ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចូលចិត្ត​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក ​ថ្វីបើ​មាន​ជម្លោះខាង​​ពាណិជ្ជ​កម្ម​ក៏​ដោយ


លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang (រូប​ស្តាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang (រូប​ស្តាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

ខណៈ​ដែល​ចិន​ និង​សហរដ្ឋ​អាមេរិក​ហាក់​ដូចជា​នឹង​ធ្វើ​ការ​ចរចា​នៅ​ក្នុងការ​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​ក៏ដោយ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​មិន​ទំនង​បន្ទន់​ចិត្ត​នៅ​ក្នុង​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដើម្បី​បញ្ឈប់​បច្ចេកវិទ្យា​ជឿន​លឿន​មិន​ឲ្យ​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ចិន​ទេ។

លោក Alex Capri ជា​អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ខាង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​សិង្ហបុរី​បាន​និយាយថា «ខ្ញុំ​គិតថា ​មាន​ការ​មូល​មតិ​កាន់​តែ​ ច្រើ​ន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថា ​គេ​ត្រូវ​តែ​រារាំងក្រុម​ហ៊ុន​ចិន​មិន​ឲ្យ​ទទួល​បានប្រភេទ​បច្ចេកវិទ្យា​ខ្លះ​ពី​សហរដ្ឋ​អាមេរិក‍»។ ​

​ចិន​បានធ្វើ​បញ្ជី​ឈ្មោះ​ផលិតផល​សហរដ្ឋ​អាមេរិក​ដែល​ខ្លួន​បាន​ដៅ​លើ​ដែល​ជា​ផ្នែក​មួយ​នៃចំណាត់​ការ​សងសឹក​ប្រឆាំង​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ដើម្បី​ដំឡើង​ពន្ធគយ​លើ​ផលិតផល​របស់​ចិន។ ក៏ប៉ុន្តែ ចិន​បាន​រក្សា​ការ​ស្ងៀម​ស្ងាត់​អំពីការ​រឹតត្បិត​ក្រុមហ៊ុន​បច្ចេកវិទ្យា។

សហ​ភាព​អឺរ៉ុប ​កំពុង​ពិចារណា​ច្បាប់​រួច​ហើយ​ដែល​នឹង​ពិនិត្យ​ឆែកឆេរ​ និង​រារាំង​ចិន​ដែល​ទិញ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ដើម្បី​គោលបំណង​ទទួល​បាន​បច្ចេក​វិទ្យា​ថ្មី។ ចិនព្រួយ​បារម្ភថា ចំណាត់​ការ​ណាមួយ​របស់​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​នយោ​បាយ​អឺរ៉ុប​ហ៊ាន ​និងប្រញាប់​ប្រញាល់​ដំណើរ​ការ​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​ហ៊ុន​ចិនទទួល​បាន​បច្ចេក​វិទ្យា។

​លោក Capri បាន​និយាយថា «ខ្ញុំ​ដឹងថា នេះ​មិន​មែន​ជា​ការ​ប្លែក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ។ ​ខ្ញុំ​គិតថា ​មាន​ប្រទេសផ្សេងៗ​នៅ​អឺរ៉ុប ​អូស្ត្រាលី។​ ខ្ញុំ​រំពឹង​ថា ​នឹង​ឃើញ​មាន​ការ​ជ្រៀត​ជ្រែក​កាន់​តែ​ខ្លាំង​ឡើង មានការ​រារាំង​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​កុំ​ឲ្យ​ទទួល​បាន​បច្ចេក​វិទ្យា​ដោយ​ក្រុមហ៊ុន​ដែល​ផ្តល់​ថវិកា​ដោយ​ចិន ឬ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ដែល​កាន់​កាប់ដោយ​ជន​ជាតិ​ចិន​ដែល​កំពុងធ្វើ​ឲ្យ​ជឿន​លឿន​តាម​រយៈ​ការ​ទទួល​បាន​បច្ចេក​វិទ្យា‍»៕

XS
SM
MD
LG