ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចេញ​បទបញ្ជា​ប្រធានាធិបតី​ជា​ច្រើន រួម​ទាំ​​ងឱ្យ​ដក​​អាមេរិក​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក


លោក​ប្រធានាធិបតី Donald Trump ចុះហត្ថលេខា​លើ​បទបញ្ជា​ស្តីពី​ការដក​សហរដ្ឋ​អាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក​នៅក្នុង​ការិយាល័យ​រាងពង​ក្រពើ​នៅ​ក្នុង​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
លោក​ប្រធានាធិបតី Donald Trump ចុះហត្ថលេខា​លើ​បទបញ្ជា​ស្តីពី​ការដក​សហរដ្ឋ​អាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក​នៅក្នុង​ការិយាល័យ​រាងពង​ក្រពើ​នៅ​ក្នុង​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចេញ​បទបញ្ជា​ប្រធានាធិបតី​មួយ​ចំនួន​បន្ទាប់​ពី​លោក​បាន​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​រួម​មាន​ទាំង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​និង​ទីភ្នាក់ងារ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ និង​បញ្ជា​ឱ្យ​ផ្អាក​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិកផង​ដែរ។

បទបញ្ជា​ប្រធានាធិបតី​មួយ​ចំនួន​ផ្ដោត​លើ​អន្តោប្រវេសន៍ ដូចជា​ប្រកាស​អាសន្ន​ចំពោះ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក​ បញ្ចប់​ការ​ផ្ដល់​សិទ្ធិជ្រកកោន និង​ផ្អាក​ការ​ផ្ដល់​សញ្ជាតិ​ដល់​ទារក​ដែល​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ​

លោក Trump ក៏​បាន​បញ្ជា​ឱ្យ​ត្រួតពិនិត្យ«ឱ្យ​ដល់​កម្រិត​ខ្ពស់​បំផុត​តាម​តែ​អាច​ធ្វើ​បាន‍»​ចំពោះ​អ្នក​ដែល​ចង់​ចូល​មក​សហរដ្ឋ​អាមេរិក និង​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំណត់​នូវ​អត្តសញ្ញាណ​ប្រទេស​ណា​ដែល​អាច​មាន​ដំណើរការ​ត្រួត​ពិនិត្យ​មិន​គ្រប់គ្រាន់​ ដើម្បី​ហាមឃាត់​ពលរដ្ឋ​ពី​ប្រទេស​ទាំង​នោះ​មិន​ឱ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។ ​

នៅ​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក លោក Trump បាន​ព្យាយាម​ប្រើ​គោលនយោបាយ​ការបរទេស​បែប «​គិត​ពី​ផល​ប្រយោជន៍​អាមេរិក​មុន​គេ‍» ហើយ​បទបញ្ជា​ប្រធានាធិបតី​មួយ​ដែល​លោក​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ គឺ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​ថ្មី ​លោក Marco Rubio ផ្ដោតកិច្ចប្រឹងប្រែង​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទៅ​លើ​បេសកកម្ម​មួយ​នេះ។

បទបញ្ជា​នោះ​មាន​សេចក្ដីថា៖ «ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​នឹង​ផ្ដោត​លើ​ផល​ប្រយោជន៍​របស់​អាមេរិក​ជា​ធំ ហើយ​នឹងតែងតែ​យក​គិត​ពី​ផល​ប្រយោជន៍​អាមេរិក​និង​ពលរដ្ឋ​អាមេរិក​មុន​គេ‍»។​

លោកTrump បាន​បញ្ជា​ឱ្យ​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ដែល​នេះ​គឺ​ជា​រឿង​ដែល​លោក​ធ្លាប់​ធ្វើ​ម្ដង​រួច​ទៅ​ហើយ​នៅ​ក្នុង​អាណត្តិ​ទីមួយ​ជា​ប្រធានាធិបតី​របស់​លោក។ លោក ​Trump ថ្លែង​ថា សហរដ្ឋ​អាមេរិក មាន​ប្រវត្តិ​«សម្រេច​បាន​ទាំង​គោលដៅ​សេដ្ឋកិច្ច​និង​បរិស្ថាន‍» ដែល​គួរ​តែ​ជា​គំរូ​សម្រាប់​ប្រទេស​ដទៃទៀត៕

XS
SM
MD
LG