំពីសិទ្ធិស្ត្រីរបស់អង្គការ Human Rights Watch ទទូចឲ្យរដ្ឋាភិបាលកម្ពុជា«ចាត់វិធានការជាបន្ទាន់»ដើម្បីការពារកម្មកររោងចក្រពីការរំលោភនានា។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
លោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា GMAC ហាក់ដូចជាទទួលស្គាល់ថា នៅមានបញ្ហាខ្លះមែននៅតាមបណ្តារោងចក្រមួយចំនួន។
«បើនិយាយថា បញ្ហា(នៅតាមរោងចក្រ)មួយចំនួនយើងត្រូវតែឯកភាពហើយ ពីព្រោះអត់មានប្រទេសណាដែលក្រុមហ៊ុនគោរពបាន១០០ភាគរយទេ។ ប៉ុន្តែព័ត៌មានដែលគាត់លើក គាត់ចង់និយាយថា វាជាបញ្ហារួម មានន័យថា រោងចក្រណាក៏មានការរំលោភដែរនោះ គឺខ្ញុំមិនអាចទទួលយកបានទេ»។
ទោះជាយ៉ាងណា លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ទទួលស្គាល់ថា របាយការណ៍របស់អង្គការ Human Rights Watch បានបង្ហាញការណ៍ពិតទាក់ទងនឹងការរឹតត្បិត និងការកៀបសង្កត់លើសហជីពនៅតាមបណ្តារោងចក្រ។
អង្គការ Human Rights Watch បានស្នើដល់ភាគីនានា ដែលជាប់ពាក់ព័ន្ធរួមមានរដ្ឋាភិបាល សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC ក្រុមហ៊ុនបញ្ជាទិញ គម្រោងធ្វើឲ្យប្រសើរផ្នែកវាយនភ័ន្តនៅកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការ ILO របស់អង្គការសហប្រជាជាតិ រួមទាំងក្រុមសហជីពកម្មករផងដែរ ដោយសុំឲ្យពួកគេដើរតួសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងសម្រាប់លក្ខខណ្ឌការងាររបស់ក្រុមកម្មកររោងចក្រ៕