ជម្លោះពាណិជ្ជកម្មកាន់តែធំរវាងចិន និងសហរដ្ឋអាមេរិកនឹងជួយឱ្យវៀតណាមអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនចិន ប៉ុន្តែក៏ធ្វើឱ្យប្រទេសនេះមានគ្រោះថ្នាក់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកវិភាគ។
លោក Dustin Daugherty នៃក្រុមប្រឹក្សាយោបល់ពាណិជ្ជកម្ម Denzan Shira & Associates បានលើកឡើងថា ក្រុមអ្នកនាំចេញជាច្រើនរបស់វៀតណាមដែលដឹកទំនិញទៅសហរដ្ឋអាមេរិកអាចនឹងសន្សំប្រាក់បានច្រើនបើប្រៀបធៀបនឹងក្រុមហ៊ុនចិន ប្រសិនបើមិនមានការដំឡើងពន្ធគយពីសហរដ្ឋអាមេរិកទេ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយនៅខែនេះថា សហរដ្ឋអាមេរិកនឹងរៀបចំតារាងពន្ធគយមួយដែលនឹងដំឡើងពន្ធលើការនាំចូលទំនិញចិនរហូតដល់៦០ពាន់លាន។
ប៉ុន្តែក្រុមហ៊ុនចិនអាចនឹងសម្រុកទៅប្រទេសវៀតណាមដោយយកវត្ថុធាតុដើមទៅផលិតនៅ ទីនោះ ក្នុងខណៈពេលដែលការប្រែប្រួលទីផ្សារពិភពលោកបង្កឡើងដោយជម្លោះពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកអាចរាំងស្ទះពាណិជ្ជកម្មរបស់ប្រទេសនេះបាន។ នេះបើតាមការបញ្ជាក់របស់លោកC arl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី៕