ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​មាន​អ្វី​បន្ទាប់​នៅក្នុង​ទំនាក់ទំនង​ចិន​និង​អាមេរិក​ក្រោម​រដ្ឋបាល​ទី២​របស់​លោក Trump?


រូបឯកសារ៖ ទង់ជាតិ​អាមេរិក និង​ចិន​គ្រវី​នៅ​ឧទ្យាន Genting Snow កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុង​ទីក្រុង Zhangjiakou ប្រទេស​ចិន។
រូបឯកសារ៖ ទង់ជាតិ​អាមេរិក និង​ចិន​គ្រវី​នៅ​ឧទ្យាន Genting Snow កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុង​ទីក្រុង Zhangjiakou ប្រទេស​ចិន។

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​មហាអំណាចកុម្មុយនិស្ត​ចិន​ ក្រោម​អាណត្តិ​ទីពីរ​របស់​លោកប្រធានា​ធិបតី​ Donald Trump ដែល​មាន​លោក Marco Rubio ជា​រដ្ឋ​មន្ត្រី​ការ​បរទេស ទំនង​ជាត្រូវ​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​រវាង​ប្រទេស​ទាំងពីរ។ ការ​ប្រជែង​នោះ​ ត្រូវ​អ្នកជំនាញ​វាយ​តម្លៃ​ថា នឹងជំរុញ​ដោយ​កត្តា​មនោគម​វិជ្ជា សេដ្ឋកិច្ច និង​ភូមិ​សាស្ត្រ​នយោបាយ​។

ព្រឹទ្ធ​ស​ភា​សហរដ្ឋអាមេរិក​បាន​អនុម័ត​តែង​តាំង​លោក Marco Rubio ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ដោយ​ផ្តល់ឲ្យ​លោកប្រធានាធិបតី Trump នូវសមាជិកដំបូង​នៃ​គណៈរដ្ឋមន្ត្រីរបស់​លោក​។ លោក Rubio ទទួលបានការ​យល់​ព្រមជាឯកច្ឆ័ន្ទ ដោយ​សំឡេង​៩៩ ទល់នឹង០។

ជំហរ​តឹង​រ៉ឹងរបស់លោក ​Rubio លើ​ប្រទេស​ចិន ដូចដែល​បានបង្ហាញ​ក្នុងអំឡុង​ពេលលោកកាន់​តំណែង​នៅ​ក្នុង​ព្រឹទ្ធសភា​ និង​កា​រដឹកនាំ​ក្នុងគណៈកម្មា​ធិការទំនាក់​ទំនងបរទេសសភា​ជាន់ខ្ពស់​មួយនេះអាច​ធ្វើឲ្យ​គោល​នយោបាយ​របស់សហរដ្ឋ​អាមេរិកកាន់​តែមោះ​មុត​ចំពោះ​ទី​ក្រុងប៉េកាំង។ លោក Rubio ​ត្រូវ​គេស្គាល់​ថា​ ជាអ្នកមាន​ជំហរ​ឥតញញើតក្នុង​ការ​តទល់នឹង​ប្រទេស​ចិន។​

​បើ​តាមការចុះផ្សាយ​របស់សារព័ត៌មាន ​Reuters លោក Rubio បានព្រមានថា សហរដ្ឋអាមេរិក​ត្រូវតែ​ផ្លាស់ប្តូរផ្លូវ ដើម្បី​ចៀសវាងការ​ពឹងផ្អែក​កាន់តែខ្លាំង​លើប្រទេសចិន ហើយបាន​សន្យា​ថា​នឹង​មានគោលន​យោបាយ​ការបរទេស​ដ៏រឹង​មាំ​ផ្តោតលើ​ផល​ប្រយោជន៍​របស់​អាមេរិក​។

លោក​ Rubio បាន​បញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍​របស់លោក​ចុះថ្ងៃទី​១៥ ខែមករា​ ឆ្នាំ​២០២៥​ថា​៖ «ក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump អាទិភាព​កំពូលរបស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​គឺ​ការ​ផ្តោត​លើ​សហរដ្ឋអាមេរិក។ ទិសដៅ​ដែល​លោក​បាន​ផ្តល់​ឲ្យ​សម្រាប់​ការ​អនុវត្ត​គោលនយោបាយ​ការបរទេស​របស់​យើង​គឺ​ច្បាស់​ណាស់។ រាល់ប្រាក់​ដុល្លារ​ដែលយើង​ចំណាយ រាល់កម្មវិធីដែលយើងផ្តល់មូលនិធិ រាល់គោល​នយោបាយ​ដែល​យើង​បន្ត​ត្រូវតែមានភាពត្រឹមត្រូវដោយស្រប​នឹង​សំណួរទាំងបី៖ តើវាធ្វើឲ្យអាមេរិកមានសុវត្ថិភាពទេ? តើវាធ្វើឲ្យអាមេរិករឹងមាំទេ? ឬថាតើនេះ​នឹងធ្វើ​ឲ្យ​អាមេរិក​កាន់តែ​រីកចម្រើន​ជាង​មុន​ទេ​?»។

លោក​ អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​ជាន់ខ្ពស់​ និង​ជា​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា​ Thunderbird School of Global Management ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល កាលពីថ្ងៃចន្ទ​ថា ​ការទប់​ទល់​នឹងប្រទេស​ចិន​នឹងនៅតែ​ជាសសរស្តម្ភ​កណ្តាល​នៃ​គោលន​យោបាយ​ការបរទេស​របស់លោក​ដូណាល់ ត្រាំ​ដែល​នេះអាច​រួមបញ្ចូល​ការពង្រឹង​ភាព​ជាដៃ​គូយោធា​នៅក្នុង​តំបន់ តាមរយៈ​គំនិតផ្តួចផ្តើម​ដូចជា Quad ការបង្កើនកិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្តាច់​ឥទ្ធិពល​សេដ្ឋកិច្ច និងការជំរុញ​សម្ពន្ធមិត្តរបស់​សហរដ្ឋអាមេរិក​នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​នឹងគំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន។

លោក​បន្ថែម​ថា​វិធីសាស្រ្តរបស់រដ្ឋបាល​ថ្មី​អាមេរិក​គឺ​ទំនងជា​មានការ​ប្រឈម​មុខដាក់​គ្នា ដោយ​សង្កត់ធ្ងន់​លើពន្ធគយ ការដា​ក់ទណ្ឌកម្ម និងការដាក់​ពង្រាយ​យោធាជាដើម។

សហរដ្ឋ​អាមេរិក និង​ចិន​ប្រឈមមុខ​ដាក់​គ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​យោធា ជាមួយ​នឹងជម្លោះ​លើពន្ធគយ កម្មសិទ្ធិបញ្ញា​ និង​ឥទ្ធិពល​យុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិក។ ការ​ព្រួយ​បារម្ភអំពី​សិទ្ធិមនុស្ស​នៅក្នុងខេត្ត Xinjiang ហុងកុង និង​តៃវ៉ាន់​ ធ្វើឲ្យ​ទំនាក់​ទំនង​កាន់តែ​តានតឹង រួម​ជាមួយ​នឹងភាពខុស​គ្នាខាង​មនោគមវិជ្ជា។

ប្រទេស​ទាំង​ពីរប្រកួត​ប្រជែ​ងក្នុង​អភិបាលកិច្ច​សកល​ អវកាស និងឥទ្ធិពល​ក្នុងតំបន់ ខណៈ ពេល​ដែលភាព​តានតឹង​លើសន្តិសុខ​តាមអ៊ីនធឺណិត និងកិច្ច​សហប្រ​តិបត្តិការ​អាកាសធាតុ​នៅតែបន្ត។

បើតាម​លោក អ៊ា សុផល​ កម្ពុជា​ដែលមាន​ទំនាក់ទំនង​«ដែកថែប​»ជាមួយ​ចិន អាច​ប្រឈមមុខ​នឹង​ការ​ត្រួតពិនិត្យ​កាន់តែ​ខ្លាំង​នៅក្រោម​រដ្ឋបាល​លោក Trump។ លោកបាន​បន្ថែម​ថា​រដ្ឋា​ភិបាល​កម្ពុជា​ គួរផ្តល់​អាទិភាព​ដល់​ការធ្វើ​ពិពិធកម្ម​ទំនាក់ទំនង​បរទេស​របស់ខ្លួន ដើម្បី​បញ្ចៀស​ការពឹ​ងផ្អែកខ្លាំង​លើទីក្រុង​ប៉េកាំង ហើយ​ពិចារណា​លើជំហាន​នានា​ដើម្បីកែលម្អ​កំណត់​ត្រា​សិទ្ធិមនុស្ស​ និង​អភិបាល​កិច្ចរបស់​ខ្លួន​។

លោក​បញ្ជាក់ថា​៖​ «បញ្ហា​ទាំងនេះ​អាចត្រូវ​បានប្រើ​ប្រាស់ជាឥទិ្ធពល​ដាក់សម្ពាធដោយ​ទីក្រុង​វ៉ាស៊ីន​តោន​។ ការទូត​សកម្ម​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាមួយ​សហរដ្ឋ​អាមេរិក​ក៏​នឹង​មាន​ប្រយោជន៍ផង​ដែរ​»។

អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា​លោក​ ប៉ែន បូណា​ មិន​ឆ្លើយបតប​នឹង​សំណួរ​វីអូអេ​ពាក់ព័ន្ធនឹង​ថា​តើកម្ពុជា​បារម្ភ​ពីប៉ះពាល់ទេ ​បើសិន​ជាអាមេរិក​និង​ចិន​ប្រកួតប្រជែង​គ្នា​កាន់​តែ​ខ្លាំង​ក្រោម​រដ្ឋបាល​ទីពីររបស់​លោក​ Trumpគ្រា​កម្ពុជា​មានទំនាក់ទំនង​ស្អិតរមួត​ជាមួយចិន​។

ទោះជាយ៉ាងណាក្តី​ភ្លាម​ៗក្រោយ​លោក​ដូណាល់ ត្រាំ ជាប់​ឆ្នោត នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត​ បាន​សរសេរ​លិខិត​មួយ​ចុះថ្ងៃទី​៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ ដោយ​លើក​ឡើងថា​ការត្រឡប់​មកវិញ​របស់លោកTrump ​គឺកើតឡើងក្នុង​ពេលវេលា​ដ៏សំខាន់​មិន​សម្រាប់​តែប្រជាជន​អាមេរិកទេ ប៉ុន្តែថែម​ទាំង​សម្រាប់​ពិភពលោក និងថាក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ តួនាទីដ៏មាន​សារៈសំខាន់​របស់​អាមេរិក​នៅក្នុងការ​រក្សា​ស្ថិរភាព សន្តិសុខ​ និងវិបុលភាព​ នឹង​ត្រូវ​បាន​ពង្រឹង​។

លោក​ ហ៊ុន ម៉ាណែត បាន​បញ្ជាក់នៅក្នុងលិខិត​នោះថា៖«យើង​ប្តេជ្ញាយ៉ាង​ពេញលេញ​ក្នុង​ការធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយរដ្ឋបាល​ដ៏គួរ​ឲ្យ​គោរព​របស់​អ្នក ដើម្បីលើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ដ៏ល្អរបស់​យើងដែល​មាន​ស្រាប់​ឲ្យកាន់​តែខ្ពស់ ហើយនឹង​ខិតខំប្រឹង​ប្រែងដើម្បី​ជំរុញ​ភាព​ជាដៃគូយុទ្ធសា​ស្ត្រគ្រប់​ជ្រុងជ្រោយ​អាស៊ាន-សហរដ្ឋ​អាមេរិក​ក្នុងអំឡុងពេល​ដែល​កម្ពុជា​កាន់​តំណែង​ជាអ្នក​សម្រប​សម្រួល​ប្រទេស​សម្រាប់​ទំនាក់ទំនង​ការសន្ទនា​អាស៊ាន-សហ​រដ្ឋ​អាមេរិក​»។

លោក​ត្រាំ​បាន​ប្រកាស​មុន​ចូលកាន់​តំណែង​ថា​ លោក​នឹង​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ ហើយ​និង​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ដោយ​សម្តៅ​ដល់​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​។ លោក​អះអាង​ថា រដ្ឋបាល​លោក​ក៏នឹង​រាំង​ខ្ទប់​មិន​ឲ្យមានការ​កើតឡើង​សង្គ្រាម​លោក​លើកទី​៣​ផងដែរ​។

ទោះជា​យ៉ាងណា​ក៏ដោយ​ បើតាម​ទីភ្នាក់​ងារ​ព័ត៌មាន Reuters​ រដ្ឋបាល​ថ្មី​នឹង​ប្រឈម​ជាមួយ​នឹង​ពិភពលោក​ដែល​កាន់​តែ​គ្រោះ​ថ្នាក់ និង​អសិ្ថរភាព​ជាង​មុន​ពេល​លោក​ Trump​ ចូលកាន់​តំណែង​ជា​ប្រធា​នា​ធិបតី​កាលពី​ឆ្នាំ ​២០១៧​ ខណៈ​សង្គ្រាមកាន់​តែ​ឆាបឆួល​ខ្លាំងនៅ​អ៊ុយក្រែន​ និង​មជ្ឈិមបូព៌ា​ប្រទេស​ ហើយ​ចិន​កំពុង​សម្របខ្លួន​កាន់​តែ​កៀក​នឹង​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​ គឺរុស្ស៊ី​ និង​អ៊ីរ៉ង់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG