ស.រ.អានិង សហភាពអឺរ៉ុបបានដាក់គម្រោងដើម្បីជួបចរចាគ្នានៅជុំថ្មីៗទៀតដើម្បីដោះស្រាយជម្លោះផ្នែកពាណិជ្ជកម្ម រួមទាំងបញ្ហាដែលពាក់ព័ន្ធនឹងបញ្ហាពន្ធដែលស.រ.អា បានស្នើឡើង លើការនាំចូលដែក និងអាលុយមីញ៉ូមផងដែរ។
សេចក្តីថ្លែងការណ៍រួមមួយរបស់ស.រ.អា និងសហភាពអឺរ៉ុបកាលពីថ្ងៃពុធបានបញ្ជាក់តាមខ្លឹមសារដើមថា៖ «យើងបានព្រមព្រៀងគ្នាថា នឹងបើកដំណើរពិភាក្សាជាបន្ទាន់ជាមួយនឹងលោក ប្រធានាធិបតី ត្រាំ និង រដ្ឋបាលលោក ត្រាំ លើបញ្ហាពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរួម ដែលរាប់បញ្ចូលទាំងបញ្ហាពន្ធលើការនាំចូលដែកនិង អាលុយមីញ៉ូម ដោយឈរលើទស្សនៈដើម្បីបញ្ជាក់ពីលទ្ធផលដែលអាចទទួលយកបានទាំងសងខាង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ការប្រកាសដូចនេះកើតឡើងបន្ទាប់ពីការពិភាក្សាក្នុងរដ្ឋធានីវ៉ាស៊ីនតោន រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស.រ.អា Wilbur Ross និង នាយកពាណិជ្ជកម្មអឺរ៉ុប Cecilia Malmstroem។
ការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីបញ្ហាពន្ធលើការនាំចូលអាលុយមីញ៉ូម និង ដែក នឹងត្រូវចូលជាធរមាននៅចុងសប្តាហ៍នេះ។
ក្រុងវ៉ាស៊ីនតោន បានលើកលែងពន្ធបណ្តោះអាសន្នដល់ប្រទេសកាណាដា និងម៉ិកស៊ិកក្នុងអំឡុងពេលចរចាអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ហើយស.រ.អា កំពុងពិចារណាលើការលើកលែងពន្ធដល់ប្រទេសអាហ្សង់ទីន អូស្ត្រាលី ហើយនិងប្រេស៊ីល៕