សេតវិមានបានបញ្ជាក់ឡើងវិញនូវសេចក្តីថ្លែងការណ៍ដ៏ភ្ញាក់ផ្អើលមួយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតី Biden ក៏បានប្រកាសដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនអាវុធគ្រាប់រំសេវនិងជំនួយផ្សេងៗទៀត ដែលមានតម្លៃជាទឹកប្រាក់ចំនួន៨០០លានដុល្លារទៅឲ្យអ៊ុយក្រែន។
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បាននិយាយដោយយោងទៅលើអំពើប្រល័យពូជសាសន៍ថា៖ «លោកប្រធានាធិបតី បានថ្លែងអំពីអ្វីដែលយើងទាំងអស់គ្នាមើលឃើញ អំពីអ្វីដែលលោកគិតថា ជាការពិតច្បាស់នៅពេលដែលអំពើព្រៃផ្សៃកើតមានឡើងនៅទីកន្លែងក្នុងប្រទេសអ៊ុយក្រែននោះ»។
លោកស្រីបានបន្តទៀតថា៖ « ដោយមិនគិតពីអ្វីដែលលោកប្រធានាធិបតីបានហៅនោះ អ្វីដែលជាគោលបំណងរបស់យើងនៅពេលឥឡូវនេះ គឺភ័ស្តុតាងនៃកម្មវិធីជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលយើងបានផ្តល់ឲ្យនៅថ្ងៃនេះ ដែលជាការបន្តជួយដល់ប្រជាពលរដ្ឋអ៊ុយក្រែននៅក្នុងសង្គ្រាមនេះ ជាទីកន្លែងដែលយើងឃើញអំពើព្រៃផ្សៃដែលបានកើតមានឡើងជារៀងរាល់ថ្ងៃនោះ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានច្រានចោលការពណ៌នារបស់លោក Biden ដោយនិយាយថា៖ « យើងចាត់ទុកការលើកឡើងបែបនេះ គឺដើម្បីបង្វែរស្ថានការណ៍ និងមិនអាចទទួលយកបាននោះឡើយ។ ការពណ៌នានេះជាការពិបាកទទួលយកបាន ពីព្រោះវាត្រូវបានធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាប្រទេសមួយដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ល្បីល្បាញនៅពេលថ្មីៗនេះ»។
លោកប្រធានាធិបតី Biden បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ពីការដឹកជញ្ជូនថ្មីៗនៅក្នុងការសន្ទនាតាមទូរស័ព្ទ ដែលមានរយៈពេលមួយម៉ោងកាលពីថ្ងៃពុធម្សិលមិញ។ ក្រោយមក លោកប្រធានាធិបតី Biden ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យោធាអ៊ុយក្រែនបានប្រើប្រាស់អាវុធដែលយើងកំពុងផ្តល់ឲ្យប្រកបដោយប្រសិទ្ធភាព។ សហរដ្ឋអាមេរិក នឹងបន្តផ្តល់ឲ្យអ៊ុយក្រែននូវសមត្ថភាពដើម្បីការពារខ្លួនឯង»។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អាវុធថ្មីទាំងនោះ រួមមានកាំជ្រួចមីស៊ីល Javelin ចំនួន៥០០ដើម យន្តហោះដ្រូន Switchblade ចំនួន៣០០គ្រឿង រថពាសដែក៣០០ គ្រឿង ឧទ្ធម្ភាគចក្រ១១គ្រឿង ប្រដាប់ការពារអាវុធគីមី ជីវសាស្ត្រនិងនុយក្លេអ៊ែរ ព្រមទាំងអាវនិងមួកការពារគ្រាប់ចំនួន៣ម៉ឺនសម្រាប់ផងដែរ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters
វ៉ាស៊ីនតោន —