ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​នឹង​ប្រែប្រួល​ទេ​ក្រោម​រដ្ឋបាល​ទី​២​របស់​លោក Trump?


លោក​ប្រធានាធិបតី Donald Trump ចុះហត្ថលេខា​លើ​បទបញ្ជា​មួយចំនួន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
លោក​ប្រធានាធិបតី Donald Trump ចុះហត្ថលេខា​លើ​បទបញ្ជា​មួយចំនួន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

ក្រោម​អាណត្តិ​ទី២​របស់​លោក​ប្រធានាធិបតី​ Donald Trump​ ​ទំនាក់ទំនង​រវាង​សហ​រដ្ឋ​អាមេរិកនិង​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថានឹង​នៅ​តែ​មាន​ភាព​តានតឹង​ ព្រោះ​តែ​ការ​ព្រួយ​បារម្ភ​ទាក់​ទិន​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​ពង្រឹង​ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ចិន។​ នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ។

លោក ​Trump ​បាន​ចូល​កាន់​កាប់​ការងារ​នៅ​សេតវិមាន​ក្នុង​នាម​ជា​ប្រធានាធិបតី​ទី​៤៧​របស់​សហ​រដ្ឋ​អាមេរិក​ ហើយ​បាន​ចេញ​បទ​បញ្ជា​ប្រធានាធិបតី​មួយ​ចំនួន​ ដោយ​រួម​មាន​ទាំង​ការ​ដក​សហ​រដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​និង​ទីភ្នាក់ងារ​អាកាសធាតុ​អង្គការ​សហ​ប្រជាជាតិ ​និង​បញ្ជា​ឲ្យ​ផ្អាក​ជំនួយ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។​

នៅ​មុន​ការ​ចូលកាន់​អំណាច​ជាថ្មី​របស់​លោក​ Trump ​ រដ្ឋាភិបាល​អាមេរិក​ជារឿយៗ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បង្រ្កាប​ខាង​នយោបាយ​លើ​ក្រុម​អ្នក​ជំទាស់​ ការ​រឹតត្បិត​លើ​សង្គម​ស៊ីវិល ​និង​ការ​មិន​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​បាន​ទាញ​ទណ្ឌ​កម្ម ​និង​វិធានការ​ផ្សេង​ទៀត​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

បើ​តាម​អ្នក​ជំនាញ​នយោបាយ​អន្តរជាតិ​ នៅ​ពេល​លោក ​Marco Rubio ​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​នោះ ​គោល​នយោបាយ​ការ​បរទេស​របស់​មហា​អំណាច​មួយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តោត​កាន់​តែខ្លាំង​លើ​ការ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ទីដែល​មេ​ដឹកនាំ​ប្រទេស​ខ្លះ​ស្និទ្ធ​នឹង​ចិន​ ក្នុង​នោះ​គឺ​កម្ពុជា។​

ដោយ​មើល​ឃើញ​ពី​ទំនាក់​ទំនង​សេដ្ឋកិច្ច ​និង​នយោបាយ​ដ៏​ស៊ី​ជម្រៅ​របស់​កម្ពុជា​ជាមួយ​ទីក្រុង​ប៉េកាំង​ នៅ​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ (Belt and Road Initiative ឬBRI)​ របស់​ប្រទេស​ចិន ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា ​ទំនាក់​ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​បន្ថែម។​

អ្នក​សិក្សា​ភូមិ​សាស្ត្រ​នយោបាយ​អន្តរជាតិ​លោក​ វណ្ណ ប៊ុនណា​ យល់​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​ក្នុង​រដ្ឋបាល​ដឹកនាំ​ទី២​របស់​លោក​Trump ​នឹង​មិន​មាន​អ្វី​ប្រែប្រួល​ជា​ដុំ​កំភួន​នោះ​ទេ ដោយ​សារ​តែ​គោល​នយោបាយ​ចម្បង​របស់​ប្រធានាធិបតី​រូប​នេះ​គឺ​ប្រយោជន៍​អាមេរិក។ ​ហើយ​បើ​និយាយ​ពី​ក្របខណ្ឌ​អាស៊ាន​វិញ​ ក្រោម​ការ​ដឹកនាំ​របស់​លោក ​Trump ​ អាមេរិក​ក៏មិន​យក​ចិត្ត​ទុក​ដាក់​ដែរ។​

លោក​បញ្ជាក់​ថា៖​ «ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា​ ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​សហ​រដ្ឋ​អាមេរិក​ក្នុង​សម័យ​របស់​លោក​ Donald Trump ​ រជ្ជកាល​ទី​២​របស់​គាត់​នេះ​ ​វា​មិន​មាន​អី​គួរ​ឲ្យ​កត់​សម្គាល់​ប៉ុន្មាន​ទេ។ ​ហើយ​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​រវាង​អាមេរិក​និង​ចិន​ ខ្ញុំ​មើល​ឃើញ​ថា​ វា​អាច​នឹង​មាន​ការ​កើន​កំដៅ​ជាពិសេស​ទាក់ទង​នឹង​រឿង​ពាណិជ្ជ​កម្ម​ និង​កម្ម​សិទ្ធិ​បញ្ញា​ ដែល​វា​អាច​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ភូមិ​សាស្ត្រ​នយោបាយ​ហ្នឹង​មាន​ឥទ្ធិពល​ឬ​ក៏​ប៉ះពាល់​កម្ពុជា​កាន់តែ​ខ្លាំង​ផង​ដែរ»។

