ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាន«ផ្លាស់ប្តូរទស្សនៈប្រកបដោយភាពស្មោះត្រង់»ស្តីពីវិបត្តិអ៊ុយក្រែននៅឯជំនួបកំពូលតាមអនឡាញកាលពីថ្ងៃចន្ទម្សិលមិញ ក៏ប៉ុន្តែសហរដ្ឋអាមេរិកហាក់ដូចជាបានបង្ហាញឲ្យឃើញនូវភាពការជឿនលឿនតិចតួចប៉ុណ្ណោះ ក្នុងការបញ្ចុះបញ្ចូលឥណ្ឌាឲ្យងាកចេញពីជំហរអព្យាក្រឹត្យរបស់ខ្លួនទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
«វាមានសារៈសំខាន់ដែលប្រទេសទាំងអស់ ជាពិសេស ប្រទេសដែលមានឥទ្ធិពលដាក់ការ គាបសង្កត់លើលោក Putin ឲ្យបញ្ចប់សង្គ្រាមនោះ»។ នេះបើតាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenដែលបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជំនួបកំពូលតាមអនឡាញរបស់មេដឹកនាំប្រទេសទាំងពីរ ហើយលោកក៏បានជួបដោយផ្ទាល់ជាមួយជាមួយសមភាគីឥណ្ឌារបស់លោក និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង២ផងដែរ។
«វាក៏មានសារៈសំខាន់ដែលប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ រួបរួមគ្នាហើយនិយាយក្នុងសំឡេងតែមួយដើម្បីការពារតម្លៃដែលយើងមាន។ លោក Blinken បានថ្លែងដូច្នេះបន្ទាប់ ពីត្រូវបានពណ៌នាដោយមន្ត្រីម្នាក់របស់សហរដ្ឋអាមេរិកថា «ប្រកបដោយភាពកក់ក្តៅនិងផ្លែផ្កា» នោះ។
លោកប្រធានាធិបតី Biden មិនបានទាមទារឥណ្ឌាដែលជាសម្ពន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងផែនការរបស់សហរដ្ឋអាមេរិកឲ្យរាំងខ្ទប់អំណាចដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទេ ហើយមិនមានការចង្អុលបង្ហាញពីការជឿនលឿនដុំកំភួនឆ្ពោះទៅកាន់គោលជំហររួបរួមគ្នាស្តីពីជម្លោះប្រទេសអ៊ុយក្រែនទេ។
ក៏ប៉ុន្តែ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា លោកប្រធានាធិបតី Biden «បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកមិនជឿថា វាជាផលប្រយោជន៍ឥណ្ឌាដើម្បីបង្កើនការនាំចូលថាមពលនិងរបស់របរផ្សេងទៀតពីរុស្ស៊ីនោះឡើយ»។
លោក Modi មានការប្រុងប្រយ័ត្នរវាងការរក្សាទំនាក់ទំនងជាមួយប្រទេសលោកខាងលិចនិងបញ្ចៀសការបំផ្លាញប្រទេសរុស្ស៊ី ក៏ប៉ុន្តែបានបង្កើនការព្រួយកង្វល់ក្នុងរដ្ឋធានីវ៉ាស៊ីនតោនពីការបន្តទិញប្រេងរបស់រុស្ស៊ី។
នៅក្នុងការពិភាក្សារបស់លោកជាមួយលោក Biden លោក Modi គ្រាន់តែនិយាយថា ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននោះ «ជាការព្រួយបារម្ភបំផុត» ហើយបានអំពាវនាវនូវការគាំទ្ររបស់លោកឲ្យមានការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថាជាការមន្ទិលសង្ស័យ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar បានបង្ហាញការអាក់អន់ស្រពន់ចិត្តនៅពេលដែលលោកបានប្រាប់ពួកអ្នកយកព័ត៌មានអំពីការជំរុញរបស់លោកប្រធានាធិបតី Biden ឲ្យកាត់ផ្តាច់ការនាំចូលថាមពលពីប្រទេសរុស្ស៊ីថា «ការទិញទាំងអស់របស់យើងក្នុងរយៈពេលមួយខែ មានចំនួនតិចជាងអ្វីដែលអឺរ៉ុប បានទិញក្នុងរយៈពេលកន្លះថ្ងៃប៉ុណ្ណោះ»។
លោកប្រធានាធិបតី Biden បានដាក់សម្ពាធពួកមេដឹកនាំពិភពលោកឲ្យប្រកាន់នយោបាយតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ថ្វីបើមន្ត្រីសហរដ្ឋអាមេរិក និយាយថា មិនមានការសុំពិតប្រាកដនិងចម្លើយជាក់លាក់ស្តីពីការនាំចូលថាមពលនោះក៏ដោយ៕