លោក Randy Poskin ដែលជាកសិករដាំសណ្តែកសៀងម្នាក់ក្នុងតំបន់ជនបទនៃរដ្ឋ Illinois បានបោះឆ្នោតឱ្យ Donald Trump កាលពីការបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០១៦។ ក៏ប៉ុន្តែនៅពេលសួរលោកអំពីលោកមានអារម្មណ៍បែបណាអំពីការសម្រេចចិត្តនោះ លោកអ្នកទទួលចម្លើយមិនកក់ក្តៅមួយ។ លោក Poskin និយាយថា «ខ្ញុំមិនប្រាកដប្រជាទេ»។
ដូចជាកសិករច្រើននាក់នៅក្នុងតំបន់ពាក់កណ្តាលខាងលិចស.រ.អា.ដែរ លោក Poskin ខ្វល់ខ្វាយអំពីការជាប់គាំងនៅកណ្តាលសង្គ្រាមពាណិជ្ជកម្មមួយនៅពេលដែលប្រធានាធិបតី Trump បង្កើនគំនាបសង្កត់ខាងសេដ្ឋកិច្ចលើប្រទេសចិន។
ការភ័យខ្លាចទាំងនេះបានកើនខ្លាំងឡើងៗនៅក្រោយលោក Trump បានប្រកាសអំពីផែនការកាលពីថ្ងៃព្រហស្បតិ៍ដើម្បីដាក់កំហិតពន្ធដារលើទំនិញដឹកចូលពីប្រទេសចិនមានទឹកប្រាក់៦០ពាន់លានដុល្លារ។
លោក Poskin និយាយថា «ខ្ញុំភ័យខ្លាចថាពួកចិននឹងធ្វើការសងសឹកអំពីការដកពន្ធដារទាំងនោះ។ ចិនអាចធ្វើការសងសឹកលើទំនិញដែលយើងដឹកជញ្ជូនទៅលក់ក្នុងប្រទេសពួកគេដូចជាសណ្តែកសៀង ស្រូវសាឡី សាច់មាន់ទានិងសាច់គោព្រមទាំងទំនិញឯទៀតៗផងដែរ»។
ការប្រកាសនេះបាននាំឱ្យមនុស្សច្រើននាក់នៅក្នុងមូលដ្ឋាននៃក្រុមអ្នកគាំទ្រលោក Trump ក្នុងវិស័យកសិកម្មស.រ.អា.ជ្រួលច្រាលក្នុងចិត្ត។ ភាពតានតឹងខាងពាណិជ្ជកម្មក៏បានបណ្តាលឱ្យមានផលប៉ះពាល់លើផ្សារសាកលដែរដែលរហូតដល់កាលពីពេលថ្មីៗនេះមានដំណើរការខ្លាំងក្លា៕