រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើរដ្ឋាភិបាលចិនឲ្យកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរចំនួន ១ ពាន់លានដុល្លារអាមេរិក។ សំណើនេះបានធ្វើឡើងចំពេលដែលមានការជជែកដេញដោលជាអន្តរជាតិយ៉ាងតឹងតែងពាក់ព័ន្ធនឹងការស្នើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trumpចំពោះការយកពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។
នៅក្នុងសាររបស់លោកដែលបង្ហោះនៅលើ Twitter កាលពីថ្ងៃពុធទី ៧ ខែមិនាកន្លងទៅនេះ លោក Donald Trump បានបញ្ជាក់ថា ទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយនឹងប្រទេសចិនគឺជាទំនាក់ទំនងដ៏ល្អមួយ ប៉ុន្តែលោកបានស្នើឲ្យរដ្ឋាភិបាលចិនបង្កើតគម្រោងមួយដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump កំពុងចាត់វិធានការប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មទាំងឡាយណាដែលមាន «ភាពមិនស្មើគ្នា»។
លោកស្រី Sarah Sanders បានថ្លែងយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកមានជាមួយនឹងប្រទេសមួយចំនួន។ លោកគិតថា សហរដ្ឋអាមេរិកត្រូវបានគេកេងចំណេញពីលើអស់រយៈពេលជាយូរមកហើយ ហើយលោកនឹងមិនអនុញ្ញាតឲ្យករណីនេះកើតឡើងបន្តទៅទៀតនោះទេនៅក្រោមការដឹកនាំរបស់លោក»។
លោកប្រធានាធិបតី Trump គ្រោងនឹងយកពន្ធគយចំនួន ២៥ ភាគរយលើការនាំចូលដែកថែប និង ១០ ភាគរយលើការនាំចូលអាលុយមីញ៉ូមនៅក្នុងសប្ដាហ៍នេះ។
វិធានការដូចនេះរបស់លោក Trump បានធ្វើឲ្យមានការបែកបាក់ដ៏ខ្លាំងបំផុតជាលើកដំបូងរវាងលោក និងសមាជិកមួយចំនួនក្នុងគណបក្សរបស់លោក ដោយសមាជិកទាំងនោះបាននិយាយថា ពន្ធគយទាំងនេះនឹងបង្កជាបញ្ហាជាជាងផ្ដល់ផលប្រយោជន៍។
ប្រធានរដ្ឋសភាអាមេរិកលោក Paul Ryan បានថ្លែងថា៖ «ជាការពិតណាស់ យើងឃើញថា មានការផលិតលើសតម្រូវការ ការនាំចេញក្នុងតម្លៃថោកជាងទីផ្សារ និងការដឹកជញ្ជូនឆ្លងប្រទេសនូវដែកថែប និងអាលុយមីញ៉ូម ដែលធ្វើឡើងដោយប្រទេសមួយចំនួន ជាពិសេសប្រទេសចិន។ ប៉ុន្តែ ខ្ញុំគិតថា វិធីដ៏ល្អបំផុតគឺធ្វើវាឲ្យត្រឹមត្រូវឥតខ្ចោះ ឬក៏ផ្ដោតលើបញ្ហាហ្នឹងឲ្យបានខ្លាំងជាងមុន»។
នាពេលថ្មីៗនេះ ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជូនទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម។
ទោះបីជាសេតវិមានបានបញ្ជាក់ថា ខ្លួននឹងបន្តនូវការពិភាក្សានេះក៏ដោយ ក៏ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក «ធ្វើការអត់ធ្មត់នៅក្នុងការប្រើប្រាស់វិធានការការពារពាណិជ្ជកម្ម»។
លោក Li Baodong អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា៖ «យើងមិនចង់មានសង្គ្រាមពាណិជ្ជកម្មនោះទេ។ យើងសង្ឃឹមថានឹងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងតែពិភាក្សាគ្នាអំពីបញ្ហានេះ។ ជាការពិតណាស់ ប្រទេសចិនត្រៀមខ្លួនរួចរាល់ហើយសម្រាប់រឿងរ៉ាវផ្សេងៗដែលអាចកើតមានឡើង»។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន មេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភាលោក Chuck Schumer ដែលជាអ្នករិះគន់មិនសំចៃមាត់មួយរូបចំពោះលោក Trump បាននិយាយថា លោកនឹងគាំទ្រលោក Trump ប្រសិនបើវិធានការនេះសំដៅលើប្រទេសចិន។
លោក Chuck Schumer បានថ្លែងយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី Trump! សូមផ្ដោតលើប្រទេសចិន! តាមប្រមាញ់ប្រទេសចិន និងធ្វើឡើងក្នុងវិធីដ៏វ័យឆ្លាត និងផ្ចិតផ្ចង់មួយ។ កុំបង្កើតគោលនយោបាយណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់យើងជាងប៉ះពាល់ដល់ប្រទេសចិន»។
ប្រទេសចិន ដែលជាប្រទេសនាំចេញដែកថែបច្រើនជាងគេបំផុតនៅលើពិភពលោក បាននាំចេញដែកថែបតែប្រហែល ២ ភាគរយប៉ុណ្ណោះក្នុងចំណោមដែកទាំងអស់ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៧៕
ប្រែសម្រួលដោយ ភី សុភាដា