មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងពួកមេដឹកនាំអឺរ៉ុបកាលពីថ្ងៃពុធបានប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលមានគម្រោងយកពន្ធលើការនាំចូលដែកនិងអាលុយមីញ៉ូម ដោយពួកគេបាននិយាយថាការណ៍នេះនឹងបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មសកលលោកដ៏អាក្រក់មួយ។
នាយិកា IMF លោកស្រី Christine Lagarde បានប្រាប់ស្ថានីយវិទ្យុអឺរ៉ុបមួយថា«ប្រសិនបើពាណិជ្ជកម្មអន្តរជាតិត្រូវបានដោះស្រាយដោយមធ្យោបាយបែបនេះ វានឹងធ្វើឲ្យធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយនេះគឺជារឿងដែលគួរឲ្យភ័យខ្លាច។ នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយការបង្កើនពន្ធលើទំនិញនោះ គឺគ្មានអ្នកណាជាអ្នកឈ្នះឡើយ»។
លោកស្រី Lagarde បានថ្លែងបន្ថែមទៀតថា IMF មិនចង់ឲ្យសហរដ្ឋអាមេរិកបង្កើនពន្ធនាំចូល ហើយយើងកំពុងជំរុញឲ្យភាគីនានាព្រមព្រៀងគ្នា ចរចាគ្នា និងប្រជុំពិភាក្សាគ្នា»។
លោក Trump កាលពីសប្តាហ៍មុនបានប្រកាសថាសង្គ្រាមពាណិជ្ជកម្ម «គឺជាការណ៍មួយដែលល្អ និងងាយស្រួលទទួលជ័យជម្នះ» បន្ទាប់ពីលោកបានប្រកាសពីផែនការយកពន្ធ២៥ភាគរយលើការនាំចូលដែក និង១០ភាគរយលើការនាំចូលអាលុយមីញ៉ូម
ចូលក្នុងសហរដ្ឋអាមេរិក។ សំណើនេះបានបង្កឲ្យមានការរិះគន់ជាខ្លាំងពីសមាជិកសភាខាងគណបក្សសាធារណរដ្ឋរបស់លោក និងប្រទេសជាមិត្តរបស់អាមេរិក ប៉ុន្តែនាំឲ្យមានការគាំទ្រពីសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យមួយចំនួននៅក្នុងរដ្ឋដែលមានរោងចក្រផលិតដែក ដែលឧស្សាហកម្មរបស់ពួកគេអាចត្រូវបានការពារដោយការយកពន្ធនេះ។
លោក Donald Tusk នាយកក្រុមប្រឹក្សាអឺរ៉ុបបានរិះគន់លើការលើកឡើងរបស់លោក Trump ទាក់ទិននឹងជម្លោះពាណិជ្ជកម្មដោយលោកបាននិយាយថា «ការពិតគឺផ្ទុយពីអ្វីដែលលោក Trump បានលើកឡើង។ សង្គ្រាមពាណិជ្ជកម្មគឺជារឿងអាក្រក់ និងងាយស្រួលចុះចាញ់។ ដោយសារហេតុផលនេះ ខ្ញុំជឿជាក់យ៉ាងម៉ុតមាំថាពេលនេះគឺជាពេលដែលអ្នកនយោបាយទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិចចាត់វិធានការណ៍ដោយការទទួលខុសត្រូវ»៕