សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឲ្យមានហានិភ័យដល់ការតភ្ចាប់ផ្លូវរថភ្លើងរបស់ចិនទៅកាន់ទ្វីបអឺរ៉ុបពីព្រោះតែផ្លូវតភ្ចាប់នានាភាគច្រើនតាមរយៈប្រទេសរុស្ស៊ី។ សង្គ្រោមនេះ ក៏អាចចោទជាសំណួរមួយចំនួនផងដែរអំពីអនាគតនៃគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI) សម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជាច្រើន។
អ្នកវិភាគមួយចំនួននិយាយថា បើទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ ក៏ប្រទេសចិននិងអ៊ុយក្រែន នឹងមិនទាន់ចាប់អារម្មណ៍ក្នុងការបន្តគម្រោងកម្មវិធីពាណិជ្ជកម្មនេះឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។
លោក Jacob Mardell ជាអ្នកស្រាវជ្រាវស្តីពីហេដ្ឋារចនាសម្ព័ន្ធសាកលនិងគោលនយោបាយការបរទេសចិននៃវិទ្យាស្ថាន Mercator សម្រាប់ការសិក្សាពីប្រទេសចិន បានប្រាប់វីអូអេថា៖ «គម្រោង BRI របស់ចិនក្នុងប្រទេសអ៊ុយក្រែន នឹងមិនត្រូវបានលើកមកពិភាក្សាគ្នានោះទេ។ ចិនអាចមិនចាប់អារម្មណ៍ក្នុងការបន្តគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនដែលមានសេដ្ឋកិច្ចខ្ទេចខ្ទាំយ៉ាងខ្លាំងនោះ»។
គម្រោង BRI របស់ចិនជាគម្រោងកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយក្នុងពិភពលោក ដោយមានគម្រោងនៅក្នុងប្រទេសជាច្រើននៅទ្វីបអឺរ៉ុប អាស៊ីនិងអាហ្វ្រិក។ ចិនត្រូវបានគេប៉ាន់ស្មានថា បានចំណាយទុនវិនិយោគលើគម្រោងនេះក្នុងទឹកប្រាក់ប្រមាណ៥៩,៥ពាន់លានដុល្លារអាមេរិកគ្រាន់តែឆ្នាំទៅមួយប៉ុណ្ណោះ ហើយបានចំណាយទឹកប្រាក់អស់ប្រមាណជាង៨០០ពាន់លានដុល្លារអាមេរិកចាប់តាំងពីគម្រោងនេះចាប់ផ្តើមបើកឡើងក្នុងឆ្នាំ២០១៣មក។
គ្រាន់តែមួយសប្តាហ៍មុនសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈនោះ បារាំងបានយល់ព្រមជាមួយចិនសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធរួមគ្នាមួយដែលមានទឹកប្រាក់ប្រមាណ១,៧ ពាន់លានដុល្លារនៅទ្វីបអាហ្រ្វិក តំបន់អាស៊ីអាគ្នេយ៍និងអឺរ៉ុបខាងកើត។ ផែនការនេះអាចទទួលរងការប៉ះពាល់ ខណៈពេលដែលប្រទេសលោកខាងលិចមានការខឹងសម្បាលើប្រទេសរុស្ស៊ីដែលអាចជះឥទ្ធិពលមួយចំនួនដល់ចិនដែលត្រូវបានប្រទេសខ្លះមើលឃើញថា ជាអ្នកគាំទ្រដ៏ស្ងាត់ស្ងៀមដល់រដ្ឋាភិបាលក្រុងមូស្គូ។
ដោយប្រឈមបញ្ហានៅក្នុងតំបន់អឺរ៉ុប ចិនអាចផ្តោតលើរបៀងតំបន់អាស៊ីកណ្តាលនិងខាងលិចនៃ គម្រោង BRI ដែលភ្ជាប់គម្រោងនេះ ជាមួយប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តួកគីនិងប្រទេសផ្សេងទៀត។ គំនិតនេះ នឹងធ្វើឱ្យការនាំចេញទំនិញរបស់ចិនកាន់តែច្រើនឡើងកាត់តាមប្រទេសនានានៅតំបន់អាស៊ីកណ្តាល តំបន់កាស៉្បេន អ៊ីរ៉ង់និងតួកគី៕
សង្គ្រាមនៅអ៊ុយក្រែនអាចប៉ះពាល់គម្រោងផ្លូវរថភ្លើងរបស់ចិនទៅកាន់ទ្វីបអឺរ៉ុប
ញូវដែលី —