បើ​តាម​អ្នក​ជំនាញ​រូប​នេះ​ រដ្ឋបាល​លោក​ Donald Trump ​នឹង​មិន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ល្អ​បាន​ទេ​ ដោយសារ​តែ​លោក​ខ្វល់​ខ្លាំង​តែ​នឹង​រឿង​ពាណិជ្ជ​កម្ម​និង​ការ​វិនិយោគ​ប៉ុណ្ណោះ។​

ចំណែក​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​លោក​ សេង វណ្ណលី ​ប្រាប់​វីអូអេ​ថា​ ក្រោម​អាណត្តិ​ដឹក​នាំ​ទី​២​របស់​លោក​ Donald Trump កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ច្រើន​ ដែល​អាមេរិក​នឹង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​មក​លើ​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «បើ​យើង​ក្រឡេក​មើល​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា​ទាំង​ស្ថានភាព​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​ និង​ការ​រឹតត្បិត​សកម្មភាព​សង្គម​ស៊ីវិល​អី​ជាដើម​នោះ​ ក៏​ដូច​ជា​ទំនាក់​ទំនង​កាន់​តែ​ជិត​ដិត​រវាង​កម្ពុជា​ជាមួយ​នឹង​ចិន​ ដែល​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ ខ្ញុំ​គិត​ថា ​អាណត្តិ​ទី​២​របស់​លោក​ Donald Trump ​នេះ​នឹង​កាន់តែ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​មក​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន»។​

ទោះ​យ៉ាង​ណា​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ ជុំ សន្ទរី​ លើក​ឡើង​ថា ​កម្ពុជា​ទន្ទឹង​រង់ចាំ​ការ​កសាង​វិថី​ការទូត​ថ្មី​ជា​មួយ​រដ្ឋបាល​សហ​រដ្ឋ​អាមេរិក​នា​ពេល​ខាង​មុខ​ ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ និង​ភាព​ជា​ដៃគូ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី។​

អ្នក​នាំពាក្យ​រូប​នេះ​ទទួល​ស្គាល់​ថា ​ប្រទេស​ទាំង​ពីរ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ទៅ​លើ​បញ្ហា​មួយ​ចំនួន ​ដូច​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក​បញ្ជាក់​ថា៖ «ជា​ការណ៍​ពិត​ ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ទស្សនៈ​ខុស​គ្នា​លើ​បញ្ហា​មួយ​ចំនួន​រួម​ទាំង​បញ្ហា​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស។ ​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​ផ្លាស់​ប្តូរ​ទស្សនៈ​ប្រកប​ដោយ​ភាព​ស្ថាបនា បាន​បង្កើត​បរិយាកាស​នៃ​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​លើ​ប្រធាន​បទ​នេះ ​និង​ចេតនា​រួម​គ្នា​មិន​អនុញ្ញាត​ឲ្យ​ភាព​ខុស​គ្នា​ទាំង​នេះ​រារាំង​ដល់​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ។​ ខ្ញុំ​មាន​ជំនឿ​ថា​ ប្រទេស​ទាំង​ពីរ​គួរ​តែ​បន្ត​និន្នាការ​នេះ ​ដើម្បី​ផល​ប្រយោជន៍​នៃ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ»។​

ក៏​ប៉ុន្តែ​ បើ​តាម​លោក ​អ៊ា សុផល ​ព្រឹទ្ធ​បុរស​រង​ជាន់​ខ្ពស់​ និង​ជា​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា​ Thunderbird School of Global Management ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona កម្ពុជា​ដែល​មាន​ទំនាក់​ទំនង​«ដែក​ថែប»​ជាមួយ​ចិន ​អាច​ប្រឈម​មុខ​នឹង​ការ​ត្រួត​ពិនិត្យ​កាន់តែ​ខ្លាំង​នៅ​ក្រោម​រដ្ឋបាល​លោក ​Trump។ ​លោក​បាន​បន្ថែម​ថា ​រដ្ឋា​ភិបាល​កម្ពុជា​គួរ​ផ្តល់​អាទិភាព​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​ទំនាក់​ទំនង​បរទេស​របស់​ខ្លួន ​ដើម្បី​បញ្ចៀស​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ទីក្រុង​ប៉េកាំង ​ហើយ​ពិចារណា​ជំហាន​នានា​ដើម្បី​កែ​លម្អ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​ និង​អភិបាល​កិច្ច​របស់​ខ្លួន។​

លោក​បញ្ជាក់​ថា៖​ «បញ្ហា​ទាំងនេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ឥទិ្ធពល​ដាក់​សម្ពាធ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន។ ការ​ទូត​សកម្ម​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ក៏​នឹង​មាន​ប្រយោជន៍​ផង​ដែរ»។​

នៅ​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក ​លោក ​Trump ​បាន​ព្យាយាម​ប្រើ​គោល​នយោបាយ​ការ​បរទេស​បែប​«គិត​ពី​ផល​ប្រយោជន៍​អាមេរិក​មុន​គេ‍»​ ហើយ​បទ​បញ្ជា​ប្រធានាធិបតី​មួយ​ដែល​លោក​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ ​គឺ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី ​លោក​ Marco Rubio ​ផ្ដោត​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទៅ​លើ​បេសក​កម្ម​មួយ​នេះ។​

បទ​បញ្ជា​នោះ​មាន​សេចក្ដី​ថា៖​ «ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ គោល​នយោបាយ​ការ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក​នឹង​ផ្ដោត​លើ​ផល​ប្រយោជន៍​របស់​អាមេរិក​ជា​ធំ​ ហើយ​នឹង​តែងតែ​គិត​ពី​ផល​ប្រយោជន៍​អាមេរិក​និង​ពលរដ្ឋ​អាមេរិក​មុន​គេ‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG