លោក Donald Trump ខាងគណបក្សសាធារណរដ្ឋនៅថ្ងៃចន្ទនេះបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់អាមេរិក ដោយអំពាវនាវឱ្យមាន«បដិវត្តន៍សុភវិនិច្ឆយ» ហើយសច្ចាថានឹងចេញបទបញ្ជាឆាប់រហ័សឱ្យមានការកែប្រែគោលនយោបាយ រួមបញ្ចូលទាំងការបញ្ជូនជនចំណាកស្រុកដែលកំពុងរស់នៅគ្មានឯកសារត្រឹមត្រូវរាប់លាននាក់នៅសហរដ្ឋអាមេរិកឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។
លោក Trump បានប្រកាសក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោកថា«យុគសម័យមាសរបស់អាមេរិកចាប់ផ្តើមហើយនៅពេលឥឡូវនេះ។ ចាប់ពីពេលនេះតទៅ ការចុះថមថយរបស់អាមេរិកលែងមានទៀតហើយ។ យើងនឹងដឹកនាំអាមេរិកឆ្ពោះទៅកាន់ជ័យជម្នះនិងជោគជ័យកម្រិតថ្មីមួយ។ គ្មានសុបិនណាដែលយើងមិនអាចសម្រេចបាននោះទេ។ យើងនឹងមិនរងការខូចខាត។ យើងនឹងមិនបរាជ័យនោះទេ»។
លោកបានថ្លែងប្រាប់ហ្វូងមនុស្សប្រមាណ៦០០នាក់នៅក្នុងសាលRotunda នៃវិមានសភាសហរដ្ឋអាមេរិកនិងមនុស្សរាប់លាននាក់ដែលទស្សនាតាមទូរទស្សន៍នៅទូទាំងប្រទេសថា៖«ខ្ញុំវិលត្រឡប់មកកាន់តំណែងប្រធានាធិបតីដោយភាពជឿជាក់និងសុទិដ្ឋិនិយមថា យើងនៅចំណុចចាប់ផ្តើមនៃសម័យដ៏អស្ចារ្យថ្មីមួយនៃជ័យជម្នះរបស់ជាតិយើង។ នឹងមានការផ្លាស់ប្តូរជាច្រើននៅក្នុងប្រទេសយើង»។
លោកបានថ្លែងថា៖«សាររបស់ខ្ញុំទៅកាន់ពលរដ្ឋអាមេរិកនៅថ្ងៃនេះគឺថា វាដល់ពេលហើយដែលយើងត្រូវធ្វើសកម្មភាពប្រកបដោយភាពអង់អាច ក្លាហាន ស្វាហាប់និងរឹងមាំជាថ្មីម្តងទៀតនៃអរិយធម៌ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ»។
លោក Trump អាយុ៧៨ឆ្នាំ គឺជាប្រធានាធិបតីទី៤៥ ហើយជាប្រធានាធិបតីទី២ បន្ទាប់ពីលោកអតីតប្រធានាធិបតី Grover Cleveland ក្នុងទសវត្សរ៍១៨៩០ ដែលបានកាន់តំណែងប្រធានាធិបតីនៅអាណត្តិទី២ប៉ុន្តែមិនជាប់គ្នា។ ការស្បថឡើងកាន់តំណែងរបស់លោក Trump មានន័យថា លោកប្រធានាធិបតី Joe Biden ចេញពីតំណែងជាប្រធានាធិបតីក្រោយកាន់តំណែងតែមួយអាណត្តិដែលមានរយៈពេល៤ឆ្នាំនៅសេតវិមាន។
ក្នុងសុន្ទរកថារបស់លោក លោក Trump បានប្តេជ្ញាធ្វើទៅតាមការសន្យារបស់លោកក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ ដោយលើកឡើងថាលោកបានឈ្នះការបោះឆ្នោតក្នុងរដ្ឋដែលប្រកួតប្រជែងខ្ពស់ទាំង៧ពេលលោកប្រកួតប្រជែងជាមួយអតីតអនុប្រធានាធិបតីអ្នកស្រី Kamala Harris។
លោក Trump បានថ្លែងថាលោកនឹង«ប្រកាសអាសន្នជាតិមួយ»ដើម្បីបិទព្រំដែនភាគនីរតីសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកសិកដើម្បីរារាំងលំហូរចូលនៃជនចំណាកស្រុករាប់ពាន់នាក់ដែលចង់ចូលក្នុងសហរដ្ឋអាមេរិក ដែលពួកគេភាគច្រើនចង់រត់គេចចេញពីភាពក្រីក្រ ឧក្រិដ្ឋកម្មនិងបញ្ហាអត់ការងារធ្វើនៅក្នុងប្រទេសនានានៅអាមេរិកកណ្តាលនិងប្រទេសដទៃទៀត។
លោកថាលោកនឹងប្រកាសចាត់ទុកមេគ្រឿងញៀនម៉ិកសិកជា «ភេរវជនបរទេស» ទោះលោកបានបាននិយាយថាលោកនឹងដោះស្រាយជាមួយពួកគេយ៉ាងដូចម្តេចនោះទេ។
ពាក់ព័ន្ធនឹងបញ្ហាក្នុងស្រុក លោកថាលោកនឹងប្រកាស«អាសន្នផ្នែកថាមពលជាតិ» ទោះជាផលិតកម្មមានកម្រិតខ្ពស់ជាងពេលណាៗទាំងអស់។
លោក Trump ថាលោកនឹងបញ្ចប់គោលនយោបាយលើកតម្កើងការផលិតនិងលក់រថយន្តអគ្គិសនី ខណៈកែសម្រួលគោលនយោបាយពាណិជ្ជកម្មអាមេរិក ដោយដាក់ពន្ធគយថ្មីទៅលើដៃគូពាណិជ្ជកម្ម ដែលគេរំពឹងថានឹងរួមមានការយកពន្ធលើប្រទេសកាណាដា ម៉ិកស៊ិកនិងចិន។
នៅក្នុងថ្ងៃដ៏មហាឡារិកនៅរដ្ឋធានីវ៉ាស៊ីនតោន លោក Trump អមដំណើរដោយភរិយារបស់លោកគឺលោកស្រី Melania អនុប្រធានាធិបតីជាប់ឆ្នោតលោក JD Vance និងក្រុមគ្រួសាររបស់ពួកគេ បានចាប់ផ្តើមថ្ងៃស្បថចូលកាន់តំណែងជាលើកទី២ ៨ឆ្នាំបន្ទាប់ពីការស្បថចូលកាន់តំណែងលើកទី១របស់លោក ដោយចូលរួមក្នុងពិធីតាមប្រពៃណីទំនៀមទម្លាប់មួយសម្រាប់ប្រធានាធិបតីជាប់ឆ្នោតនៅឯព្រះវិហារ St. John’s Episcopal ដែលស្ថិតនៅក្បែរសេតវិមាន។
ក្រោយមក លោក Trump បានឆ្ពោះទៅសេតវិមានក្នុងពិធីផឹកតែជាមួយនឹងប្រធានាធិបតីចប់អាណត្តិលោក Biden និងភរិយាប្រធានាធិបតីលោកស្រី Jill Biden មុននឹងឆ្ពោះទៅកាន់វិមានសភាសហរដ្ឋអាមេរិកដើម្បីចូលរួមពិធីស្បថចូលកាន់តំណែង។
លោក Trump គឺជាប្រធានាធិបតីចាស់បំផុតដែលស្បថចូលកាន់តំណែងជាប្រធានាធិបតី ដែលលោក Biden ពេលស្បថចូលកាន់តំណែងកាលពី៤ឆ្នាំមុនមានអាយុក្មេងជាងលោក Trump ៥ខែ។ លោក Vance អាយុ៤០ឆ្នាំ ដែលមុននេះលោកជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Ohio បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីទី៥០ និងជាអនុប្រធានាធិបតីក្មេងជាងគេទី៣ក្នុងប្រវត្តិសាស្ត្រ៕
វេទិកាបញ្ចេញមតិ