តំណាងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានជំរុញឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថ្មីកម្ពុជាបើកលំហសេរីភាព គោរពសិទ្ធិមនុស្ស និងធ្វើឱ្យមានវឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy និងមន្ត្រីបំពេញទស្សនកិច្ចមកពីគណៈកម្មាធិការបែងចែកថវិកាជាតិនៃព្រឹទ្ធសភាអាមេរិក បានជួបលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទ នៅវិមានសន្តិភាព ដើម្បីពិភាក្សាអំពីទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា និងសន្តិសុខក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត Murphy និងគណៈប្រតិភូបានស្វាគមន៍នូវកិច្ចសហប្រតិបត្តិការចីរភាពលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក ប៉ុន្តែក៏បាន«ជំរុញឱ្យលោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលថ្មីនេះ បើកឡើងវិញនូវលំហសិទ្ធិពលរដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើឱ្យមានវឌ្ឍនភាពលើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយធានាថា ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមបាន ដោយសេរីក្នុងដំណើរការនយោបាយ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក។
សហរដ្ឋអាមេរិកក៏បានជំរុញឱ្យដោះលែងបុគ្គល និងសកម្មជននយោបាយ រួមមានលោក កឹម សុខា និងកញ្ញា សេង ធារី មេធាវី និងសកម្មជនតស៊ូមតិសញ្ជាតិខ្មែរអាមេរិក។
ស្ថានទូតបញ្ជាក់ថា៖ «លោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលកំពុងបំពេញទស្សនកិច្ចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេសម្រាប់ប្រទេសដែលមានវិបុលភាព ប្រជាធិបតេយ្យនិងឯករាជ្យ ដែលគ្រប់សំឡេងត្រូវបានស្តាប់ និងគោរព»។
នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទទួលស្គាល់រដ្ឋាភិបាលរបស់លោក ទើបពួកគេមកជួបលោកផ្ទាល់។ លោក ហ៊ុន ម៉ាណែត ដែលឡើងកាន់អំណាចចាប់តាំងពីថ្ងៃទី២២ ខែសីហា ថ្លែងបែបនេះ នៅក្នុងពេលជួបកម្មករនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ាណែត បន្ថែមថា តំណាងទូតបរទេសដែលជួបរូបលោកបានបង្ហាញសុឆន្ទៈក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
លោកថ្លែងថា៖ «ឥឡូវបើសិនជារដ្ឋាភិបាលនេះខុសច្បាប់ មានពីណាមកធ្វើការជាមួយ? ខ្ញុំសូមបញ្ជាក់អ៊ីចឹង។ ខ្ញុំសូមយកឱកាសនេះបកស្រាយជូន ព្រោះឃើញខ្ញុំមិនមាត់ ជេររហូត»។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់អំពីការជំរុញរបស់អាមេរិកឱ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យ បើកលំហសេរីភាព និងដោះលែងលោក កឹម សុខា និងកញ្ញា សេង ធារី ឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ដែលបានជួបលោក Alex Carnes ប្រតិភូព្រឹទ្ធសភាអាមេរិកថា កម្ពុជាបើកចំហរាល់កិច្ចសហប្រតិបត្តិការនិងស្វាគមន៍គំនិតផ្តួចផ្តើមនានានិងថាកម្ពុជាចង់មានទំនាក់ទំនងល្អជាមួយអាមេរិក ដោយការគោរពនិងផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកឱ្យលើសពីផលប្រយោជន៍នយោបាយ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ភាគីទាំងពីរក៏បានពិភាក្សាគ្នាបន្ថែមទៅលើកិច្ចការងារមួយចំនួន ពាក់ព័ន្ធទៅនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បញ្ហាសិទ្ធិមនុស្ស សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ក្នុងការដឹកនាំប្រទេសអាណត្តិមុនៗដែលដឹកនាំដោយលោក ហ៊ុន សែន គឺកម្ពុជាទទួលរងការរិះគន់ច្រើនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះលោកយល់ថា រដ្ឋាភិបាលអាណត្តិទី៧ ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវតែដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរ ដើម្បីធ្វើឱ្យកម្ពុជាអាចទាញផលប្រយោជន៍នានា។
លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិលសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងមានឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាសទាក់ទងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើងមានការកែលម្អ និងភាពល្អប្រសើរទាក់ទងលំហសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ។ ហើយកម្ពុជានឹងទទួលបានផលចំណេញច្រើន»។
លោកបន្ថែមថា ការដោះស្រាយបញ្ហាសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស គឺទាមទារឆន្ទៈរបស់អ្នកនយោបាយ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ទើបអាចដោះស្រាយបញ្ហាទាំងនោះបានល្អប្រសើរ៕