ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​កំពុង​សិក្សា​យុទ្ធសាស្ត្រ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ប្រជាជន​​​អ៊ុយក្រែន និងតៃវ៉ាន់ ចូលរួមក្នុង​ពិធី​បួងសួង​សុំ​ឲ្យចប់សង្គ្រាម​​​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​​ដែលបានធ្វើឡើង​នៅក្នុង​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​២០២២។
រូបឯកសារ៖ ប្រជាជន​​​អ៊ុយក្រែន និងតៃវ៉ាន់ ចូលរួមក្នុង​ពិធី​បួងសួង​សុំ​ឲ្យចប់សង្គ្រាម​​​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​​ដែលបានធ្វើឡើង​នៅក្នុង​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​២០២២។

ក្រសួង​ការ​ពារ​ជាតិ​កោះ​តៃវ៉ាន់ បាន​បង្កើត​ក្រុមការងារមួយ​ ដើម្បី​សិក្សា​អំពី​យុទ្ធសាស្ត្រ​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​ក្នុង​នោះរួម​មាន​វិធីដែល​ប្រទេស​នេះ​ អាច​ទប់ទល់​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​ ​ ហើយ​ក៏បាន​ពិភាក្សា​ជុំវិញ​បញ្ហា​នេះ​ ជា​មួយសហរដ្ឋអាមេរិក​ផង​ដែរ​។​ នេះ ​បើតាម​ការលើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កោះ​តៃវ៉ាន់​ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​កោះតៃវ៉ាន់ ដែល​ត្រូវ​បាន​ប្រទេស​ចិនអះ​អាង​ថា​ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ​ បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​របស់​ខ្លួន​ ចាប់​តាំង​ពី​កង​កម្លាំង​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក​ ដោយ​ខ្លួន​បារម្ភ​ថា​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង អាចចាត់​វិធានការ​ប្រហាក់​ប្រហែល​នឹង​រុស្ស៊ី​ដែរ​ ទៅ​លើ​ដែនកោះ​របស់​ខ្លួន ទោះ​បី​ជាកោះតៃវ៉ាន់​ មិន​បានបង្ហាញ​ពីសញ្ញា​ណា​មួយដែល​ថា​ រឿង​នេះ ​នឹង​កើត​មាន​ឡើង​ក៏ដោយ។​

​ផល​ប៉ះពាល់ពីស​ង្គ្រាមដែលអាច​កើត​ពីកម្លាំង​យោធា​របស់​ចិនទៅ​លើ​កោះតៃវ៉ាន់​ និង​របៀបដែល​ចិន​អាច​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ដែន​កោះ​មួយ​នេះ​ កំពុង​ត្រូវ​បានពិភាក្សា​គ្នា​យ៉ាង​ទូលំទូលាយ​ នៅ​ក្នុង​ចំណោមមជ្ឈដ្ឋាន​ផ្លូវ​ការក្នុង​ទីក្រុង​តៃប៉ិ។ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅកិច្ច​ប្រជុំ​សភា​តៃវ៉ាន់​នោះ​ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​ លោក​ Chiu Kuo-cheng ​និយាយ​ថា តៃវ៉ាន់ បាន​ទាក់ទងជា​មួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ អំពី​យុទ្ធសាស្ត្រ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​បាន​បង្កើត​ក្រុមការងារមួយ​របស់​ខ្លួន​ ដើម្បី​សិក្សា​អំពី​សង្គ្រាម​នោះ។

​រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​រូប​នេះ​បន្ត​ទៀត​ថា ប្រធានបទមួយ​ចំនួន​ ដែល​កោះ​តៃវ៉ាន់​កំពុង​តាម​ដាន​នោះ​ គឺ​រួមមានភាព​ទន់​ខ្សោយ​របស់​កងកម្លាំង​រស្ស៊ី​ ​និង​ការ​តស៊ូ​របស់​កងកម្លាំង​អ៊ុយក្រែនជា​ដើម​។​

​លោក​បន្ថែម​ទៀត​ថា​ «​កោះ​តៃវ៉ាន់​ មិន​គ្រាន់​តែ​ពិភាក្សាក្នុង​កិច្ចប្រជុំ​ជា​មួយ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​បានពិភាក្សា​ផង​ដែរ​ជា​មួយបណ្តា​ប្រទេស​មួយ​ចំនួន​ ដែលមាន​ទំនាក់ទំនង​ជា​ប្រចាំ​ជា​មួយ​កោះ​តៃវ៉ាន់​នោះ។ នេះ​បើតាម​ការ​លើក​ឡើង​របស់រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​តៃវ៉ាន់រូប​នេះ​ ដោយមិនបរិយាយលម្អិត​បន្ថែម។

លោកថា​ ក្រុម​សិក្សារបស់​តៃវ៉ាន់​ទៅ​លើ​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ក៏​រួម​មាន ក្រុមបញ្ញវន្ត​មក​ពី​សាកលវិទ្យាល័យ​ការពារ​ជាតិតៃវ៉ាន់​ផង​ដែរ។​ ​

លោក​បន្ថែម​ទៀត​ថា​ «បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ យើង​មិន​រួសរាន់​ក្នុង​ការ​ថ្លែង​សារ​ណា​មួយ​នោះ​ឡើយ​ ប៉ុន្តែតាម​រយៈការ​ពិភាក្សា​ផ្ទៃក្នុងរបស់​យើង​ ដែល​មាន​សារៈសំខាន់ ដើម្បី​ទទួល​បាន​លទ្ធផល​មួយ ដែលអាច​ជួយ​ដល់​ការបង្កើត​គ្រឿង​សព្វាវុធ​ បរិក្ខាយោធា​ និង​ការ​រៀប​ចំសម្រាប់​ការ​ធ្វើ​សង្គ្រាម»។

កោះតៃវ៉ាន់​មានកម្លាំង​ទ័ពអាកាស​ជា​ច្រើន​ ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ និង​កំពុង​អភិវឌ្ឍន៍​សមត្ថភាពកាំជ្រួមីស៊ីលដ៏​ខ្លាំង​របស់​ខ្លួន​ផង​ដែរ។​

ប្រទេស​ចិន​ បាន​បង្កើន​ការដាក់​សម្ពាធ​លើ​ដែនកោះ​តៃវ៉ាន់​ អស់​រយៈ​ពេល​ជាង២​ឆ្នាំ​មក​ហើយ។​

តៃវ៉ាន់​បាន​បដិសេធ​ការ​ទាម​ទារ​បូរណភាព​ទឹក​ដី​របស់​ចិន​ដីគោក​ ដោយ​និយាយ​ថា​ មាន​តែ​ប្រជាជន​កោះតៃវ៉ាន់​ប៉ុណ្ណោះ​ ដែល​អាច​សម្រេច​នូវ​អនាគត​របស់​ខ្លួន​បាន៕

XS
SM
MD
LG