អង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការ «សោកស្តាយ»ភ្លាមៗ ចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិមួយនេះ តាមរយៈបទបញ្ជារបស់លោក Donald Trump ដែលបានចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោក WHO លើកឡើងថា អង្គការសុខភាពពិភពលោក និងសហរដ្ឋអាមេរិកបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងបានការពារប្រជាជនអាមេរិក និងប្រជាជនទាំងអស់ពីការគំរាមកំហែងផ្នែកសុខភាពជាង ៧ទសវត្សរ៍ ដូច្នេះអាមេរិកអាចនឹងពិចារណាឡើងវិញលើការវិវឌ្ឍចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO នៅតែសង្ឃឹម ហើយនៅតែទន្ទឹងរង់ចាំការចូលរួមកិច្ចសន្ទនាក្នុងន័យស្ថាបនារបស់សហរដ្ឋអាមេរិក ដើម្បីរក្សាភាពជាដៃគូ និងដើម្បីជាប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។
ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនេះ ត្រូវបានអ្នកតាមដាននៅកម្ពុជាសម្តែងការភ្ញាក់ផ្អើល និងសោកស្តាយពីអវត្តមានរបស់អាមេរិកដែលជាប្រទេសមហាអំណាចដ៏ធំមួយលើពិភពលោក។
លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់វីអូអេតាមបណ្តាញសង្គម WhatsApp ជាសារអក្សរថា លោកសោកស្តាយចំពោះការដកខ្លួនរបស់អាមេរិកពីអង្គការ WHO។ ប៉ុន្តែលោកជឿជាក់ថា អង្គការ WHO នៅតែជាកន្លែងរឹងមាំក្នុងការផ្តល់ជំនួយគ្រប់ផ្នែកដល់បណ្តាប្រទេសទាំងអស់ ដូចជាប្រទេសកម្ពុជាផងដែរ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី លើកឡើងថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកទំនងជាអាមេរិកយល់ថា អង្គការសុខភាពពិភពលោកកំពុងមានបញ្ហាផ្ទៃក្នុង ខណៈលោកថាពីមួយឆ្នាំទៅមួយឆ្នាំ សហរដ្ឋអាមេរិកចំណាយថវិកាច្រើនទៅលើអង្គការមួយនេះ។ លោកថា អង្គការសុខភាពពិភពលោកនឹងជួប«ហានិភ័យ»នៅពេលដែលអាមេរិកដកខ្លួនចេញ។
លោកថ្លែងថា៖ «ជាយោបល់ខ្ញុំ បើសិនជាអាមេរិកដកខ្លួនយ៉ាងនេះ បានន័យថាអង្គការសុខភាពពិភពលោកអាចនិងមានផលវិបត្តិច្រើន ទី១។ ទី២អាចនឹងមានហានិភ័យទៅដល់សុខភាពពិភពលោក បើសិនជាមានផ្ទុះជំងឺឆ្លងផ្សេងៗ។ យើងដឹងស្រាប់ហើយ មានតែអាមេរិកទេដែលរកឃើញវ៉ាក់សាំងមុនគេ កូវីដហ្នឹង រហូតដល់បារាំងគាត់អត់ធ្វើទេ បារាំងឲ្យភ្នាក់ងារអ្នកប្រាជ្ញវេជ្ជសាស្រ្តទៅស៊ីឈ្នួលឲ្យខាងចិនវិញ»។
ទោះយ៉ាងណា ប្រធានសមាគមគ្រូពេទ្យគុណធម៌រូបនេះមានសុទិដ្ឋិនិយមថា ក្នុងស្ថានភាពនេះរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការបង្កើនការគិតគូរបន្ថែម លើកិច្ចការងារសុខាភិបាល ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ភ្ញាក់ផ្អើលចំពោះដំណឹងនៃការដកខ្លួនរបស់សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយពីអង្គការសុខាភាពពិភពលោក និងថា ការដកខ្លួននេះសហរដ្ឋអាមេរិកក៏មិនទាន់បញ្ជាក់ពីជំហរថា ខ្លួននឹងផ្តាច់ទំនាក់ទំនងផ្តល់ជំនួយដល់ប្រទេសណាមួយឡើយ។
លោកថ្លែងថា៖«ទោះបីជាអាមេរិកដកខ្លួនពី WHO ប៉ុន្តែអាមេរិកក៏ហាក់មិនទាន់ឃើញមានការប្រកាសណាមួយថា អាមេរិកផ្តាច់ទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃ ក្នុងការផ្តល់ជំនួយបច្ចេកទេសផ្សេងៗក៏ដូចជា ហិរញ្ញវត្ថុពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពនេះដែរបាទ។ ខ្ញុំសង្ឃឹមថា អាមេរិកនៅតែមានទំនាក់ទំនងរវាងប្រទេសនិងប្រទេស ជាងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយ WHO អ៊ីចឹងក៏មិនដឹង ឬអាចងាកមករកដៃគូជាក់លាក់រវាងប្រទេសនិងប្រទេស»។
លោកសង្ឃឹមថា កម្ពុជានឹងព្យាយាមធ្វើយ៉ាងណា ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ល្អប្រសើរដើម្បីទទួលបានការគាំទ្រ និងជំនួយបច្ចេកទេសផ្សេងៗពីភាគីអាមេរិក។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខភាព និងសន្តិសុខរបស់ប្រជាជនលើពិភពលោក រួមទាំងជនជាតិអាមេរិក ដោយការរកវិធីព្យាបាល និងរកឫសគល់នៃជំងឺ ការកសាងប្រព័ន្ធសុខភាពឲ្យកាន់តែរឹងមាំ និងការរកឃើញនូវការពារនិងឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាព រួមទាំងការផ្ទុះឡើងនៃជំងឺដែលជារឿយៗ នៅកន្លែងគ្រោះថ្នាក់ដែលអ្នកដទៃមិនអាចទៅបាន។
សហរដ្ឋអាមេរិកគឺជាសមាជិកស្ថាបនិករបស់ WHO តាំងពីឆ្នាំ ១៩៤៨ ហើយបានចូលរួមក្នុងការបង្កើត និងគ្រប់គ្រងការងាររបស់ WHO រួមជាមួយនឹងរដ្ឋសមាជិកចំនួន ១៩៣ ផ្សេងទៀត និងការចូលរួមយ៉ាងសកម្មនៅក្នុងសន្និបាតសុខភាពពិភពលោក និងក្រុមប្រឹក្សាប្រតិបត្តិ។ នេះបើតាម អង្គការសុខភាពពិភពលោក WHO៕
វេទិកាបញ្ចេញមតិ